ទម្លាប់ ៥ យ៉ាង របស់មនុស្សស្រីឆ្លាត ដែលតែងតែមានក្នុងទំនាក់ ទំនងស្នេហា

Vachana-Website-Love-Family-3
ជាធម្មតាមនុស្សស្រីដែលឆ្លាតទោះបីជាមានស្នេហាក៏ពួកគេមិនដែលបោះបង់ខ្លួនឯងដែរ ព្រោះមនុស្សស្រីដែលឆ្លាតគឺ មានទំនុកចិត្ត ឯករាជ្យ និងស្គាល់ខ្លួនឯង។ លើសពីនេះពួកគេតែងតែឲ្យតម្លៃចំពោះខ្លួនឯងជាចម្បង និងចេះកំណត់ព្រំដែនក្នុងទំនាក់ទំនងស្នេហាដែលពួកគេកំពុងមាន។ ខាងក្រោមនេះជារឿង៥យ៉ាងដែលមនុស្សស្រីឆ្លាតមិនធ្វើក្នុងពេលមានស្នេហា៖
១. មិនបោះបង់ខ្លួនឯង
មានន័យថា ទោះបីស្ថិតក្នុងទំនាក់ទំនងស្នេហាបែបណាក៏ដោយ ពួកគេមិនដែលបោះបង់ក្តីសុខ និង ការស្រឡាញ់ខ្លួនឯងចោលនោះទេ ព្រោះពួកគេគិតថារឿងស្នេហាមិនអាចផ្តល់សុភមង្គលដល់គេទាំងស្រុងបានដែរ។ ជាការពិតណាស់ក្នុងទំនាក់ទំនងស្នេហាមួយដែលមិនទាន់ច្បាស់លាស់ អ្នកមិនគួរបោះបង់ចោលខ្លួនឯង ហើយមកពឹងផ្អែកលើទំនាក់ទំនងស្នហាទាំងអស់នោះទេ ព្រោះថាពេលខ្លះអ្នកមិនអាចទទួលបានក្តីសុខពេញលេញនោះទេ ដូចនេះហើយកុំបោះបង់ខ្លួនឯងទោះបីស្ថិតក្នុងទំនាក់ទំនងស្នេហា ឬ ក្នុងស្ថានភាពបែបណាក៏ដោយ។

២. ហ៊ានប្រឆាំងចំពោះការរំលោភសិទ្ធិផ្ទាល់ខ្លួន

មនុស្សស្រីដែលឆ្លាតនិង រឹងមាំ ​ដឹង​ថា​ការ​បំពាន​​គ្រប់​ប្រភេទ​គឺ​មិន​អាច​ទទួល​យក​បាន​ក្នុង​ទំនាក់ទំនង​ស្នេហា​ឡើយ នេះ​រួម​បញ្ចូល​ទាំង​ការ​បំពាន​ផ្លូវ​អារម្មណ៍ ផ្លូវ​កាយ និង​ពាក្យ​សម្ដី។ លើសពីនេះពួកគេមាន​ការគោរព​ខ្លួនឯង ហើយ​​ដឹង​ថា​ ពួកគេ​សម​នឹង​ទទួល​បាន​ការ​រាប់អាន​ដោយ​ភាពស្មោះត្រង់ ការគោរព និង​ការពិចារណា ទោះបីស្ថិតក្នុងទំនាក់ទំនងស្នេហា ឬ មិត្តភាពក៏ដោយ។ ម្យ៉ាងទៀតក្នុង​នាម​ជា​ស្ត្រី អ្នក​ត្រូវ​តែ​មាន​ភាព​ឯករាជ្យ ត្រូវហ៊ានដើរចេញ ព្រោះថាបើដៃគូរបស់អ្នកស្រឡាញ់អ្នកមែន គេត្រូវផ្តល់អារម្មណ៍សុវត្ថិភាពដល់អ្នក មិនមែនមានន័យថាអ្នកត្រូវតែសម្របតាមគ្រប់រឿងនោះទេ ដូចនេះអ្នកត្រូវ ចេះបត់បែនគ្រប់ស្ថានភាព។

៣. មិនខ្ជះខ្ជាយពេលវេលា
ប្រសិនបើពួកគេដឹងថា ស្នេហាមួយដែលមិនមានលទ្ធផល និង នាំឲ្យពួកគេខាតពេលនោះពួកគេនឹងបញ្ចប់វាភ្លាម ព្រោះថា ស្ត្រីដែលឆ្លាត និង មានស្តង់ដារខ្ពស់ មិនខ្លាចក្នុងដើរចេញពីទំនាក់ទំនងមួយដែលមិនទៅមុខ និង មិនមានភាពរីករាយនោះទេ ព្រោះពួកគេមិនចង់ចំណាយពេលដោយគ្មានបានលទ្ធផល។
៤. មិនសូវពឹងផ្អែកលើដៃគូ
ពិតណាស់មនុស្សស្រីដែលឆ្លាតមិនដែលយករឿងមួយចំនួនរបស់ខ្លួនទៅពឹងផ្អែកលើដៃគូឡើយ ព្រោះពួកគេយល់ថាធ្វើឲ្យដៃគូមានសម្ពាធដោយសារតែរឿងតូចៗដែលមិនបានការ។ ប្រសិនបើជាអ្នកគួរតែកុំពឹងផ្អែកលើដៃគូរបស់អ្នកច្រើនពេក ព្រោះពេលខ្លះ បើអ្នកទម្លាប់បែបនេះលើគេច្រើន ហើយសូម្បីតែរឿងតូចៗក៏អ្នកត្រូវតែមានគេជាខ្នងបង្អែកដែរ  ពេលនោះមានន័យថា អ្នកចាប់ផ្តើមបោះបង់ខ្លួនឯងចោលពីមួយថ្ងៃទៅមួយថ្ងៃដោយមិនដឹងខ្លួន។
៥. មិនចេះរញ៉េរញ៉ៃ តែចេះបត់បែន
មនុស្សស្រីដែលឆ្លាតពួកគេតែងតែរៀនសម្របខ្លួនចំពោះទិដ្ឋភាពដែលកើតឡើង និង រៀនចេះបត់បែនទៅតាមអ្វីដែលបានជួបប្រទះក្នុងទំនាក់ទំនងស្នេហា។ តែទោះជាយ៉ាងណា ប្រសិនបើរឿងនោះមិនល្អ គ្មានភាពស្មោះត្រង់នោះទេ ពួកគេក៏មិនងាយចុះសម្រុងដែរ ព្រោះពួកគេសង្កត់ធ្ងន់ទៅលើ តម្លៃនៃភាពស្មោះត្រង់ និងតម្លាភាពក្នុងទំនាក់ទំនងនោះ។
រឿងទាំង​អស់​នេះ​មិន​មាន​ន័យ​ថា​ស្ត្រី​ឆ្លាត​ ​ពិបាក​ផ្គាប់​ចិត្ត​នោះ​ទេ ផ្ទុយទៅវិញនាងគ្រាន់តែដឹងអំពីតម្លៃរបស់នាង ហើយដឹងថានាងសមនឹងទទួលបានដៃគូដែលមានឆន្ទៈក្នុងការខិតខំប្រឹងប្រែងដើម្បីបំពេញតម្រូវការរបស់នាង និងធ្វើឱ្យទំនាក់ទំនងដំណើរការ។
ប្រភព៖ lifeloveasweknowit.com
បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង