ក្នុងសង្គមបច្ចុប្បន្ន មនុស្សគ្រប់គ្នាចូលចិត្តតែរស់នៅក្នុងការសម្តែង រស់នៅក្នុងក្តីសុខក្លែងក្លាយ ប្រៀបដូចជារឿងមួយចំនួននេះ អ្នកខ្លះមិនបានទាំងឈឺចាប់ មិនបានខកចិត្ត និងរងគ្រោះជាមួយរឿងអ្វីផង គេក៏សម្ដែងធ្វើដូចខ្លួនឯងជាជនរងគ្រោះ ឬ ត្រូវគេធ្វើបាបជាដើម។
មនុស្សខ្លះទៀត មិនចូលចិត្តយើងទេ ប៉ុន្តែគេសម្ដែងដូចជាចង់រាប់អានយើងណាស់ ទាំងការពិតកំពុងសម្លឹងរកផលប្រយោជន៍ពីយើងប៉ុណ្ណោះ។
ចំពោះមនុស្សមួយចំនួនទៀត គ្មានជាប់ទ្រព្យអ្វីក្នុងខ្លួនទេ តែគេសម្ដែងជា ហ៊ឺហារ ប្រេនៗ មានលុយយចាយមិនអស់ ទាំងការពិតខ្លួនឯងកំពុងតែជំពាក់គេជុំទិស។
អ្នកខ្លះមិនបានដឹងរឿងអ្វីឲ្យច្បាស់ផង តែនិយាយមកដូចដឹងរឿងច្បាស់ណាស់ ពេលខ្លះទៀតសម្តែងធ្វើជាដឹងឮគ្រប់យ៉ាង និង ដឹងច្រើនជាង ម្ចាស់ខ្លួនគេទៅទៀត។
មនុស្សមួយប្រភេទទៀត មិនបានស្រឡាញ់យើងពិតផង តែគេសម្ដែងធ្វើដូចគេស្រឡាញ់យើងណាស់ យកចិត្តទុកដាក់នឹងយើងណាស់ ទាំងការពិតគេកំពុងបោកប្រាស់មនោសញ្ចេតនាយើង ឬ យកយើងមកលេងសើចប៉ុណ្ណោះ។
ហេតុអីចាប់បាច់សម្ដែង? ហេតុអីមិនអាចរស់នៅក្នុងភាពពិតប្រាកដបាន? ការដែលរស់នៅក្នុងភាពក្លែងក្លាយ និង ការសម្តែង ជីវិត គឺគ្មានក្តីសុខពិតឡើយ។
ប៉ុន្តែការរស់នៅ ជាខ្លួនឯង រស់នៅជាមួយភាពពិតប្រាកដ រស់នៅដោយមិនបាច់សម្តែង ទើបជីវិតអ្នកកាន់តែប្រសើរ និង កាន់តែមានក្តីសុខជាងមុន។