ទំនាក់ទំនងមួយអាចទៅមុខបាន គឺអាស្រ័យលើមនុស្សពីរនាក់ជាអ្នកកំណត់។ ម្យ៉ាងទៀត ប្រសិនបើស្នេហារបស់អ្នកមានសម្ពាធលើគ្នាទៅវិញទៅមកនោះ លែងយល់ពីគ្នា ជារឿងដែលអ្នកអាចគិតដល់ថាស្នេហារបស់អ្នកដល់ពេលដែលត្រូវបញ្ចប់ហើយ។ ខាងក្រោមនេះជា សញ្ញាទាំង ៥ បង្ហាញថា ស្នេហាអ្នកបន្តទៅមុខទៀតលែងបានហើយ ៖
១. អ្នកចាប់ផ្តើមលែងមានពេលសម្រាប់គ្នា
នៅពេលទំនាក់ទំនងមួយឈានជិតដល់ផ្លូវបំបែក អ្នកប្រាកដជាលែងមានពេលទំនេរសម្រាប់គ្នាដូចពេលដែលអ្នកចាប់ផ្តើមស្រឡាញ់គ្នាទៀតហើយ អ្នកចាប់ផ្តើមរក្សាគម្លាតចំពោះគ្នាទៅវិញទៅមកដោយមិនបានចាប់អារម្មណ៍ ហើយពីមួយថ្ងៃទៅមួយថ្ងៃកាន់តែនិយាយគ្នាតិចទៅៗ និងគ្មានភាពផ្អែមល្អែមដូចមុន។

២. សោះអង្កើយដាក់គ្នា
មនុស្សពីរនាក់នៅពេលដែលមានអារម្មណ៍ថាស្រឡាញ់គ្នា ពួកគេមិនខ្វះរឿងដែលជជែកគ្នាឡើយ ប៉ុន្តែបើរស្នេហាអ្នកមិនមានអ្វីនិយាយគ្នាដូចមុន ម្នាក់ទៅនេះម្នាក់ទៅនោះ ទោះបីជាជួបគ្នាហើយក៏នៅសោះកក្រោះដាក់គ្នាមានន័យថាអ្នកចាប់ផ្តើមអស់អារម្មណ៍ស្រឡាញ់គ្នាដូចមុនហើយ។

៣. លែងជឿជាក់លើគ្នា
ការជឿជាក់ គឺជាចំណុចមួយដែលធ្វើឲ្យទំនាក់ទំនងរបស់អ្នកអាចបន្តទៅមុខ ប៉ុន្តែបើស្នេហាអ្នកឈានដល់ដំណាក់កាលលែងទុកចិត្តគ្នាហើយ កុំបន្តទៅមុខទៀតអីនាំតែហត់ចិត្តរៀងខ្លួននោះទេ។ លើសពីនេះ បើបើស្នេហារបស់អ្នក ធ្វើឲ្យដៃគូមានតែភាពភ័យខ្លាចដដែល នោះបញ្ចប់ទៅក៏ធ្វើឲ្យអ្នកបានធូរស្បើយជាជាងនៅក្នុងអារម្មណ៍ដែលភ័យខ្លាចរាល់ថ្ងៃ។

៤. វត្តមានអ្នកទី ៣
ការអនុញ្ញាតឲ្យអ្នកដទៃចូលក្នុងទំនាក់ទំនងរបស់អ្នក ជារឿងមិនល្អសម្រាប់ស្នេហារបស់អ្នកឡើយ។ នៅពេលដែលអ្នកធ្វើបែបនេះជាញឹកញាប់ ប្រៀបដូចជាយកស្នេហារបស់អ្នកទៅឲ្យអ្នកដទៃ ព្រោះបើមនុស្សពីរនាក់ស្រឡាញ់គ្នាពិត ទោះបីជាឈ្លោះគ្នាខ្លាំបែបណាក៏មិនយកអ្នកដទៃមកបញ្ឈឺដៃគូរបស់ខ្លួនដែរ។

៥. ចាប់ផ្តើមចាប់កំហុសអ្នក
បើស្នេហារបស់អ្នកមានតែការចាប់កំហុសគ្នាទៅវិញទៅមកដោយលែងចេះសុំទោស ចង់ឈ្នះរៀងខ្លួន គួរតែបញ្ចប់ទៅ ព្រោះមនុស្សពីរនាក់អាចនៅជាមួយគ្នាបាន លុះត្រាតែមានការយោគយល់គ្នា មិនមែនម្ខាងធ្វើខុស ម្ខាងទៀតចាំចាប់កំហុសនោះឡើយ ប្រសិនបើស្នេហាអ្នកឈានដល់សញ្ញាបែបនេះ គួរតែបញ្ចប់ទៅ។

ក្តីស្រឡាញ់ខ្លះអាចនឹងល្អប្រសើរនៅពេលដែលអ្នកទើបតែនៅជាមួយគ្នា ប៉ុន្តែពេលវេលាកាន់តែដើរទៅមុខ ទំនាក់ទំនងរបស់អ្នកកាន់តែប្រែប្រួលមិនដូចមុន ដោយសារតែអ្នកមិនព្យាយាមបើកចិត្តយល់ពីគ្នា មិនព្រមនិយាយគ្នាតាមត្រង់ ម្នាក់លាក់នេះ ម្នាក់លាក់នោះ ទើបយូរៗទៅធ្វើឲ្យស្នេហាអ្នកបន្តទៅមុខលែងបាន។
បញ្ចេញមតិយោបល់