មនុស្សជាច្រើនចង់ឲ្យខ្លួនឯងរស់នៅដោយភាពរីករាយ និង សប្បាយចិត្ត ប៉ុន្តែ ពីមួយថ្ងៃទៅមួយថ្ងៃបែរជាធ្វើរឿងមួយចំនួនដែលធ្វើឲ្យខ្លួនឯងមិនសប្បាយចិត្តទៅវិញ។ ចង់ឲ្យខ្លួនឯងសប្បាយចិត្តត្រូវចាំថា ឈប់និយាយឃ្លាទាំងនេះទៅកាន់ខ្លួនឯងទៀត ៖
១. អ្នកមិនអាចធ្វើវាបានទេ
នេះជាពាក្យមួយដែលអ្នកអាចនិយាយប្រាប់ខ្លួនឯងជាញឹកញាប់ ដូចនេះល្មមដល់ពេលឈប់ប្រាប់ខ្លួនឯងនូវឃ្លាទាំងនេះហើយ ព្រោះនៅពេលដែលអ្នកនិយាយបែបនេះប្រៀបដូចជាបំបាក់ទឹកចិត្តខ្លួនឯងដោយមិនដឹងខ្លួន។
២. អ្នកមិនសមនឹងទទួលបានវា
ឈប់និយាយប្រាប់ខ្លួនឯងថា អ្នកមិនសមទទួលបានរឿងល្អៗ និង របស់ល្អទៀតទៅព្រោះ ការនិយាយបែបនេះ គ្មានអ្វីធ្វើឲ្យអ្នកសប្បាយចិត្តនោះទេ មានតែធ្វើឲ្យអ្នកបន្ទោសខ្លួនឯងថែមទៀត ដូច្នេះត្រូវប្រាប់ខ្លួនឯងថា គ្រប់យ៉ាងដែលអ្នកទទួលបានគឺ សក្តិសមហើយ។
៣. អ្នកមិនល្អគ្រប់គ្រាន់
ត្រង់ចំណុចនេះ ត្រូវចាំថាគ្មាននរណាម្នាក់កើតមកល្អឥតខ្ចោះនោះទេ ដូច្នេះ ត្រូវដឹងពីចំណុចដែលខ្លួនឯងខ្វះខាត ហើយចាប់ផ្តើមបំពេញវាម្តងបន្តិចៗ ជាជាងមកអង្គុយគិតថា អ្នកមិនល្អគ្រប់គ្រាន់សម្រាប់នរណាម្នាក់។
៤. អ្នកជាមនុស្សគ្មានបានការ
ឈប់បន្ទោសខ្លួនឯង ដោយសារតែអ្នកទទួលការបរាជ័យម្តង ឬពីរដង ត្រូវចាំថាជីវិតដែលរឹងមាំ និង ជោគជ័យ គឺឆ្លងកាត់ការបរាជ័យរាប់មិនអស់ ដូចនេះ កុំគិតថាខ្លួនឯងគ្មានបានការ ដរាបណាអ្នកមិនទាន់ព្យាយាមអស់ពីសមត្ថភាពដែលខ្លួនមាន។
ពាក្យខ្លះស្តាប់មើលទៅធម្មតាទេ ប៉ុន្តែធ្វើឲ្យអ្នកបាក់ទឹកចិត្ត និង បន្ទោសខ្លួនឯង ពីមួយថ្ងៃទៅមួយថ្ងៃបាន ដូច្នេះបញ្ឈប់ទម្លាប់និយាយប្រាប់ខ្លួនឯងបែបនេះទៀតទៅ បើចង់ឲ្យខ្លួនឯងសប្បាយចិត្ត និង រីករាយជាងមុន។ លើសពីនេះ កុំព្យាយាមបំបាក់ទឹកចិត្តខ្លួនឯង ត្រូវលើកទឹកចិត្តខ្លួនឯងឲ្យច្រើនទោះបីជាគ្មានអ្នកណានៅក្បែរអ្នកក៏ដោយ។