ធ្លាប់មានអារម្មណ៍បានបាត់បង់ខ្លួនឯងទេ នៅពេលយើងចេះស្រឡាញ់នរណាម្នាក់ពិត?? ចម្លើយអាចនឹងមាន ព្រោះពេលខ្លះនៅពេលយើងស្រឡាញ់មនុស្សម្នាក់ខ្លាំងពេល យើងសុខចិត្តលះបង់គ្រប់យ៉ាងដើម្បីឲ្យគេស្រឡាញ់យើងវិញ។

នៅពេលមានមនុស្សម្នាក់ចូលក្នុងជីវិតយើងហើយ ស្រាប់តែសុខៗក៏ចាកចេញទៅវិញ យើងស្រាប់តែលែងស្គាល់ថាខ្លួនឯងជានរណា បាត់បង់ក្តីសុខខ្លួនឯង ដោយសារតែយើងបានលះបង់សម្រាប់គេជាច្រើន ដើម្បីអង្វរសុំក្តីស្រឡាញ់ពីគេ និង ដើម្បីកុំឲ្យគេចាកចេញពីយើង ប៉ុន្តែគ្រប់យ៉ាងនៅតែមិនល្អដដែល ព្រោះមនុស្សម្នាក់នោះនៅតែចាកចេញ។

បន្ទាប់ពីមនុស្សម្នាក់នោះចាកចេញហើយ យើងចាប់ផ្តើមបន្ទោសខ្លួនឯង ដោយគិតថាយើងមិនល្អគ្រប់គ្រាន់ ដើម្បីឲ្យគេអាចនៅក្បែរយើងអស់មួយជីវិតបាន ទាំងដែលយើងខំប្រឹងលះបង់ដើម្បីគេ។ ប៉ុន្តែទោះជាយ៉ាងណា ត្រូវចាំថា នៅពេលដេលយើងបាត់បង់ស្នេហា បាត់បង់មនុស្សដែលយើង ស្រឡាញ់ មិនមែនហេតុផលមកពីយើងមិនល្អគ្រប់គ្រាន់នោះទេ ប៉ុន្តែមកពីពួកគេចង់ចាកចេញ និង អស់ចិត្តស្រឡាញ់យើងដូចមុនទៀតហើយ។

ដូចនេះ អ្វីដែលយើង ត្រូវធ្វើគឺ រៀនស្រឡាញ់ខ្លួនឯងឡើងវិញ ឈប់ស្តាយស្រណោះមនុស្សដែលបានចាកចេញពីយើង មើលថែខ្លួនឯង និងស្វែងរកក្តីសុខឲ្យខ្លួនឯងឡើងវិញ ទោះជាពិបាកបន្តិចមែន។ នៅពេលដែលយើងចេះស្រឡាញ់ខ្លួនឯងកាន់តែច្រើន ការដែលខំស្រឡាញ់នរណាម្នាក់អស់ពីចិត្ត ខំស្មោះត្រង់ចំពោះគេ និង លះបង់គ្រប់យ៉ាងឲ្យគេទាំងដែលខ្លួនគ្មានសល់អ្វីនោះគឺ គ្មានតម្លៃអ្វីឡើយចំពោះមនុស្សដែលមិនបានស្រឡាញ់យើងពិតប្រាកដ។

រឿងមួយទៀតដែលយើងអាចធ្វើ បន្ទាប់ពីបាត់បង់ស្នេហានោះគឺ កុំព្យាយាមផ្លាស់ប្តូរខ្លួឯងដើម្បីឲ្យនរណាម្នាក់មកស្រឡាញ់អ្នក ហើយឈប់អង្វរសុំក្តីស្រឡាញ់ពីនរណាម្នាក់ទៀត ព្រោះនៅពេលដែលយើងធ្វើបែបនោះ មានតែធ្វើឲ្យខ្លួនឯងទទួលបានតែការឈឺចាប់ប៉ុណ្ណោះ។

ចុងក្រោយ ទោះជាបាត់បង់ស្នេហា តែកុំឲ្យបាត់ខ្លួនឯង ព្រោះមានមនុស្សល្អៗជាច្រើនទៀតដែលស្រឡាញ់យើង ព្រមមើលថែយើង និងស្រឡាញ់យើងជាយើង ដូចនេះត្រូវធ្វើខ្លួនឲ្យមានតម្លៃសម្រាប់មនុស្សដែលសក្តិសម។