ធ្វើរឿង ៥ យ៉ាងនេះ បើមិនចង់ឲ្យជីវិតរបស់អ្នកជាប់គាំងមួយកន្លែង

Vachana-Website-Life2-Carrier-Ad

នៅក្នុងជីវិតរបស់មនុស្សគ្រប់គ្នា សុទ្ធតែជួបប្រទះបញ្ហា ដែលធ្វើឲ្យអ្នកគិតច្រើនម្តងៗ ពេលខ្លះអត់ដឹងថាខ្លួនឯងត្រូវធ្វើអ្វីទៀត និងបាក់ទឹកចិត្តថែមទៀត។ លើសពីនេះ ក្នុងសង្គមជាក់ស្តែងមនុស្សដែលអ្នកជួបក៏មិនមែនសុទ្ធតែល្អដាក់អ្នកទាំងអស់ដែរ ព្រោះអ្នកអាចនឹងជួប មនុស្សដែលមិនសមប្រកប មនុស្សដែលបោកប្រាស់ ឬ ជួបរឿងមួយចំនួនដែលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍អ្នក ថ្ងៃនេះ វចនានឹងនាំអ្នកឲ្យដឹងពី វិធី៥យ៉ាងដែលធ្វើឲ្យអ្នកមានក្តីសុខច្រើនជាងមុន និងមិនធ្វើឲ្យជីវិតអ្នកជាប់គាំងឡើយ ៖

១. កុំគិតពីរឿងដែលកន្លងហួសហើយ

មានន័យថា អ្នកគួរតែបោះបង់ចោលនូវរឿងអតីតកាល បោះបង់ចោលរឿងដែលកើតឡើងហើយ ទោះបីជាអ្នកអាចសោកស្តាយ កើតទុក្ខរាល់ថ្ងៃក៏អ្នកមិនអាចកែប្រែអ្វីបានឡើយ ដូចនេះបើកចិត្តទទួលយក ព្រមទាំងគិតពីបច្ចុប្បន្នទើបជាការល្អ។

២. ប្រើជីវិតជារបស់ខ្លួនឯង

ការរស់នៅក្នុងភាពជាខ្លួនឯង ធ្វើជាខ្លួនឯង ដើរតាមក្តីស្រមៃរបស់ខ្លួនឯងគឺជារឿងល្អប្រសើរមួយ ព្រោះថាបើសិនជា ជីវិតអ្នករស់នៅដើម្បីតែបំពេញមាត់របស់អ្នកដទៃទាំងខ្លួនឯងគ្មានក្តីសុខទេ នោះជីវិតអ្នកមិនអាចរីកចម្រើនបានឡើយ។ ត្រូវចាំថា កុំព្យាយាមផ្លាស់ប្តូរខ្លួនឯងដើម្បីនរណាម្នាក់ ត្រូវចេះធ្វើអ្វីឲ្យខ្លួនឯងមានសេចក្តីសុខ និងចេះប្រើជីវិតជារបស់ខ្លួនឯងជាជាងសម្រាប់អ្នកដទៃ។

៣. កុំរំពឹងចំពោះអ្វីដែលមិនទាន់កើតឡើង

ការកាត់បន្ថយការរំពឹងទុក វាអាចជួយឲ្យជីវិតអ្នកកាន់តែប្រសើរក៏ថាបាន នេះដោយសារតែ វាអាចធ្វើឲ្យអ្នកខកចិត្ត និង អស់សង្ឃឹម នៅពេលដែលអ្នកមានការរំពឹងទុកខ្ពស់ពេកលើអ្វីមួយទាំងមិនទាន់មានលទ្ធផល ផ្ទុយមកវិញ បើអ្នករៀនកាត់បន្ថយចំណុចនេះ ជិវិតអ្នកមិនងាយជាប់គាំងដោយសារខកចិត្ត និង ជួយអ្នកឲ្យហ៊ានទទួលយកដោយពេញចិត្ត។

 ៤. កុំប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃ 

ពិតណាស់មនុស្សគ្រប់គ្នាសុទ្ធតែមានភាពស្អាតរាងខ្លួន ដូចនេះអ្នកត្រូវស្រឡាញ់អ្វីដែលខ្លួនឯងមាន កុំសម្លឹងមើលរបស់អ្វីដែលខ្លួនឯងគ្មាន ដូចនេះត្រូវចេះគ្រប់គ្រាន់ជាមួយអ្វីដែលជាខ្លួនអ្នក មិនត្រឹមតែជួយកាត់បន្ថយការមិនសប្បាយចិត្តរបស់អ្នកទេ ថែមទាំងជួយឲ្យអ្នកកាន់តែរីករាយផងដែរ។ 

៥. កុំឆេវឆាវ ត្រូវតែចេះគ្រប់គ្រងអារម្មណ៍

ចំណុចចុងក្រោយ គឺការរៀនចេះទប់អារម្មណ៍ នឹង កំហឹង ព្រោះនៅពេលដែលអ្នកមានអារម្មណ៍មិនល្អពាក្យសម្តីរបស់អ្នកអាចជាកាំបិតចាក់គេអញ្ចឹង ដូចនេះកុំប្រើអារម្មណ៍ឆេវឆាវមកដាក់មុខ ដោយសារតែពាក្យសម្តីខ្លះតែនិយាយចេញហើយ គឺពិបាកនឹងលេចចូលវិញណាស់។

នេះជាវិធីងាយៗ ដែលជួយឲ្យជីវិតអ្នកកាន់តែមានតម្លៃ និង រីកចម្រើនជាងមុន ព្រោះថាប្រើសិនបើអ្នកមិនសាកល្បងធ្វើទេ អ្នកក៏មិនដឹងថាជីវិតអ្នកអាចផ្លាស់ប្តូរខ្លាំងដល់កម្រិតណា។ លើសពីនេះ កុំព្យាយាមឲ្យខ្លួនឯងជាប់គាំងជាមួយអ្វីដែលអាចដោះស្រាយបាន ត្រូមានភាពវិជ្ជមានសម្រាប់ខ្លួនឯងទើបល្អប្រសើរ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង