សញ្ញាដែលថា ដៃគូរបស់អ្នកគ្រាន់តែយកអ្នកលេងសើចមិនប្រាកដប្រជា

Love-&-Family-Ad

ក្នុងទំនាក់ទំនងស្នេហារបស់មនុស្ស ២នាក់ មានរយៈពេលវែង ឬខ្លី គឺអាស្រ័យថាតើដៃគូស្នេហារវាងនារី និងបុរសនោះមានការបេ្តជ្ញាចិត្តក្នុងទំនាក់ទំនងនោះប៉ុណ្ណោ។

ក្នុងនោះ ស្នេហាខ្លះក៏ស្ថិតនៅគង់វង្សយូរអង្វែង ខ្លះទៀតក៏បែកបាក់គ្នា ទាំងដែលទើបតែចាប់ផ្តើម ប៉ុន្ដែមិនប្រាកដថារាល់ ទំនាក់ទំនងទាំងនោះសុទ្ធសឹងតែជាស្នេហាពិត ប្រាកដនោះទេ ដូច្នេះអ្នកគួរតែយល់ដឹងពីសញ្ញាមួយចំនួន ដែលបញ្ជាក់ថាដៃគូរបស់អ្នកមិនបានប្រាកដប្រជា ជាមួយអ្នកនោះទេ ពោលគឺគេគ្រាន់តែយកអ្នកកំដរអារម្មណ៍ លេងសើចប៉ុណ្ណោះ។

១. គេមិនដែលណែនាំអ្នកឲ្យគ្រួសារ ឬមិត្តភក្តិគេស្គាល់អ្នក

ប្រសិនបើគេមានហេតុផលច្បាស់លាស់ក្នុងការមិនណែនាំអ្នក ឲ្យគ្រួសាររបស់គេស្គាល់ម្តងជាពីរដង វាមិនជាបញ្ហានោះទេដូចជាគ្រួសារ ឬមិត្តរបស់គេនៅឆ្ងាយជាដើម តែបើវាជាទម្លាប់ នោះមានន័យថាគេមិនមានគម្រោងរាប់បញ្ចូលអ្នកនៅក្នុងអនាគតរបស់គេនោះទេ។

២. គេមិនដែលចាត់ទុកអ្នកជាមនុស្សសំខាន់

ជាធម្មតាមនុស្សស្រលាញ់ គឺតែងតែចាត់ទុកគ្នាជាជម្រើសទីមួយជានិច្ច ទោះទៅណា ធ្វើអ្វីគឺគេតែងតែគិតដល់អ្នកជានិច្ច ដូចគេធ្លាប់និយាយថា បើមនុស្សម្នាក់នោះពិតជាស្រលាញ់អ្នកមែន ទោះរវល់យ៉ាងណាក៏គេចេះចែករំលែកពេលវេលាសម្រាប់អ្នកដែរ។

៣. គេមិនដែលនិយាយពីអនាគតជាមួយអ្នក

ពិតណាស់ពេលដែលមនុស្សម្នាក់នោះច្បាស់លាស់ជាមួយអ្នក គេប្រាកដជាបង្ហើបរឿងរៀបការ រឺគម្រោងជីវិតជាមួយអ្នកមិនខាន ប៉ុន្ដែបើគេមិនដែលនិយាយដល់រឿងនោះទេ មានន័យថាគេមិនបានគិតចង់រៀបការជាមួយអ្នក នោះទេ។

៤. គេមិនចង់ជួបគ្រួសារ និង មិត្តភក្តិរបស់អ្នក

ចំណុចនេះលេចឡើង នៅពេលអ្នកចង់ណែនាំគេឲ្យបានស្គាល់ញាតិមិត្ត ឬមិត្តរបស់អ្នក គេតែងតែប្តូរប្រធានបទ ឬព្យាយាមពន្យាពេល អមជាមួយនឹងលេសមិនឈប់។

៥. កាយនៅជាមួយអ្នក តែចិត្តហោះហើរទៅឆ្ងាយ

កន្លែងនេះគឺមានន័យថា រាល់ពេលដែលអ្នកនៅក្បែរគេម្តងៗ គេមើលទៅដូចជាមានពិភពផ្ទាល់ខ្លួនរបស់គេ ហើយមិនសូវជជែកលេងជាមួយអ្នក ផ្លឹកៗ និងឆាប់រវើរវាយគិតដល់រឿងផ្សេងទៀតជាដើម។

៦. គេមិនសូវជាតបសារ និងលើកទូរស័ព្ទរបស់អ្នក

នៅពេលដែលអ្នកខលទៅ គេមិនសូវជាលើក រឺមិនសូវតបសារ បើតបគឺទុកដល់យូរៗ​ គឺមានន័យថាគេទុករឿងផ្សេងសំខាន់ជាងអ្នកហើយ។

ដូចដែលបានរៀបរាប់ខាងលើ បើដៃគូរបស់អ្នកលេចចេញនូវសញ្ញាខាងលើ លើសពី ៣ចំណុចហើយ អ្នកអាចគិតគូរជួលជុលទំនាក់ទំនង ដូចជានិយាយគ្នាត្រង់ៗក៏បាន រឺក៏ចង់បញ្ចប់ទំនាក់ទំនងក៏បាន តាមតែការចាត់ចែងនិងគិតគូររបស់អ្នក។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង