ការសាងទំនុកចិត្ត ជាមួយ មិត្តភក្តិ គ្រួសារ និង មនុស្សជុំវិញខ្លួន គឺជារឿងល្អសម្រាប់អ្នក ព្រោះជួយបង្កើនភាពស្និទ្ធស្នាល បង្កើតចំណងមិត្តភាពរឹងមាំ និង ងាយចុះសម្រុងជាមួយអ្នកដទៃផងដែរ។ ខាងក្រោមនេះជាគន្លឹះខ្លះៗដើម្បីកែលម្អទំនាក់ទំនងរបស់អ្នក ឲ្យកាន់តែប្រសើរឡើងទាំងក្នុងជីវិតផ្ទាល់ខ្លួន និងអាជីពរបស់អ្នក ៖
១. ត្រូវមានសុជីវធម៌ និង ភាពវិជ្ជមាន
មុនពេលអ្នកចង់និយាយអ្វីមួយត្រូវគិតពីអារម្មណ៍របស់មនុស្សជុំវិញខ្លួនអ្នក និង កុំខ្លាចក្នុងការនិយាយពាក្យសុំទោស បើសិនជាអ្នកនិយាយទៅលើសលួសដោយអចេតនា។ មួយវិញទៀត ត្រូវធ្វើខ្លួនឯងឲ្យវិជ្ជមានសម្រាប់អ្នកដទៃ ដើម្បីធ្វើជាអ្នកផ្តល់យោបល់ និង ការលើកចិត្តសម្រាប់មនុស្សដែលត្រូវការជំនួយ។
២. មានភាពស្មោះត្រង់
ការបង្កើតមិត្តភាព និង ចង់ឲ្យចុះសម្រុងជាមួយអ្នកដទៃនោះ គឺត្រូវមានភាពស្មោះត្រង់ចំពោះមនុស្សជុំវិញខ្លួនអ្នក ត្រូវចាំថាគ្មាននរណាម្នាក់ចង់បានមនុស្សលួចចាក់ពីក្រោយធ្វើជាមិត្តទេ ដូចនេះភាពស្មោះត្រង់ពិតជាសំខាន់ណាស់។
៣. ចេះដាក់ខ្លួន
ការចេះដាក់ខ្លួន ការមិនអួតក្អេងក្អាងចំពោះអ្នកដទៃគឺជា រឿងមួយដែលធ្វើឲ្យទំនាក់ទំនងរបស់អ្នក និង មនុស្សជុំវិញខ្លួនកាន់តែប្រសើរឡើង ព្រោះមនុស្សម្នាក់ៗ មិនចូលចិត្តមនុស្សដែលគិតថាខ្លួនខ្លាំងជាងអ្នកណាទាំងអស់នោះទេ។ ម្យ៉ាងទៀតការចេះដាក់ខ្លួននឹងធ្វើឲ្យអ្នកដទៃចូលចិត្តអ្នក និង គោរពអ្នកដោយចេញពីចិត្ត។
៤. រៀនចេះចែករំលែក
ការចេះចែករំលែកជាមួយមនុស្សជុំវិញគឺជាចំណុចចាប់ផ្តើមមួយដែលធ្វើឲ្យអ្នកដទៃអាចចូលចិត្តអ្នក និង ចុះសម្រុងជាមួយអ្នក។ លើសពីនេះ ការចែករំលែក អាចបង្កើនការទុកចិត្ត ភាពស្និទ្ធស្នាល និងទំនាក់ទំនងជាមួយមនុស្សថ្មីៗបន្ថែមទៀតផងដែរ។
ការមានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួនអាចផ្តល់ផលវិជ្ជមានដល់អ្នកជាច្រើន មិនតែប៉ុណ្ណោះ ជួយពង្រឹងទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នកឲ្យស្រណុកចិត្ត និង ជួយឲ្យភាពស្និទ្ធស្នាលកាន់តេប្រសើរឡើងផងដែរ។