មនុស្សស្រីណាដែលមិនចង់បានដៃគូជីវិតល្អមកក្នុងជីវិតនោះ គឺតែងតែប្រាថ្នាជួបមនុស្សដែលមិនផ្លាស់ប្ដូរនូវទង្វើ ពាក្យសន្យា ហើយព្យាយាមរកសុភមង្គលឲ្យគ្រួសារដ៏តូចមួយក្រោយជីវិតជាប្តីប្រពន្ធ។ មនុស្សស្រីដែលបានជួបបុរសដែលទំនួលខុសត្រូវយ៉ាងពេញលេញមួយក្នុងនាមជាប្ដី ជាឪពុក និងជាកូនរវាងគ្រួសារទាំងសងខាងគឺពិតជាសំណាងណាស់ ហើយក៏ជាកាដូដ៏មានន័យបំផុតក្នុងជីវិត ដូច្នេះជាប្ដីល្អ គឺជាប្ដីដែលមានចំណុចបែបនេះសម្រាប់ប្រពន្ធ
១. ឲ្យតម្លៃអ្វីដែលប្រពន្ធប្រាប់ និងដាស់តឿន
ប្តីល្អមិនដែលធុញនឹងអ្វីដែលប្រពន្ធប្រាប់ និងរំលឹកនោះទេ មានតែញញឹម ហើយឱនមកថើបនាង រួចនិយាយថា «អរគុណណាស់ប្រពន្ធសម្លាញ់!»។ គាត់ជាមេគ្រួសារមែនតែគាត់ក៏ស្ដាប់សម្តីប្រពន្ធដែរ នៅពេលដែលនាងមើលឃើញគាត់ធ្វើអ្វីដែលមិនសម មិនទំនង ឬមិនគួរធ្វើ។

២. មិនដណ្តើមឈ្នះ
ពេលដែលប្រពន្ធរឹងក្បាលខ្លាំង ប្តីគួរតែទន់ ត្រជាក់ មិនចេះត មិនចេះចង់ឈ្នះ។ រឿងខ្លះបើអាចឲ្យនាងឈ្នះ ក៏ឲ្យទៅ នៅពេលដែលនាងដាច់ខាតមិនព្រមចាញ់។ ហើយពេលមានជម្លោះកើតឡើងគាត់ក៏តែងប្រាប់ប្រពន្ធថា «បងមិនចង់ឈ្នះទេ តែបងចង់ឲ្យពួកយើងបានសុខ»។
៣. គាត់កែប្រែខ្លួនឯង ដោយប្រពន្ធមិនបាច់ទាមទារ
ពីមនុស្សប្រុសមិនសូវចេះធ្វើការងារផ្ទះ គាត់បែរជាក្លាយជាចុងភៅ អ្នករៀបចំផ្ទះ ជួយមើលថែកូន មើលថែគ្រួសារ។ គាត់ប្តូរពីមនុស្សប្រុសដែលចូលចិត្តស្ងប់ស្ងាត់ បែរក្លាយទៅជាមនុស្សប្រុសដែលនិយាយច្រើនដើម្បីតែរកភាពរីករាយ សំឡេងសើចក្អាកក្អាយនៅក្នុងផ្ទះទៅវិញ។

៤. មិនលួចក្បត់
មិនថារៀបការហើយប៉ុន្មានឆ្នាំនោះទេ គាត់មិនដែលធ្វើរឿងនេះសូម្បីទេម្ដង។ គាត់ផ្ដល់ភាពជឿជាក់ ផ្ដល់ភាពស្មោះត្រង់ មិនឲ្យប្រពន្ធដេកយំដោយសាររឿងនេះផិតក្បត់ឡើយ។
៥. គាំទ្រ ជ្រោមជ្រែង
មិនថាជួបរឿងអ្វីក៏ដោយគាត់ជាមនុស្សម្នាក់គាត់ដែលតែងញញឹមមកកាន់ប្រពន្ធ និងនិយាយពាក្យលើកទឹកចិត្តជាច្រើនរហូតធ្វើឲ្យប្រពន្ធជឿជាក់លើខ្លួនឯងក្នុងការជម្នះរាល់បញ្ហា។ គាត់តែងនិយាយភាសាយ៉ាងទន់ភ្លន់ ទោះប្រពន្ធកំពុងអារម្មណ៍មិនល្អ និយាយគំរោះគំរើយដាក់គាត់ក៏ដោយ។

សុភមង្គលគ្រួសារមួយផ្នែកធំគឺពឹងទៅលើមនុស្សប្រុសដែលអ្នកបានសម្រេចចិត្តរៀបការជាមួយ។ បើអ្នកសម្រេចចិត្តខុស អ្នកនឹងរស់ជាមួយសម្ពាធផ្លូវចិត្ត តែបើអ្នកសម្រេចចិត្តត្រូវ អ្នកនឹងរស់ជាមួយស្នាមញញឹម៕