នៅពេលដែលមនុស្សស្រី ដាក់ចិត្តថាស្រលាញ់នរណាម្នាក់ គឺពួកគេតែងតែមានការលះបង់ជាច្រើន សម្រាប់មនុស្សប្រុសដែលនាងស្រលាញ់ ព្រោះតែក្តីស្រលាញ់ ហើយការលះបង់របស់ពួកគេពេលខ្លះ ស្ទើរតែភ្លេច គិតពីខ្លួនឯងទៀតផង តែមនុស្សប្រុសភាគច្រើន មិនសូវជាបានដឹងនោះទេ។
១. លះបង់ពេលវេលា
មនុស្សស្រីពេលដែលនាងដាក់ចិត្តស្រលាញ់អ្នកណាម្នាក់ហើយ នាងតែងតែលះបង់ពេលវេលារបស់នាង ចង់នៅជាមួយមនុស្សប្រុសម្នាក់នោះ ដែលពេលខ្លះនាងបានបោះបង់ពេលវេលាពិសេសរបស់ខ្លួន ដើម្បីបាននៅជិតមនុស្សដែលនាងស្រលាញ់ថែមទៀត អញ្ចឹងហើយមនុស្សប្រុសក៏គួរតែមើលឃើញ ពីការលះបង់ របស់នាងផង។

២. លះបង់ភាពស្និទ្ធស្នាល ជាមួយមនុស្សជុំវិញខ្លួន
មនុស្សស្រីជាច្រើនពេលដែលចាប់ផ្តើមទាក់ទងនរណាម្នាក់ នាងតែងតែលះបង់ភាពស្និទ្ធស្នាល ជាមួយមនុស្សជុំវិញខ្លួន ព្រោះតែមិនចង់ឲ្យមនុស្សដែលនាងស្រលាញ់ មានអារម្មណ៍មិនល្អ លើសពីនេះពេលខ្លះនាងក៏អាចបាត់មិត្តភាពទៀតផង ដោយសារតែការរក្សាគម្លាតពីមិត្តភក្ដិ។

៣. លះបង់សេចក្តីសុខខ្លួនឯង
ចំណុចមួយរបស់ស្រីដែលមិនអាចប្រកែកបាន គឺការលះបង់សេចក្តីសុខរបស់ខ្លួនឯង ជូនចំពោះមនុស្សដែលនាងស្រលាញ់ អញ្ចឹងហើយមនុស្សប្រុសគួរតែរៀនយល់ និងមើលឃើញពីការលះបង់របស់មនុស្សស្រីខ្លះផង។

៤. លះបង់សម្រស់
ចំពោះមនុស្សស្រីដែលរៀបការហើយ ការលះបង់ដ៏ធំបំផុតក្នុងជីវិតជាមនុស្សស្រី គឺការលះបង់សម្រស់ ដោយការបង្កើតកូនឲ្យមនុស្សប្រុសដែលខ្លួនស្រលាញ់ ទោះជាសម្រស់ត្រូវប្រែប្រួលក៏ដោយ។

៥. លះបង់ការងារ
ភាគច្រើននៃមនុស្សស្រីឲ្យតែរៀបការមានគ្រួសារហើយ គឺតែងតែលាឈប់ពីធ្វើការ ដើម្បីធ្វើខ្លួនឲ្យ ក្លាយទៅជាប្រពន្ធដ៏ល្អម្នាក់ម្នាក់សម្រាប់ប្តី ដូច្នេះមនុស្សប្រុសកុំមើលរំលងពីការលះបង់របស់នាងឲ្យសោះ ព្រោះថាមនុស្សស្រីសម័យនេះ ចូលចិត្តចូលក្នុងសង្គមមិនមែននៅតែផ្ទះទេ។

ដូចដែលបានរៀបរាប់ខាងលើ មនុស្សស្រីម្នាក់ៗមានការលះបង់តិចច្រើន ទៅតាមស្ថានភាពរបស់ពួកគេ តែយ៉ាងណាក៏មនុស្សស្រីនៅតែមានការលះបង់ច្រើនជាមនុស្សប្រុសដែរ ហេតុដូច្នេះហើយ សូមមនុស្សប្រុសមើលឃើញ និងឲ្យតម្លៃដល់នាងផង។