ការស្រឡាញ់ខ្លួនឯងជារឿងមួយដែលចាំបាច់សម្រាប់មនុស្សស្រីគ្រប់រូប មិនថាអ្នកស្ថិតក្នុងស្ថានភាពបែបណានោះទេ ការស្រឡាញ់ខ្លួនឯងគឺជាជម្រើសល្អបំផុតសម្រាប់អ្នក។ ខាងក្រោមនេះគឺជាវិធីសាស្ត្រទាំង ៧ ជួយអ្នកឲ្យបណ្តុះការស្រឡាញ់ខ្លួនឯងកាន់តែខ្លាំង ៖
១. មើលឃើញពីចំណុចល្អរបស់ខ្លួនឯង
ពេលខ្លះអ្នកអាចធ្វើអ្វីមួយមិនបានល្អ អ្នកអាចគិតថាខ្លួនឯងឥតប្រយោជន៍និងគ្មានបានការ ប៉ុន្តែអ្នកបានមើលរំលងពីចំណុចខ្លាំងដែលខ្លួនមាន។ ការរំលឹកខ្លួនឯងឲ្យមើលឃើញពីភាពល្អរបស់អ្នក គឺជាវិធីដ៏មានប្រយោជន៍មួយដើម្បីដកខ្លួនចេញពីការរិះគន់ខ្លួនឯង ហើយចាប់ផ្តើមចេះស្រឡាញ់ខ្លួនឯងឡើងវិញ។
២. ស្រឡាញ់អ្វីដែលជារបស់ខ្លួនឯង
ទោះបីជាអ្នកដទៃគិតមកលើអ្នកបែបណាក៏ដោយ ឲ្យតែអ្នករៀនចេះផ្តល់តម្លៃឲ្យខ្លួនឯង នោះជីវិតរបស់អ្នកមានតម្លៃដូចគ្នា ។ ពេលខ្លះ អ្នកគិតថាខ្លួនឯងមិនល្អគ្រប់គ្រាន់ និង គ្មានអ្វីធ្វើឲ្យគេចាប់អារម្មណ៍ ប៉ុន្តែអ្នកត្រូវចាំថា គ្មានអ្នកណាដែលល្អឥតខ្ចោះនោះទេ ដូច្នេះកុំបន្ទោសខ្លួនឯងច្រើនពេក សាករៀនស្រឡាញ់អ្វីដែលជារបស់ខ្លួនឯងម្តង នោះជីវិតអ្នកនឹងមានក្តីសុខជាងមុន។
៣. រៀនបំពេញចិត្ត និង តម្រូវការរបស់ខ្លួន
កុំចំណាយពេលជាច្រើនក្នុងការធ្វើអ្វីគ្រប់យ៉ាងដើម្បីផ្គាប់ចិត្តអ្នកដទៃច្រើនពេក ប៉ុន្តែអ្នកត្រូវយកពេលមើលថែខ្លួនឯងឲ្យល្អ ធ្វើអ្វីដែលអ្នកស្រឡាញ់ និង ធ្វើជាខ្លួនឯង ដើម្បីអ្វីដែលអ្នកចង់បាន ធ្វើបែបនេះអ្នកនឹងចេះស្រឡាញ់ខ្លួនឯងហើយធ្វើឲ្យខ្លួនឯងជាជម្រើសទីមួយក្នុងចិត្តអ្នក។
៤. ឈប់ប្រៀបធៀបខ្លួនឯង
ជីវិតពេលខ្លះអ្នកមិនចាំបាច់ប្រៀបធៀបច្រើនពេកទេ ព្រោះធ្វើឲ្យអ្នកគ្មានសុភមង្គលឡើយ ដូចនេះ ត្រូវស្រឡាញ់អ្វីដែលជារបស់ខ្លួន និង ចេះគ្រប់គ្រាន់ជាមួយអ្វីដែលអ្នកទទួលបានហើយព្យាយាមស្រលាញ់ខ្លួនឯងឲ្យច្រើនៗទើបជីវិតអ្នកមានន័យ។ ជាការពិតណាស់នៅពេលដែលអ្នកឧស្សាហ៍ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃច្រើនពេក ធ្វើឲ្យការស្រឡាញ់ខ្លួនឯងរបស់អ្នកថយចុះ ហើយបែរជាប្រាថ្នាចង់បានអ្វីដែលជារបស់គេទៅវិញ ទាំងនេះហើយជាកត្តាដែលធ្វើឲ្យអ្នកមិនសប្បាយចិត្តរាល់ពេល។
៥. បង្កើតទម្លាប់ស្រឡាញ់ខ្លួនឯង
នេះជាអ្វីដែលមនុស្សជាច្រើនធ្វេសប្រហែស ព្រោះពួកគេគិតថាវាចំណាយពេលច្រើនពេក ប៉ុន្តែការបង្កើតទម្លាប់ស្រលាញ់ខ្លួនឯង មិនចាំបាច់ចំណាយពេលយូរនោះដែរ ព្រោះមានវិធីដើម្បីស្រលាញ់ខ្លួនអ្នក ដូចជា ការញ៉ាំអាហារដែលមានផលល្អសម្រាប់សុខភាព ការចូលគេងឲ្យបានទៀងទាត់ សុទ្ធសឹងតែជាវិធីសាមញ្ញដែលធ្វើឲ្យអ្នកស្រឡាញ់ខ្លួនឯង និង មើលថែខ្លួនឯងកាន់តែខ្លាំង។
៦. ចំណាយពេលជាមួយខ្លួនឯង
នេះជាវិធីដ៏ល្អបំផុតមួយដើម្បីបណ្ដុះឱ្យមានការស្រឡាញ់ខ្លួនឯងកាន់តែខ្លាំងជាងមុន។ លើសពីនេះ ការចំណាយពេលនៅម្នាក់ឯងជាទៀងទាត់ផ្តល់ឱ្យអ្នកអារម្មណ៍ស្ងប់ស្ងាត់ ស្គាល់ខ្លួនឯងកាន់តែច្បាស់ និងបង្កើនសុខុមាលភាពផ្លូវចិត្តថែមទៀតផង។
៧. ជឿជាក់លើខ្លួនឯង
បើខ្វះទំនុកចិត្តលើខ្លួនឯងទេ ពិបាកស្រលាញ់ខ្លួនឯងណាស់ ដូច្នេះ ចាប់ផ្តើមជឿជាក់លើខ្លួនឯង ជឿថាអ្វីៗអាចទៅរួចសម្រាប់ជីវិតរបស់អ្នក ដោយជឿលើខ្លួនឯងជាជាងអ្នកដទៃប្រាប់អ្នក នោះការស្រលាញ់ខ្លួនឯងរបស់ង្នកនឹងកើនឡើងយ៉ាងខ្លាំង។
រៀនស្រឡាញ់ខ្លួនឯងពីមួយថ្ងៃទៅមួយថ្ងៃឲ្យកាន់តែច្រើន ដោយសាកល្បងនូវវិធីដែលសាមញ្ញទាំងនេះ នោះនឹងជួយឲ្យអ្នកពេញចិត្តនូវអ្វីដែលចូលមកក្នុងជីវិតអ្នក និង អាចឲ្យខ្លួនឯងកាន់តែរឹងមាំដោយខ្លួនឯងមិនចាំពឹងផ្អែកលើនរណាម្នាក់។
បញ្ចេញមតិយោបល់