ក្នុងទំនាក់ទំនងស្នេហាជាពិសេសជាគ្រួសារតែម្ដងគឺទាមទារឲ្យអ្នកមានទំនុកចិត្តជាមួយគ្នាព្រោះ វាគឺជាចំណងដ៏រឹងមាំមួយសម្រាប់ថែរក្សាស្នេហា និងគ្រួសារទាំងមូលមិនឲ្យមានភាពរកាំរកូស។ យ៉ាងណាមិញបើអ្នកគ្មានភាជំនឿចិត្ត និងនៅតែមានអារម្មណ៍មិនស្រឡះជាមួយគ្នា អ្នកគួរគិតឡើងវិញមុនសម្រេចចិត្តដើរលើផ្លូវជីវិតគូរួមគ្នា ព្រោះបើគ្មានភាពជឿជាក់អ្នកនឹងជួបប្រទះបញ្ហាជាច្រើនក្នុងស្នេហា និងជីវិតជាក់ស្តែង៖
១. គ្មានអារម្មណ៍ល្អនឹងគ្នា
តែងមានអារម្មណ៍មិនសប្បាយចិត្តជារឿយៗ ព្រោះក្នុងចិត្តតែងតែលេចឡើងនូវរឿងអាក្រក់មកជាប់រហូត ទោះបីជាម្ខាងទៀតប្រាប់ការពិត ឬមិនការពិត តែសម្រាប់ម្នាក់ៗគឺនៅតែមានកូនចិត្តមួយមិនល្អ មិនជឿ អ្វីដែលគាត់ប្រាប់។ នេះហើយជាហេតុផលដែលធ្វើឲ្យទំនាក់ទំនងអ្នកគ្មានមានសេចក្ដីសុខ។

២. សង្ស័យមិនចេះចប់
មនុស្ស២នាក់នៅជាមួយគ្នាបើមិនជឿគ្នា អារម្មណ៍សង្ស័យនឹងកើតឡើងមិនចេះចប់។ សង្ស័យនេះ សង្ស័យនោះ នៅមិនស្ងប់ ទោះបីជាម្ខាងទៀតនៅជាមួយជាប់នឹងទ្រូងក៏ដោយក៏នៅតែគិតថាមានកំពុងលាក់បាំង។ និយាយរួម ខួរក្បាលគិតតែរឿងដែលគេកុហក គេក្បត់ ដែលពេលខ្លះបង្កជារឿងឈ្លោះគ្នា រហូតឈានដល់ការបែកបាក់ក៏មាន។
៣. អារម្មណ៍ស្រឡាញ់ថយចុះ
គ្មាននរណាម្នាក់ចង់នៅកន្លែងដែលតែងតែមានរឿងរហូតឡើយ គឺនិយាយឲ្យស្រួលស្តាប់ចាប់ផ្តើមហត់នឿយ ហើយក្តីស្រឡាញ់ក៏ថយទៅៗ សឹងតែពេលខ្លះហៅលែងលឺមកវិញ។

៤. អត្រាលែងលះខ្ពស់
ភាពជឿជាក់ ទំនុកចិត្ត និងក្តីសុខគឺសំខាន់ខ្លាំងក្នុងជីវិតជាគ្រួសារ ព្រោះបើចង់ឲ្យបង្កើតគ្រួសារដែលរឹងមាំ និងមានសុភមង្គល គឺម្នាក់ៗត្រូវមានការលះបង់ ការយល់យោគ ការសម្របខ្លួន ការកែតម្រូវ នឹងតស៊ូចាប់ដៃគ្នាគ្រប់រឿងរ៉ាវដែលចូលមក។
ជីវិតគូ មិនងាយស្រួលទេ បើរវល់តែមិនទុកចិត្តគ្នាជីវិតគ្រួសារនេះពិតជាពិបាកទៅមុខណាស់ ទោះបីជាអ្នកអះអាងថាស្រឡាញ់គ្នា ចង់នៅជាមួយគ្នាក៏ដោយ។