តើស្រលាញ់គ្នាបែបណា ទើបអាចទុកចិត្តលើគ្នាបាន?

Love-&-Family-Ad

ជាការពិតដែលថា នៅពេលដែលមនុស្សពីនាក់ស្រលាញ់គ្នា អ្វីដែលត្រូវការជាចាំបាច់នោះគឺការជឿទុកចិត្តគ្នាទៅវិយទៅមក ដោយមិនមានការសង្ស័យចំពោះគ្នា ព្រោះបើទំនាក់ទំនងដែលមានការមិនទុកចិត្តលើគ្នា ចេះតែសង្ស័យគ្នលិចកើតហើយនោះ គឺមិនអាចស្រឡាញ់និងនៅជាមួយគ្នាបានយូរនោះទេ។

ដូច្នេះប្រសិនបើអ្នកដាក់ចិត្តថាស្រលាញ់គ្នា ចង់ដើរតាមផ្លូវតែមួយរហូតដល់ចាស់ជាគូរហើយ អ្នកគួរតែរៀនមានទំនុកចិត្តលើគ្នា ហើយបើសិនបើអ្នកមិនអាចរកដំណោះស្រាយ រឺវិធីក្នុងការកសាងទំនុកចិត្តឲ្យគ្នាបាននោះទេ អ្នកអាចជ្រើសយកវិធីមួយចំនួនដូចដែលបានរៀនរាប់ខាងក្រោម ទៅប្រើប្រាស់បានដើម្បីបង្កើនជាទំនុកចិត្តចំពោះគ្នាទៅវិញទៅមក។

១. ជៀសវាងការនិយាយកុហកគ្នា

មនុស្សពីរនាក់ចាប់ផ្តើមមិនទុកចិត្តគ្នា គឺកើតចេញពីមានការកុហកភូតភរគ្នា ដូច្នេះសូមព្យាយាមនិយាយត្រង់ៗជាមួយគញនា មិនថារឿងតូចរឺធំ ព្រោះការដែលនិយាយកុហកគ្នាតាំងពីដើមមក ធ្វើឲ្យទំនុកចិត្ត ភាពជឿជាក់និងក្តីស្រឡាញ់ក៏បាត់បង់បន្តិចម្តងៗទៅតាមនោះដែរ។

២. ស្មោះត្រង់នឹងគ្នា

ភាពមានទំនុកចិត្ត និងជឿជាក់លើគ្នាទៅវិញទៅមក អាចកើតមានឡើងនៅពេលដែលមនុស្សពីរនាក់ស្រឡាញ់គ្នា អមជាមួយនឹងភាពស្មោះត្រង់នឹងគ្នា ជាពិសេសគឺមិនធ្លាប់បានក្បត់ចិត្តគ្នា ព្រោះអ្វីដែលអាចឲ្យជឿជាក់លើគ្នាបាន  គឺមានតែបង្ហាញតាមរយៈទង្វើជាក់ស្ដែង មិនមែនត្រឹមតែតាមរយៈពាក្យសម្តី តែប៉ុន្មានម៉ាត់នោះទេ។

៣. ប្រើហេតុផលជាចម្បង

គូស្នេហ៍ណាដែលថាមិនចេះប្រច័ណ្ឌហួងហែងគ្នានោះ មិនមែនមានន័យថាពួកគេមិនស្រលាញ់គ្នាខ្លាំងនោះទេ គ្រាន់តែពួកគេចេះប្រើហេតុផលត្រឹមត្រូវដាក់គ្នា មិនមែនប្រើអារម្មណ៍មួយឆាវដាក់គ្នា ដែលធ្វើឲ្យទំនាក់ទំនងស្នេហាកាន់តែមានបញ្ហានឹងគ្នា ហេតុនេះហើយចង់ឲ្យចេះមានការជឿជាក់លើគ្នា មនុស្សពីរនាក់ត្រូវប្រើហេតុផលជាចម្បងទើបមិនអាចបាត់បង់ទំនុកចិត្តលើគ្នា។

៤. គិតលើគ្នាក្នុងផ្លូវវិជ្ជមានជានិច្ច

ភាគច្រើននៃគូស្នេហ៍ដែលគ្មានទំនុកចិត្តលើគ្នា គឺដោយសារតែម្នាក់ៗ តែងតែគិតលើគ្នាក្នុងផ្លូវអវិជ្ជមាន ព្រោះពេលខ្លះការយកអ្វីមួយមកគិត និងសន្និដ្ឋានដោយខ្លួនឯង ទាំងដែលមិនទាន់ដឹងច្បាស់ ទើបចេះតែសង្ស័យនេះ សង្ស័យនោះក៏កើតមានរឿងអវិជ្ជមានឡើង ប៉ុន្តែសម្រាប់គូស្នេហ៍ដែលគេតែងតែ គិតគ្នាក្នុងផ្លូវវិជ្ជមានទោះបីមានអ្នកដទៃនិយាយអ្វី ក៏ពួកគេមិនអាចបាត់បង់ទំនុកចិត្តលើគ្នាដែរ។

៥. មិនយកអ្នកដទៃ មកឡូកឡំក្នុងទំនាក់ទំនងមនុស្សពីរនាក់

នៅក្នុងទំនាក់ទំនងស្នេហារវាងមនុស្សពីរនាក់ ប្រសិនបើយកអ្នកដទៃមកឡូកឡំជាមួយ នោះទំនុកចិត្ត និងការជឿជាក់លើគ្នានឹងត្រូវបាត់បង់ភ្លាមៗ ព្រោះរឿងរ៉ាវស្នេហា មានតែអ្នកនិងគូស្នេហ៍របស់អ្នកតែប៉ុណ្ណោះ ដែលដឹងច្បាស់ថាបែបណា អ្នកដទៃដឹងត្រឹមតែលឺតពីអ្នក គេមិនបានដឹងច្បាស់ឡើយ ម្យ៉ាងអ្នកដទៃចាំតែសើចយំអ្នកទេ ដូច្នេះបើចង់ស្រលាញ់គ្នាដោយចេះមានការជឿជាក់លើគ្នា ដាច់ខាតកុំឲ្យអ្នកណាម្នាក់មកឡូកឡំនឹងស្នេហាអ្នក។

ជាក់ស្តែងប៉ុន្មានបំណុចខាងលើនេះ បើស្តាប់ទៅហាក់ដូចជាងាយស្រួលណាស់ តែមានមិនច្រើនអ្នកទេដែលអាចធ្វើបាន ព្រោះអ្នកខ្លះដឹងប៉ុន្តែពួកគេចេះតែភ្លេចខ្លួនបំពាន ដូច្នេះប្រសិនបើអ្នកពិតជាចង់រក្សាទំនាក់ទំនង និងទំនុកចិត្តចំពោះគ្នា ចូលរំលឹកខ្លួនឯងជានិច្ចនូវចំណុចសំខាន់ខាងលើ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល contact.vachanamedia@gmail.com ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង