ដឹងទេមនុស្សស្រីមិនងាយចិត្តដាច់ចំពោះមនុស្សដែលនាងស្រឡាញ់ឡើយ ទោះបីជាពួកគេតែងតែសាងកំហុស ក៏នាងនៅតែលើកលែងទោសសម្រាប់កំហុសទាំងនោះ។ លើសពីនេះមនុស្សស្រីពូកែទ្រាំខ្លាំងណាស់ រហូតមានពេលខ្លះនាងសុខចិត្តស៊ូទ្រាំនៅក្នុងទំនាក់ទំនងដែលគ្មានសុភមង្គល និង មិនសប្បាយចិត្ត ហើយមិនព្រមដោះលែងឲ្យខ្លួនឯងចេញរួចផុតពីស្ថានភាពនោះ។ ខាងក្រោមនេះជាហេតុផលសាមញ្ញដែលមនុស្សស្រីនៅតែស៊ូទ្រាំក្នុងទំនាក់ទំនងមិនល្អជាមួយបុរសដែលនាងស្រឡាញ់៖
១. នាងមិនទម្លាប់នឹងជីវិតដែលនៅម្នាក់ឯង
ចំណុចនេះប្រហែលជាហេតុផលមួយសម្រាប់មនុស្សស្រីដែលអាចនៅក្នុងទំនាក់ទំនងដែលមិនល្អ ព្រោះពេលខ្លះ មនុស្សម្នាក់អាចស៊ាំនឹងទំនាក់ទំនងស្នេហាយ៉ាងខ្លាំង រហូតដល់នាងគិតថាជីវិតអាចនឹងប្រែទៅជាអាក្រក់ ប្រសិនបើនាងនៅម្នាក់ឯង។ ម្យ៉ាងទៀតនាងគិតថានាងបានចំណាយពេលរបស់ខ្លួនឯងក្នុងការនៅជាមួយដៃគូអស់រយៈពេលជាយូរមកហើយ ប្រសិនបើបញ្ចប់ទៅបែបនេះគឺស្តាយពេលវេលាណាស់។

២. នាងខ្មាស់អៀនក្នុងការទទួលស្គាល់ថាទំនាក់ទំនងដែលនាងជ្រើសរើសគឺខុស
មនុស្សស្រីមួយចំនួនពោរពេញដោយមោទនភាពរហូតដល់ថ្នាក់នឹងប្រកាន់ខ្ជាប់នូវអ្វីដែលគ្មានន័យសម្រាប់ពួកគេ ដោយពួកគេមិនចង់ទទួលស្គាល់ពីការសម្រេចចិត្តរបស់ខ្លួន។ បន្ថែមពីនេះ មនុស្សស្រីប្រភេទនេះ គឺចង់ឲ្យអ្នកដទៃយល់ថា នាងអាចរក្សាទំនាក់ទំនងបានយូរទោះបីជាវាធ្វើឱ្យពួកគេមិនសប្បាយចិត្ត ឬ ឈឺចាប់ក៏ដោយ ព្រោះនាងបានសម្រេចចិត្តខុសទៅហើយ។

៣. នាងស្រឡាញ់ដៃគូខ្លាំងពេក
មានមនុស្សស្រីជាច្រើន កំសាកមិនហ៊ានដើរចេញពីមនុស្សដែលខ្លួនស្រឡាញ់ទោះបីជាពួកគេឈឺចាប់ខ្លាំងប៉ុណ្ណាក៏ដោយ នេះព្រោះពួកគេស្រឡាញ់មនុស្សម្នាក់នោះខ្លាំងពេក រហូតធ្វើឲ្យខ្លួនឯងទម្លាប់អត់គេនៅក្នុងជីវិតមិនបាន។ សំខាន់ជាងនេះ យើងបានឃើញជាញឹកញាប់ ដោយសារតែមនុស្សស្រីមានមនោសញ្ចេតនាច្រើនជាងមនុស្សប្រុសទើបទន់ជ្រាយក្នុងការដើរចេញពីទំនាក់ទំនងដែលគ្មានក្តីសុខបែបនេះ ទើបតែស៊ូទ្រាំក្នុងទំនាក់ទំនងដែលមិនល្អ។

៤. នាងភ័យខ្លាចក្នុងការចាប់ផ្តើមថ្មី
មិនមែននាងគ្មានជម្រើសនោះទេ ប៉ុន្តែនាងមិនហ៊ានចាប់ផ្តើមសារជាថ្មីជាមួយនរណាម្នាក់ ដោយភ័យខ្លាចថាមនុស្សទាំងនោះមិនល្អដូចពេលដំបូង ប្រៀបដូចជាស្នេហាដែលនាងកំពុងស្ថិតនៅដូចគ្នា បើបែបនេះដដែលនាងសុខចិត្តទ្រាំនៅជាមួយដៃគូរបស់នាងល្អជាង។ ជាជម្រើសល្អប្រសិនបើនាងគិតថា មនុស្សប្រុសទាំងនោះមិនល្អទេ អាចសាកល្បងនៅម្នាក់ឯងសិនក៏បាន កុំទ្រាំស្ថិតក្នុងទំនាក់ទំនងដែលធ្វើឲ្យខ្លួនឯងមិនសប្បាយចិត្តរាល់ថ្ងៃអី។

ស្នេហា មិនមែនជាការឃុំឃាំង ប៉ុន្តែជាការដោះលែងខ្លួនឯងឲ្យចេញផុតពី កន្លែងដែលគ្មានក្តីសុខ ហើយមិនមែនជារឿងដែលអ្នកត្រូវតែទ្រាំរហូតនោះទេ ដូច្នេះកុំភ័យខ្លាចក្នុងការដើរចេញពីមនុស្សដែលមិនឲ្យតម្លៃអ្នក និង ទំនាក់ទំនងដែលគ្មានន័យ សាកល្បងរៀនរស់នៅតាមរបៀបខ្លួនឯងម្តងទៅ ប្រហែលផ្លូវចិត្តរបស់អ្នកអាចធូរស្រាលជាងពេលមានស្នេហាក៏ថាបាន។
ប្រភព៖ relationship rules