
ក្នុងទំនាក់ទំនងស្នេហាអារម្មណ៍គឺសំខាន់ណាស់ ព្រោះមនុស្សពីរនាក់អាចនៅជាមួយគ្នាឬអត់អាស្រ័យលើចិត្តគំនិត និងអារម្មណ៍របស់ពួកគេ។ ម្យ៉ាងទៀតគូស្នេហ៍ដែលអាចនៅជាមួយគ្នាយូរតែងតែមានការយោគយល់ និង មានរឿងខ្លះពួកគេមិនដែលទាមទារ ឬចង់បានពីដៃគូឡើយ។ ដោយសារតែពេលខ្លះរឿងទាំងអស់និងអាចជាមូលហេតុដែលធ្វើឲ្យទំនាក់ទំនងរបស់អ្នកងាយបែកបាក់។ ថ្ងៃនេះ វចនានិងបង្ហាញពីចំណុច៥យ៉ាងដែលអាចបំផ្លាញទំនាក់ទំនងអ្នកពីមួយថ្ងៃទៅមួយថ្ងៃដោយមិនដឹងខ្លួន។
១. ទាមទារច្រើន
ពិតណាស់សម្រាប់ស្នេហាតែងមានការចង់បាន ឬ ទាមទារចំពោះដៃគូជាពិសេសមនុស្សស្រី តែងតែចង់ឲ្យដៃគូបំពេញនូវអ្វីដែលខ្លួនចង់បានឬធ្វើអ្វីដើម្បីឲ្យខ្លួនសប្បាយចិត្ត។ ប៉ុន្តែការទាមទាររបស់អ្នកត្រូវមានដែនកំណត់ ព្រោះគ្មានអ្នកណាម្នាក់អាចបំពេញសេចក្តីត្រូវការអ្នកទាំងអស់នោះទេ ការចង់បានហួសហេតុពេក អាចជាបញ្ហាដែលធ្វើឲ្យទំនាក់ទំនងអ្នកកាន់តែឃ្លាតឆ្ងាយ។

២. ចូលចិត្តប្រៀបធៀប
ចំពោះដៃគូអ្នកមិនគួរប្រៀបធៀបគេជាមួយអ្នកដទៃច្រើនទេ ក៏មិនគួរគិតថាម្នាក់ហ្នឹងសមឬអត់ដែរ ព្រោះមនុស្សម្នាក់ៗមានចំនុចល្អរៀងខ្លួន។ ពេលខ្លះអ្នកមិនគួរយករឿងល្អៗដែលអ្នកបានឃើញពីអ្នកដទៃមកប្រៀបធៀបនិងមនុស្សដែលអ្នកស្រឡាញ់នោះទេ ធ្វើបែបនេះមិនខុសពីសម្លាប់ទឹកចិត្តដែលគេមានចំពោះអ្នកឡើយ។ លើសពីនេះរឹតតែមិនគួរប្រៀបធៀបជាមួយអ្នកចាស់ ឬអ្នកដែលតាមចែចង់អ្នក ព្រោះវាពិតជារឿងដែលពិបាកទទួលយកណាស់។
៣. យកភាពឆេវឆាវដាក់មុខ
ស្នេហាណាក៏មានពេលឈ្លោះគ្នាដែរ ព្រោះមានទាំងការប្រចណ្ឌ ការខឹង ប៉ុន្តែអ្វីដែលសំខាន់ បើអ្នកមិនចេះគ្រប់គ្រងអារម្មណ៍ហើយយកកំហឹងមកដាក់មុខវានិងបំផ្លាញ រឿងល្អៗដែលអ្នកមាន និងអារម្មណ៍ដែលអ្នកបានសាងចំពោះគ្នា។ រៀនទប់អារម្មណ៍ ហើយចេះស្តាប់ហេតុផលគ្នា ហើយកុំជះកំហឹងតាមចិតចង់ ព្រោះពេលខ្លះរឿងតូចសោះវាអាចទៅជាធំ។

៤. ចង់បានសម្ភារៈនិយមជ្រុល
កាដូជារបស់ម្យ៉ាងដែលបានពីមនុស្សដែលអ្នកស្រឡាញ់ទើបមានន័យ ប៉ុន្តែបើអ្នកចង់បានច្រើនពេកក៏មិនកើតដែរ ព្រោះរបស់ទាំងអស់ដែលគេផ្តល់ឲ្យអ្នកសុទ្ធតែដោយសារក្តីស្រលាញ់។ បើអ្នកចង់បានដោយមិនគិតពីគេនឹងធ្វើឲ្យគេមានសម្ពាធ និងព្យាយាមដកចិត្តពីអ្នក ព្រោះគេក្តីស្រឡាញ់មិនមែនជាកាដូថ្លៃៗដែលត្រូវផ្តល់ឲ្យរហូតទេ។ អ្វីក៏ដោយកុំបង្ខំ ជាពិសេសការផ្ដល់ឲ្យនូវអ្វីមួយ ព្រោះវាបង្ហាញពីសន្តានចិត្ត។
៥. ចូលចិត្តរំលឹកអតីតកាល
រឿងអតីតកាលអ្នកណាក៏មានដែរ ប៉ុន្តែមិនគួររំលឹក ឬសើរើរទេព្រោះវាអាចបំផ្លាញទំនាក់ទំនងស្នេហារបស់អ្នក។ ទោះបីគេស្រឡាញ់អ្នកប៉ុណ្ណាក៏ដោយ ឲ្យតែអ្នកចូលចិត្តលើកយកអតីតកាលរបស់គេមកនិយាយ មិនខុសពីសម្លាប់ស្នេហាដែលគេកំពុងមានឲ្យអ្នកនោះឡើយ។

ចង់បានស្នេហាដែលល្អឥតខ្ចោះវាមិនមានទេលើលោក ប៉ុន្តែស្នេហាដែលសាមញ្ញហើយយល់ចិត្តគ្នានិងចង់ដើរទៅមុខជាមួយគ្នា អ្នកគួរតែរំលងនៅចំណុចទាំង៥ ព្រោះវាជាអ្វីដែលធ្វើឲ្យទំនាក់ទំនងស្នេហារបស់អ្នកមិនអាចល្អនិងស្ថិតស្ថេរបានទេ។