ការរស់នៅក្នុងភាពសាមញ្ញរបស់ខ្លួនឯង គឺជាអ្វីដែលអ្នកអាចធ្វើឲ្យអ្នកសប្បាយចិត្តច្រើនជាងជីវិតដែលអ្នកប្រឹងសម្តែងឲ្យមនុស្សគ្រប់គ្នាមើល ព្រោះការប្រឹងហក់លោតតាមគេ ទាំងខ្លួនឯងគ្មានអ្វីសោះអាចនឹងធ្វើឲ្យខ្លួនឯងពិបាកនៅថ្ងៃណាមួយ។
អ្វីដែលសំខាន់អ្នកត្រូវដឹងថា អ្នកស្លៀកសម្លៀកបំពាក់តម្លៃថ្លៃប៉ុណ្ណាមិនសំខាន់ ឲ្យតែអ្នកពាក់ហើយស្រួលខ្លួន មិនស្អុះស្អាប់ មិនស្កៀបឬរមាស់ ព្រោះគ្មាននរណាម្នាក់ទំនេរខ្លាំងមកចង់ដឹងខោអាវអ្នកថាថ្លៃប៉ុន្មាននោះទេ។
មួយវិញទៀត ទោះជាប្រើកាបូបប្រេនបែបណាមិនមែនជារឿងអស្ចារ្យឡើយ អ្វីដែលអស្ចារ្យនោះគឺអ្នកមានលុយប៉ុន្មានដើម្បីដាក់នៅក្នុងកាបូបមួយនោះ ព្រោះថាទោះបីជាអ្នកប្រើកាបូបថ្លៃប៉ុណ្ណា បើគ្មានលុយដាក់ទេនោះកាបូបរបស់អ្នកក៏គ្មានតម្លៃអ្វីដែរ។
ចំណែកឯរឿងញ៉ាំវិញ ឃ្លានអី ចង់ញ៉ាំអាហារប្រភេទណា ថ្លៃប៉ុន្មានមិនថ្វី បើអ្នកមានលទ្ធភាពចំណាយបានក៏ចំណាយទៅ ផ្តល់ក្តីសុខឲ្យខ្លួនឯងម្តងម្កាលក៏ជារឿងមួយសំខាន់ដែរ ព្រោះខ្លួនឯងធ្វើការហត់នឿយណាស់ទៅហើយ បើមិនល្អជាមួយខ្លួនឯងខ្លះទេ ធ្វើម៉េចឲ្យអ្នកសប្បាយចិត្តបាន? ប៉ុន្តែត្រូវចាំថាញ៉ាំអាហារអីក៏បាន ឲ្យតែញ៉ាំហើយធ្វើឲ្យអ្នកមានក្តីសុខ មានអារម្មណ៍ថាមានសុភមង្គល មិនមែនញ៉ាំហើយធ្វើទុក្ខ ឬប្រតិកម្មឡើយ។ ដូចនេះ កុំភ្លេចត្រូវជ្រើសរើសអាហារណាដែលល្អសម្រាប់សុខភាពរបស់អ្នកផងដែរ។
ជាចុងក្រោយ ចំណុចសំខាន់ត្រូវទទួលយកភាពសាមញ្ញរបស់ខ្លួនឯង រស់នៅជាខ្លួនឯងទោះមិនល្អឥតខ្ចោះ ប៉ុន្តែអាចធ្វើឲ្យអ្នកមានភាពរីករាយនៅក្នុងជីវិតបាន។
ការរស់នៅជាមួយភាពសាមញ្ញ និង ភាពពិតរបស់អ្នក ដោយអ្នកមិនចាំបាច់ត្រូវសម្តែងនៅចំពោះមុខមនុស្សគ្រប់គ្នារហូត ទើបធ្វើឲ្យជីវិតមិនសូវហត់នឿយ និងស្មុគស្មាញច្រើន។
សាមញ្ញៗបែបនេះហើយឲ្យតែរស់នៅជាខ្លួនឯង ទោះអ្នកដទៃមើលមកបែបណាមិនសំខាន់ អ្វីដែលសំខាន់យើងពេញចិត្តគឺគ្រប់គ្រាន់ហើយ។