មនុស្សម្នាក់ៗ ពិតជាមិនចង់ឲ្យខ្លួនឯងរស់នៅក្នុងភាពឯកានោះទេ ទោះចង់ទៅណាមកណាត្រូវតែមានគ្នា ឬ មានមនុស្សកំដរទើបអាចទៅបាន ប៉ុន្តែនៅពេលដែលអ្នកចាស់ទុំគ្រប់គ្រាន់ អ្នកនឹងយល់ថាការធ្វើអ្វីដោយខ្លួនឯង គឺជាចំណុចមួយដែលល្អ និង ជួយឲ្យអ្នកក្លាហានថែមទាំងរឹងមាំជាមុនផងដែរ។ ម្យ៉ាងទៀត កុំខ្លាចក្នុងការដើរម្នាក់ឯង បើសិនជា អ្នកចង់ទៅហាងកាហ្វេ ហេតុអ្វីមិនទៅភ្លាមៗ សុខចិត្តចំណាយពេលអង្គុយចាំនរណាម្នាក់ដើម្បីកំដរអ្នកទៅវិញ?
ចង់ធ្វើអ្វីមួយត្រូវធ្វើភ្លាមៗ ទោះគ្មាននរណាកំដរអ្នកក៏អ្នកអាចទៅផឹកកាហ្វេបានដោយខ្លួនឯងដែរ។ ពេលខ្លះអ្នកមិនចាំបាច់បង្ខំអ្នកណាម្នាក់ឲ្យមកចំណាយពេលជាមួយអ្នកឡើយ មិនថាមិត្តដែលជិតស្និទ្ធគ្នាប៉ុណ្ណា ក៏មិនអាចកំដរអ្នកបានគ្រប់ពេលបានដែរ។ ដូចនេះអ្នកមិនចាំបាច់ឲ្យអ្នកដទៃមកបំពេញតម្រូវការរបស់ខ្លួនឯងនោះទេ ប៉ុន្តែត្រូវងាកមកស្វែងរកអ្វីដែលអាចឲ្យអ្នកមានក្តីសុខ ជាជាងអង្គុយរងចាំការសម្រេចចិត្ត របស់នរណាម្នាក់ដើម្បីធ្វើរឿងមួយដែលអ្នកចង់ធ្វើ។
លើសពីនេះទៅទៀត កុំទម្លាប់ធ្វើអ្វីដល់មានគ្នាទើបអាចធ្វើបាន ព្រោះថ្ងៃអនាគតទៅមានតែអ្នកតែម្នាក់គត់ ដែលត្រូវបំពេញចំណុចទាំងនេះដើម្បីខ្លួនឯង ឯអ្នកដទៃគឺមិនអាចចាំតែកំដរ និង ព្រមជួយដើរផ្លូវមួយនេះជាមួយអ្នកដែរ គឺមានតែអ្នកប៉ុណ្ណោះដែលទទួលខុសត្រូវលើរឿងជីវិតរបស់អ្នក។
រៀនដើរ រៀនហើរម្នាក់ឯងខ្លះទៅ ទើបជួបរឿងថ្មីៗ មនុស្សថ្មីៗ និង បទពិសោធន៍ថ្មីៗ ដែលនឹងជួយអ្នកឲ្យទៅដល់ចំណុចមួយដែលអ្នកស្មានមិនដល់ ព្រោះ គ្មាននរណាម្នាក់ចាំធ្វើអ្វីជាមួយអ្នកដល់ថ្ងៃស្លាប់នោះទេ ដូចនេះ កុំភ្លេចសាកល្បង ធ្វើអ្វីដែលអ្នកចង់ធ្វើ ទៅកន្លែងដែលអ្នកចង់ទៅ ទោះមិនមានគ្នាក៏ដោយ។