ភាពផ្អែមល្ហែម និង ក្តីស្រឡាញ់គឺ កើតចេញពីទង្វើតូចៗរបស់មនុស្សប្រុសក្នុងការយកចិត្តទុកដាក់ចំពោះមនុស្សស្រីដែលគេស្រឡាញ់។ លើសពីនេះ បើសិនជាដៃគូរបស់អ្នកតែងតែធ្វើរឿងទាំងនេះជាមួយអ្នកមានន័យថា គាត់ជាមនុស្សប្រុសដែលមានផ្អែមល្អែមម្នាក់ក្នុងទំនាក់ទំនងស្នេហា ៖
១. តែងតែចងចាំថ្ងៃពិសេសរបស់អ្នក
មនុស្សប្រុសពេលខ្លះអាចនឹងរវល់ច្រើន ហើយតែងតែភ្លេចថ្ងៃពិសេសរបស់មនុស្សស្រី ប៉ុន្តែប្រសិនបើដៃគូរបស់អ្នកតែងតែចងចាំថ្ងៃពិសេសរបស់អ្នកគ្រប់ពេលនោះ បង្ហាញថាគាត់យកចិត្តទុកដាក់ជាមួយអ្នកខ្លាំងណាស់។ លើសពីនេះ ក្នុងថ្ងៃសំខាន់របស់អ្នកគាត់តែងតែនៅក្បែរអ្នក មានពេលវេលាជាមួយអ្នកហើយរៀបចំកាដូសម្រាប់អ្នកថែមទៀតនោះមានន័យថាអ្នកបានជួបមនុស្សប្រុសដែលមានភាពផ្អែមល្អែមម្នាក់ហើយ។

២. ឆ្លៀតពេលសម្រាប់អ្នក
នៅពេលដែលមិត្តប្រុសរបស់អ្នកទំនេរពីការងារហើយឆ្លៀតទៅជួបអ្នក ឬ អង្គុយមើលអ្នកនៅកន្លែងធ្វើការនោះមានន័យថាគាត់ជាមនុស្សដែលគិតពីអ្នកគ្រប់ពេល ព្រមទាំងបង្ហាញពីក្តីស្រឡាញ់ដល់អ្នកមិនថាទោះជាគាត់រវល់បែបណាក៏ដោយ។ ម្យ៉ាងទៀត ការធ្វើបែបនេះមិនមែនជារឿងផ្អែមល្អែមអីទេ ប៉ុន្តែទង្វើនេះអាចធ្វើឲ្យអ្នកញញឹមបាន ទោះបីជាការងាររបស់អ្នកហត់ខ្លាំងប៉ុណ្ណា នេះហើយជាភាពផ្អែមល្អែមដែលគាត់មាននៅពេលស្រឡាញ់អ្នក។

៣. មិនដែលប្រើពាក្យសម្តីខ្លាំងដាក់អ្នក
មនុស្សប្រុសដែលចិត្តត្រជាក់ មនុស្សដែលមិនស្រែកឡូឡា មិនបោកប្រាស់របស់របរ នៅពេលគាត់ខឹងអ្នក ជាមនុស្សដែលនិយាយត្រង់ៗពីអារម្មណ៍របស់គាត់និយាយជាមួយអ្នកតាមសម្រួល ប្រាប់នូវអ្វីដែលអ្នកបានធ្វើខុស និង មិនស្តីបន្ទោសឲ្យអ្នក ទោះជាគាត់មានអារម្មណ៍មិនល្អ នេះហើយជាភាពផ្អែមល្អែមដែលគាត់ផ្តល់ឲ្យអ្នក។

៤. ចេះ Take care និងបារម្ភពីអ្នក
មនុស្សប្រុសចេះយកចិត្តទុកដាក់ចំពោះអ្នក ចេះមើលថែអ្នកនៅពេលដែលអ្នកឈឺ ដឹងពីសុខទុក្ខរបស់អ្នក ដឹងពីអ្វីដែលអ្នកត្រូវការ នោះជាមនុស្សប្រុសដែលមានភាពផ្អែមល្ហែមខ្លាំងចំពោះអ្នក ទោះជាមិនប្រើពាក្យសម្តីក៏ដោយ។ លើសពីនេះ ទោះបីជារឿងដែលអ្នកគិតថាតូចតាចសម្រាប់អ្នក ប៉ុន្តែគាត់បែរជាយកចិត្តទុកដាក់ ដោយមិនរំលងចំណុចណាមួយឡើយ នេះហើយជាទង្វើរបស់គូស្នេហ៍ដែលផ្អែមល្អែមតែងតែធ្វើសម្រាប់មនុស្សស្រី។

ចង់បានមនោសញ្ចេតនាផ្អែមល្អែមនៅក្នុងទំនាក់ទំនង មនុស្សប្រុសត្រូវផ្តល់នូវក្តីស្រឡាញ់ ការយកចិត្តទុកដាក់ និង ចាប់ផ្តើមធ្វើនូវទង្វើតូចៗទៅកាន់មនុស្សស្រី ទោះបីជាពេលខ្លះមិនសូវប្រើពាក្យផ្អែមល្ហែម ប៉ុន្តែសកម្មភាព គឺបានបញ្ជាក់រួចជាស្រេចថាអ្នកបានជួបគូស្នេហ៍ដែលមានភាពផ្អែមល្អែម។
បញ្ចេញមតិយោបល់