ស្នេហា ជាអារម្មណ៍ស្មុគស្មាញដែលមានឥទ្ធិពលនាំមកនូវភាពស្រស់បំព្រងដ៏អស្ចារ្យ និង ពេលខ្លះបណ្ដាលឱ្យមានការឈឺចាប់ខ្លាំងលើសពីអ្វីដែលអ្នកបានគិត។ ជាពិសេស ស្នេហាមិនទាន់ពេញវ័យ អាចបំផ្លាញទំនាក់ទំនងយ៉ាងផុយស្រួយសម្រាប់ដៃគូមួយចំនួនដែលតែងតែធ្វើនៅពេលដែលខ្លួនមាន នៅក្នុងអត្ថបទនេះ នឹងបង្ហាញពីសញ្ញាទាំង ៤ នៃស្នេហាមិនទាន់ពេញវ័យដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ទំនាក់ទំនងស្នេហា។
១. ការប្រចណ្ឌដោយគ្មានហេតុផល
ការប្រចណ្ឌ គឺជាសញ្ញាដែលបញ្ជាក់ពីសេចក្តីស្រឡាញ់ទូទៅ ប៉ុន្តែការប្រចណ្ឌខុសរឿង និង គ្មានហេតុផល គឺជាសញ្ញានៃស្នេហាមិនទាន់ពេញវ័យ ។ ប៉ុន្តែ ការគិតវិជ្ជមាន និង មានភាពសុទិដ្ឋិនិយម ចំពោះមនុស្សជុំវិញខ្លួនគឺជា បំណងប្រាថ្នារបស់ដៃគូដែលចង់បាននៅក្នុងទំនាក់ទំនង។ ការប្រចណ្ឌខ្លាំង គឺជាមូលហេតុដែលធ្វើឲ្យការទុកចិត្ត និង អារម្មណ៍ស្រឡាញ់ ត្រូវបាត់បង់ ដូចជា ភាពមិនស៊ីសង្វាក់គ្នា និងការប្រចណ្ឌជ្រុលពេក អាចនាំឱ្យមានអារម្មណ៍ ធុញថប់ ការមិនទុកចិត្ត និងការអន់ចិត្តក្នុងទំនាក់ទំនង ដែលបង្ហាញថាស្នេហាអ្នកនៅក្មេងវ័យ។

២. ការរំពឹងទុកហួសហេតុ
ការរំពឹងទុកច្រើនចំពោះដៃគូ ជាសញ្ញាមួយទៀតនៃសេចក្ដីស្រឡាញ់ដែលមិនពេញចិត្ត និង បញ្ជាក់ថាអ្នកនៅតែមានចរឹកក្មេងខ្ចី ដោយពាក់ព័ន្ធនឹងការរំពឹងទុកមិនសមហេតុផលពីដៃគូរបស់អ្នក ឬ ក្នុងទំនាក់ទំនង ដែលនាំឱ្យមានការខកចិត្ត ។ ជាឧទាហរណ៍ ការរំពឹងថាដៃគូរបស់អ្នកនឹងបំពេញតម្រូវការផ្លូវចិត្តរបស់អ្នកទាំងអស់ និង រំពឹងថាទំនាក់ទំនងរបស់អ្នកនឹងល្អឥតខ្ចោះ ប៉ុន្តែបែរជាផ្ទុយស្រឡះខុសពីការគិត និង ការរំពឹងទុក នាំឱ្យមានអារម្មណ៍ថា ខកចិត្ត និងមិនពេញចិត្ត ដែលនាំឱ្យទំនាក់ទំនងងាយបែកបាក់ និង ប្រេះស្រាំ។

៣. ជាអារម្មណ៍ត្រូវការតែមិនមែនស្រឡាញ់
ពិតណាស់ក្តីស្រឡាញ់ខ្លះ គឺមិនមែនជាក្តីស្រឡាញ់ចេញពីចិត្តទាំងអស់នោះទេ ព្រោះនៅពេលដែលអ្នកស្ថិតក្នុងទំនាក់ទំនងមួយដែលក្មេងវ័យ អ្នកប្រាកដជាត្រូវការមនុស្សម្នាក់ជាជាងស្រឡាញ់មនុស្សម្នាក់ក្នុងជីវិត ដោយសារតែអ្នកមិនអាចបែងចែកអារម្មណ៍ស្រឡាញ់ និង អារម្មណ៍ត្រូវការឲ្យបានច្បាស់ឡើយ ដូចនេះហើយអ្នកនៅស្រពិចស្រពិលចំពោះក្តីស្រឡាញ់ដែលអ្នកមាន។ ម្យ៉ាងទៀត ក្តីស្រឡាញ់មិនទាន់ពេញវ័យ គឺមិនចេះអត់ធ្មត់ចំពោះគ្នា និង ចង់តែឈ្នះដៃគូរៀងខ្លួន និង ឆាប់បាត់បង់អារម្មណ៍រំភើបក្នុងទំនាក់ទំនងមិនដូចថ្ងៃដំបូងដែលអ្នកបានចាប់ផ្តើម។

៤. ឆាប់ស្រឡាញ់ ក៏ ឆាប់អស់ចិត្ត
នៅពេលដែលក្តីស្រឡាញ់អ្នកមិនទាន់មានភាពចាស់ទុំ អ្នកស្រឡាញ់មនុស្សម្នាក់បានតែមួយឆាវប៉ុណ្ណោះ ប្រៀបបានដូចជាស្នេហាភ្លើងចំបើងដែលឆេះតែមួយភ្លែតរួចក៏រលត់ទៅវិញ។ លើសពីនេះ អ្នកឆាប់អស់ចិត្តស្រឡាញ់ពីនរណាម្នាក់ភ្លាមដោយមិនដឹងពីមូលហេតុ ប្រហែលជាអ្នកបានជួបមនុស្សម្នាក់ទៀតដែលមានចំណុចពិសេសលើសពីមនុស្សដែលអ្នកស្រឡាញ់ ទើបអ្នកងាយបាត់បង់អារម្មណ៍បែបនេះ។

ចង់ដឹងខ្លួនឯងស្ថិតក្នុងក្តីស្រឡាញ់ចាស់ទុំ ឬ ជាក្តីស្រឡាញ់ក្មេងខ្ចីត្រូវសួរចិត្តខ្លួនឯងសិន ចេះអត់ធ្មត់ក្នុងទំនាក់ទំនងបានកម្រិតណា អាចស្រឡាញ់មនុស្សម្នាក់បានយូរប៉ុណ្ណា និង គ្រប់គ្រងអារម្មណ៍ចំពោះមនុស្សជុំវិញខ្លួនដើម្បីសេ្នហារបស់អ្នកឲ្យបានល្អប៉ុណ្ណា នេះជាអ្វីដែលអ្នកត្រូវប្រាកដចិត្តនៅពេលដែលចាប់ផ្តើមស្នេហា ដើម្បីកុំឲ្យខាតពេលចំពោះស្នេហាដែលលេងសើច។
បញ្ចេញមតិយោបល់