ជារឿយៗ ពីមួយថ្ងៃទៅមួយថ្ងៃ យើងអាចនឹងបាត់បង់ចំណាប់អារម្មណ៍លើអ្វីដែលយើងធ្លាប់រីករាយ ធ្លាប់រំភើប និងចង់បាននៅក្នុងជីវិត មិនមែនដោយសារតែយើងមិនចង់បានវាទៀតទេ ប៉ុន្តែដោយសារតែយើងគ្រាន់តែចង់បានភាពស្ងប់ស្ងាត់ និងចង់ឲ្យផ្លូវចិត្តកាន់តែធូរស្រាល ប៉ុណ្ណោះ។
ក្នុងថ្ងៃខ្លះ ឲ្យតែពីចេញពីធ្វើការ មិនចង់ធ្វើអីក្រៅពី ចង់ឲ្យខ្លួនឯងអាចគេងឲ្យស្រួលខ្លួនលើគ្រែរបស់យើង អាចស្តាប់តន្ត្រីដែលយើងចូលចិត្ត ហើយបិទសម្លេងរំខានទាំងអស់ឲ្យចេញឆ្ងាយពីផ្លូវចិត្តរបស់យើង ដោយមិនចង់ដឹងឮអ្វីទាំងអស់។ តាមពិតទៅ យើងហត់នឿយខ្លាំងណាស់ ដើម្បីធ្វើជាមនុស្សរឹងមាំនៅចំពោះមុខអ្នកដទៃ ទាំងដែលការពិតយើងកំពុងធ្លាក់ដល់ចំណុចសូន្យ មានពេលខ្លះទៀត យើងចង់បង្ហាញណាស់ ចង់បង្ហាញពីភាពទន់ខ្សោយ និង បង្ហាញពីអារម្មណ៍ត្រូវការកម្លាំងចិត្តពីនរណាម្នាក់របស់យើង ប៉ុន្តែគ្រប់ពេលគ្មាននរណាយកចិត្តទុកដាក់ឡើយ។
ជាក់ស្តែង ជីវិតកាន់តែធំ កាន់តែចាស់ទុំ គឺបែបនេះសោះ មានបន្ទុកច្រើន កាន់តែហត់នឿយ កាន់តែគ្មានពេលសម្រាប់ខ្លួនឯង ត្រូវដើរតែម្នាក់ឯងគ្មាននរណាកំដរ ប៉ុន្តែអ្វីដែលចាំបាច់គឺ មិនចង់បានអ្វីក្រៅពីធ្វើឲ្យខ្លួនឯងសប្បាយចិត្ត ធ្វើនេះធ្វើនោះដើម្បីខ្លួនឯង ឈប់ខ្វល់ ពីអ្នកដទៃនិយាយអ្វីទៀត ធ្វើយ៉ាងណាឲ្យតែខ្លួនឯង មានស្នាមញញឹមពិតប្រាកដក្នុងពិភពលោកមួយនេះ។ ទាំងនេះ ជាការរំលឹកដល់ខ្លួនឯងថា ទោះជាជីវិតនេះជួបការលំបាក និង ហត់នឿយកម្រិតណា ត្រូវដកដង្ហើមឲ្យវែងៗ ហើយនិយាយលើកទឹកចិត្តខ្លួនឯងថា ជីវិតគឺមិនមែនលំបាករហូតទេ អ្វីដែលសំខាន់ត្រូវសន្សំកម្លាំង និង ឲ្យខ្លួនឯងសម្រាកឲ្យបានគ្រប់គ្រាន់។
ដូចនេះ ទោះជារវល់បែបណា ត្រូវមើលថែខ្លួនឯងឲ្យបានល្អ ធ្វើឲ្យខ្លួនឯងមានស្នាមញញឹមមួយដ៏រីករាយ ព្រោះជីវិតនេះមិនមែនធ្វើឲ្យយើងហត់នឿយរហូតទេ គង់មានថ្ងៃមួយយើងអាចធូរស្បើយក្នុងជីវិតមួយនេះ។