ខ្ញុំសង្ឃឹមថាអ្នកមិនដែលហត់នឿយនឹងស្រឡាញ់ខ្ញុំ មិនដែលធុញទ្រាន់ចំពោះក្តីស្រឡាញ់ដែលខ្ញុំផ្តល់ឲ្យអ្នក ជាពិសេសនៅពេលដែលពួកយើងឈ្លោះគ្នា ឬ មិនយល់ចិត្តគ្នា។ មិនថាទោះជាមានអ្វីកើតឡើងរវាងយើងទាំងពីរ ខ្ញុំនៅតែសង្ឃឹមថា អ្នកនៅតែជ្រើសរើសនៅជាមួយខ្ញុំ និង មិនបោះបង់ខ្ញុំចោល។

កន្លងមកខ្ញុំដឹងថា ខ្ញុំមិនល្អឥតខ្ចោះដូចអ្វីដែលអ្នកចង់បាននោះទេ ប៉ុន្តែខ្ញុំពិតជាចង់ឲ្យអ្នកដឹងថា ខ្ញុំក្លាយជាមនុស្សដែលអ្នកចង់បាននៅក្នុងជីវិតណាស់ ហើយក៏សុំទោសចំពោះកំហុសដែលខ្ញុំធ្វើឲ្យអ្នកឈឺចាប់ដោយអចេតនា ដោយសារតែភាពឆេវឆាវ និង គ្មានការអត់ធ្មត់របស់ខ្ញុំ ប៉ុន្តែហេតុផលទាំងនេះ ដោយសារតែខ្ញុំស្រឡាញ់អ្នក។ ខ្ញុំសង្ឃឹមថាអ្នក នឹងយល់ ទោះបីជាខ្ញុំរករឿងអ្នករាល់ពេល ប៉ុន្តែខ្ញុំមិនដែលចង់ចាកចេញពីអ្នក និង ចង់បាត់បង់អ្នកឡើយ ទោះបីអ្នកធ្លាប់ធ្វើខុស អ្នកធ្វើឲ្យខ្ញុំខូចចិត្ត និង យំច្រើនដងច្រើនសារ តែអ្នកពិតជាមានន័យណាស់សម្រាប់ខ្ញុំ។

លើសពីនេះ ខ្ញុំចង់ឲ្យអ្នកដឹងថា ទោះបីជាពេលខ្លះអ្នកស្អប់ខ្ញុំក៏ដោយ ក៏ខ្ញុំនៅតែស្រលាញ់អ្នកអស់ពីចិត្តដូចមុន ទោះជាពេលនេះអ្វីៗមិនអាចប្រសើរដូចពេលដំបូងក៏ដោយ ប៉ុន្តែខ្ញុំ នឹងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីធ្វើឱ្យអ្នកមានអារម្មណ៍ស្រឡាញ់ និងឱ្យតម្លៃលើខ្ញុំដូចមុន។ អ្នកដឹងទេ នៅពេលដែលយើងឈ្លោះគ្នាម្តងៗ ខ្ញុំពិតជាខ្លាចណាស់ ខ្លាចអ្នកបោះបង់ខ្ញុំ និង លែងដៃខ្ញុំចោលកណ្តាលទី ប៉ុន្តែបើមានថ្ងៃនោះមែន ខ្ញុំចង់ឲ្យអ្នកចាំថាខ្ញុំស្រឡាញ់អ្នកខ្លាំងប៉ុណ្ណា។

ហើយបើថ្ងៃមួយអ្នកទ្រាំលែងបាន និង មិនចង់នៅបន្តទៀត ខ្ញុំមានតែពាក្យជូនពរ អ្នកឲ្យរកឃើញក្តីស្រឡាញ់ និង សុភមង្គលដែលអ្នកចង់បាននៅក្នុងជីវិត ហើយខ្ញុំមានតែប្រាប់ខ្លួនឯង និង សុំទោសបងពីចម្ងាយដែលធ្វើខ្លួនមិនល្អគ្រប់គ្រាន់ដែលអាចឲ្យបងមើលថែអស់មួយជីវិតបាន។