ចង់បានជីវិតរីករាយ និង សប្បាយចិត្ត អ្នកត្រូវផ្លាស់ប្តូរចេញនូវទម្លាប់មួយចំនួនដែលនាំឲ្យអ្នកជាប់គាំង ព្រោះប្រសិនបើអ្នកនៅបន្តអនុវត្តទម្លាប់ដដែលៗទៀតនោះជីវិតអ្នកមិនរីកចម្រើនទៅមុខនោះទេ។ ខាងក្រោមនេះ ជាទម្លាប់មិនល្អដែលអ្នកគួរបញ្ឈប់ភ្លាមៗ ៖
១. ទម្លាប់មិនជឿលើខ្លួនឯង
ទំនុកចិត្ត គឺជារឿងសំខាន់ណាស់សម្រាប់ភាពជោគជ័យរបស់អ្នក បើអ្នកដើរលើផ្លូវមួយ ឬធ្វើអ្វីដោយ គ្មានទំនុកចិត្តលើខ្លួនឯង និង ប្រាប់ខ្លួនឯងថាអ្នកមិនអាចធ្វើបាន នោះធ្វើឲ្យជីវិតអ្នកមិនអាចផ្លាស់ប្តូរទៅណាបានទេ ថែមទាំងអាចជាប់គាំងមួយកន្លែងថែមទៀតផង។ ដូចនេះ សាកល្បងបញ្ឈប់ផ្នត់គំនិតនេះចំពោះអ្នក នោះអាចជាការផ្លាស់ប្តូរដ៏អស្ចារ្យសម្រាប់អ្នក។
២. ព្យាយាមផ្លាស់ប្តូរអ្វីដែលហួសពីការគ្រប់គ្រង
អ្នកធ្លាប់មានអារម្មណ៍ថាហត់នឿយឬអត់ នៅពេលខ្លួនឯងកំពុងធ្វើអ្វីមួយហើយព្យាយាមឲ្យវាមានភាពល្អឥតខ្ចោះ ប៉ុន្តែមិនអាច? រឿងនេះដោយសារតែអ្នកចង់កែប្រែអ្វីដែលហួសពីការគ្រប់គ្រងរបស់អ្នក អ្នកមិនព្រមទទួលស្គាល់ចំណុចដែលខ្លួនឯងខ្វះខាត ហើយមិនព្រមបំពេញវាដោយជំហានមួយៗ នោះមិនអាចឲ្យជីវិតអ្នករីកចម្រើនបានទេ។
៣. មិនបោះបង់អតីតកាល
អតីតកាលជារឿងដែលហួសហើយ ប៉ុន្តែប្រសិនបើអ្នកមិនព្រមបោះបង់ចោលទម្លាប់ដែលធ្វើឲ្យខ្លួនរស់នៅក្នុងអតីតកាលនោះទេ ជីវិតអ្នកប្រកដជាជាប់គាំងជាមិនខាន។ លើសពីនេះ កុំទម្លាប់យករឿងពីអតីតកាលមករំខានដល់បច្ចុប្បន្នរបស់អ្នក ព្រោះអាចធ្វើឲ្យអ្នកមិនសប្បាយចិត្ត និង ខកចិត្តគ្រប់ពេលឮពីអតីតកាលរបស់អ្នក។
៤. ទម្លាប់គេងមិនលក់
ការគេងមិនលក់គឺជាទម្លាប់ដែលអាក្រក់បំផុតសម្រាប់ជីវិតអ្នក និង សុខភាពរបស់អ្នកដូចគ្នា ព្រោះវាមានឥទ្ធិពលអវិជ្ជមាន ដែលនាំឲ្យអ្នកបាក់កម្លាំង រាងកាយរបស់អ្នកកាន់តែទ្រុឌទ្រោម និង ខួរក្បាលរបស់ចាប់ផ្តើមស្ពឹកគិតអ្វីមិនសូវចេញ។ ម្យ៉ាងទៀត ការទម្លាប់គេងមិនទៀងទាត់ក៏ជាបញ្ហាផ្លូវចិត្តដែលអ្នកគួរតែរកដំណោះស្រាយសម្រាប់ ជីវិតអ្នក ដោយមិនត្រូវបណ្តោយខ្លាំងពេកនោះទេ ព្រោះអាចប៉ះពាល់ខ្លាំងដល់សុខភាពរបស់អ្នកក្នុងថ្ងៃខាងមុខ។
៥. ទម្លាប់មនុស្ស toxic ធ្វើមិត្ត
ការយកមនុស្ស Toxic ធ្វើជាមិត្តគឺជារឿងមួយដែលអ្នកគួរតែបញ្ឈប់ភ្លាម ព្រោះមនុស្សទាំងនោះមានតែធ្វើឲ្យជីវិតអ្នកកាន់តែធ្លាក់ចុះ មានតែភាពច្រណែន និង គ្មានភាពល្អប្រសើរតែប៉ុណ្ណោះ។ លើសពីនេះចង់ឲ្យជីវិតអ្នកសប្បាយចិត្ត និង មិន សូវស្មុគស្មាញ គួរតែកាត់មនុស្សប្រភេទនេះចេញពីជីវិតអ្នកទៅដើម្បីកុំឲ្យអ្នកកាន់តែហត់នឿយជាងនេះ។
ជីវិតអ្នកអាចនឹងប្រសើរឡើងប្រសិនបើអ្នកបោះបង់ចោលទម្លាប់ខ្លះ និងមនុស្សខ្លះចេញពីជីវិតអ្នក។ លើសពីនេះព្យាយាមពេញចិត្តនូវអ្វីដែលអ្នកមាន កុំប្រៀបធៀបជីវិតអ្នកជាមួយអ្នកដទៃ ទើបជាក្តីសុខនៃផ្លូវចិត្តរបស់អ្នក។
បញ្ចេញមតិយោបល់