ជីវិតអ្នក មិនងាយធុញ និងមានន័យជាងមុន បើអ្នកមានទម្លាប់ ទាំង៦នេះជាប់ខ្លួន

Vachana-Website-Life-Carrier-Ad-Recovered
ការបង្កើតទម្លាប់ថ្មីៗ និង ស្វែងរកចំណូលចិត្តប្លែកៗ គឺជាវិធីដ៏ល្អមួយ ដើម្បីជួយជម្រុញឲ្យខ្លួនឯងរីកចម្រើនទៅមុខ និង ជីវិតរបស់អ្នកកាន់តែផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ ដោយគួរឲ្យចាប់អារម្មណ៍។ ទោះជាយ៉ាងណាក្តី ដើម្បីឲ្យជីវិតមើលទៅល្អប្រសើរ និង  គួរឲ្យចាប់អារម្មណ៍ អ្នកគួរតែមានចំណូលចិត្តចំពោះរឿងទាំង ៦ នេះ ៖
១. ទម្លាប់សន្សំលុយ
ការទម្លាប់សន្សំលុយទុកសម្រាប់ថ្ងៃអនាគត គឺជារឿងល្អដែលអ្នកមិនគួរមើលរំលង ព្រោះ វាជួយធ្វើឲ្យអ្នកចេះគ្រប់គ្រងតុល្យភាពនៃប្រាក់ប្រចាំថ្ងៃ  និង មិនងាយជួបនឹងបញ្ហាផ្នែកហិរញ្ញវត្ថុឡើយ។
២. ទម្លាប់រក្សាសុខភាព

ការហាត់ប្រាណ គឺជាផ្នែកមួយដ៏សំខាន់នៃសុខភាពរបស់មនុស្សគ្រប់គ្នា ព្រោះ ទម្លាប់មួយនេះ មិនត្រឹមតែធ្វើឱ្យអ្នកមានរាងស្អាតប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយអ្នកឱ្យបញ្ចេញជាតិពុលពីក្នុងខ្លួន និងអាចបន្ថូរភាពតានតឹងដែលអ្នកមានផងដែរ។  ម្យ៉ាងទៀត ទម្លាប់បែបនេះ គឺជាវិធីដ៏ល្អមួយដើម្បីចាប់ផ្តើមផ្លាស់ប្តូរជីវិត និង សុខភាពរបស់អ្នកឱ្យកាន់តែប្រសើរឡើង។

៣. ទម្លាប់បង្កើត ភាពច្នៃប្រឌិត
ការមានទម្លាប់ច្នៃប្រឌិត គឺជារឿងមួយអស្ចារ្យ ព្រោះ វាជួយឲ្យជីវិតអ្នកកមិនសូវស្មុគស្មាញច្រើន និង គួរឲ្យចាប់អារម្មណ៍ថែមទៀត ។ បន្ថែមពីនេះ អ្នកអាចស្វែងរកចំណូលចិត្តថ្មីៗ តាមអ្វីដែលនៅជុំវិញខ្លួនអ្នក ដោយបង្កើតជារូបភាព ជារបស់របរ ជារឿងដែលប្លែកៗ ដែលអាចជួយឲ្យការគិតរបស់អ្នករហ័ស និង រីកចម្រើនជាងមុន។

៤. ទម្លាប់ចង់ចេះចង់ដឹង

ទម្លាប់មួយដែលធ្វើឲ្យជីវិតអ្នកកាន់តែប្រសើរនោះ គឺទម្លាប់សិក្សាស្រាវជ្រាវឲ្យបានច្រើន ចង់ដឹងចង់ឮរឿងដែលមានប្រយោជន៍ដល់អ្នក ដែលអាចពង្រីកចំណេះដឹងរបស់អ្នកឲ្យកាន់តែខ្លាំង ដូចនេះអ្នកកុំទម្លាប់ទុកខួរក្បាលអ្នកឲ្យទំនេរដោយឥតប្រយោជន៍អី សាកល្បងរៀន និង ស្រាវជ្រាវឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។

៥. ទម្លាប់លើកទឹកចិត្តខ្លួនឯង

ការលើកទឹកចិត្តខ្លួនឯងគឺជារឿងសំខាន់ដែលអ្នកមិនអាចខ្វះបាន ព្រោះ វាជួយឲ្យផ្នត់គំនិត និង ផ្លូវចិត្តរបស់អ្នកនឹងនរ ថែមទាំងជួយជម្រុញដល់ការគិតរបស់អ្នកឲ្យបានល្អជាងមុនផងដែរ។ ជាងនេះទៅទៀត នៅពេលអ្នកលើកទឹកចិត្តខ្លួនឯងឲ្យឆ្លងកាត់ការលំបាកជាច្រើនបាន នៅជីវិតអ្នកនឹងអស្ចារ្យជាងមុន។

៦. ទម្លាប់ខ្លួនកុំងាយចុះចាញ់

ការមិនបោះបង់គោលដៅរបស់ខ្លួននៅពេលបរាជ័យ គឺជាការតាំងចិត្តមួយដ៏អង់អាច ទោះបីជាអ្នកបរាជ័យ ច្រើនលើកច្រើនសារប៉ុន្មានដងក៏ដោយ អ្នកនៅតែអាចយកភាពជោគជ័យឲ្យខ្លួនឯងបាន ព្រោះអ្នកយកការបរាជ័យរបស់ខ្លួន មកធ្វើជាគន្លឹះ និងជាបទពិសោធន៍ដើម្បីឲ្យអ្នកអាចបោះជំហានទៅមុខបានដោយរលូន។

ចង់ផ្លាស់ប្តូរពិភពលោក ត្រូវផ្លាស់ប្តូរខ្លួនឯងជាមុនសិន ដូចគ្នានឹងជីវិតអ្នកដែរ បើអ្នកចង់បានជីវិតមួយដែលប្រសើរហើយ គ្មានភាពធុញទ្រាន់ ត្រូវបង្កើតទម្លាប់មួយចំនួនសម្រាប់ខ្លួនឯង និង ស្វែងរកអ្វីដែលអាចជួយអ្នកក្នុងការផ្លាស់ប្តូរដ៏អស្ចារ្យនេះបាន។ យ៉ាងណាក៏ដោយ កុំព្យាយាមឲ្យខ្លួនឯង ខ្ជះខ្ជាយពេលវេលាជាមួយទម្លាប់មិនល្អច្រើនពេក ព្រោះអ្នកនឹងអាចស្តាយក្រោយបើអ្នកមិនបានផ្លាស់ប្តូរទម្លាប់ទាំងនោះទេ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង