ម៉ាក់ជាមនុស្សស្រីម្នាក់ដែលអស្ចារ្យសម្រាប់ខ្ញុំ ទោះពេលខ្លះម៉ាក់និងខ្ញុំ ឈ្លោះគ្នាយ៉ាងណាក៏ម៉ាក់តែងតែលើកទោសឲ្យ ទោះជាអ្នកដទៃមើលមកគាត់ត្រឹមតែជាមនុស្សម្នាក់សាមញ្ញធម្មតា មានជីវិតគ្រួសារ និង ជីវភាពមិនសូវធូរធារ ប៉ុន្តែគាត់ចិញ្ចឹមខ្ញុំបានល្អណាស់។

ម៉ាក់ជាមនុស្សស្រីពូកែរអ៊ូ ប៉ិនសួរនាំច្រើន តែក្តីស្រឡាញ់ម៉ាក់តែងផ្តល់ឲ្យកូនចេញពីចិត្ត ស្រឡាញ់កូនអស់ពីបេះដូង ទោះពេលខ្លះ ម៉ាក់តឹងតែង ម៉ាក់បិទសិទ្ធិ តែមិនដែលឲ្យកូនលំបាកទេ សុខចិត្តលំបាកខ្លួនឯង។ ម៉ាក់ជាមនុស្សស្រីម្នាក់ពូកែកុហកណាស់ ពូកែកុហកថាខ្លួនឯងមិនអី កុហកថារឹងមាំ កុហកថាមិនឃ្លាន កុហកថាមិនចង់ប្រើរបស់ល្អៗ

ទាំងដែលការពិត គឺផ្ទុយស្រឡះ ម៉ាក់តែងតែលួចយំពេលកូនគេងលក់ ម៉ាក់មិនដែលរឹងមាំទេ គឺទន់ជ្រាយណាស់នៅពេលដែលគ្មាននរណាមើលឃើញ ក្រពះម៉ាក់តែងតែកូរ ប៉ុន្តែសុខចិត្តឲ្យកូនញ៉ាំបានឆ្អែតសិន ម៉ាក់គ្មានរបស់ល្អប្រើទេ ព្រោះម៉ាក់កំពុងសន្សំលុយទិញរបស់ល្អៗឲ្យកូនបានស្អាតនឹងគេ ទឹកចិត្តរបស់ម៉ាក់គឺធំធេងណាស់ ធំរហូតកាត់ថ្លៃមិនបាន ធំរហូតដល់គ្មានអ្វីសងអស់។

អរគុណម៉ាក់ណាស់ដែលមើលថែកូនបានល្អយ៉ាងនេះ ទោះជាកូនកើតក្នុងគ្រួសារដែលសាមញ្ញបែបនេះ ប៉ុន្តែកូនមានក្តីសុខខ្លាំងណាស់ ដែលមានគ្រួសារចាំឲ្យដំបូន្មានល្អៗ មានការមើលថែដ៏កក់ក្តៅ ទោះជាកូនមិនដែលហ៊ាននិយាយពាក្យថាស្រឡាញ់ម៉ាក់ ប៉ុន្តែកូនមិនអាចខ្វះម៉ាក់បានទេ។ នេះជាអ្វីដែលកូនចង់និយាយ ហើយក៏ចង់ឲ្យម៉ាក់បានដឹងថា ម៉ាក់អស្ចារ្យណាស់សម្រាប់កូន។
