នៅពេលដែលអ្នកស្រឡាញ់អ្នកណាម្នាក់ខ្លាំង អ្នកតែងតែចង់ឲ្យគេធ្វើរឿងទាំងនោះសម្រាប់អ្នក ប៉ុន្តែអ្នកគួរតែរៀនគ្រប់គ្រងខ្លួនឯងកុំឲ្យទាមទារ ទៅលើដៃគូច្រើនពេកទេ ព្រោះពេលខ្លះអាចធ្វើឲ្យពួកគេរងសម្ពាធ ដោយអ្នកមិនបានចាប់អារម្មណ៍។ ខាងក្រោមនេះជារឿងទាំង៥ ប្រភេទដែលអ្នកមិនគួរទាមទារពីដៃគូរបស់អ្នកឡើយ៖
១. កុំតាមទារក្តីស្រឡាញ់
ពិតណាស់មនុស្សដែលស្រឡាញ់អ្នកគេនឹងធ្វើឲ្យអ្នកឃើញពីក្តីស្រឡាញ់ដែលគេមានចំពោះអ្នកដោយអ្នកមិនចាំបាច់សុំ ដូចនេះអ្នកមិនចាំបាច់ទាមទារក្តីស្រឡាញ់ពីដៃគូនោះទេ ព្រោះក្តីស្រឡាញ់ដែលបានមកពីការបង្ខំ គឺគ្មានសុភមង្គលឡើយ។ ម្យ៉ាងទៀតមនុស្សដែលស្រឡាញ់អ្នក នឹងផ្តល់ក្តីស្រឡាញ់ឲ្យអ្នក មើលថែអ្នក ដោយគ្មានលក្ខខណ្ឌ។

២. កុំទាមទារឲ្យគេទិញអ្វីសម្រាប់អ្នក
ជឿថាក្តីស្រឡាញ់មិនមែនយករបស់មកបញ្ជាក់នោះទេ ប៉ុន្តែមនុស្សដែលស្រឡាញ់អ្នកគេច្បាស់ជាចង់ចំណាយលុយរបស់គេទៅលើខ្លួនរបស់អ្នកហើយ ប៉ុន្តែអ្នកក៏មិនគួរទាមទារហួសហេតុពេកដែរ ព្រោះនៅពេលដែលអ្នកទាមទារលើសកម្រិត ទំនាក់ទំនងរបស់អ្នកនឹងមានការប្រែប្រួល។ លើសពីនេះអ្នកគួរតែឲ្យគេផ្តល់ឲ្យអ្នកចេញពីចិត្តវិញតែបើអ្នកអាចទិញសម្រាប់ខ្លួនឯឯងក៏ជារឿងល្អ។
៣. កុំទាមទារចង់ដឹងរឿងផ្ទាល់ខ្លួនរបស់ដៃគូ
ពិតណាស់នរណាម្នាក់ក៏មានរឿងផ្ទាល់ខ្លួនដែលមិនចង់ឲ្យគេដឹងដែរ ដូចនេះប្រសិនបើដៃគូរបស់អ្នកមិនចង់ឲ្យអ្នកដឹងរឿងផ្ទាល់ខ្លួនរបស់គេ អ្នកក៏មិនគួរជជីកសួរគេច្រើនដែរ ជ្រើសយកការស្ងៀមស្ងាត់អាចជារឿងមួយដែលល្អក៏ថាបាន។ លើសពីនេះ ប្រសិនបើអ្នកឃើញគាត់ពិបាកចិត្តពេក គួរតែព្យាយាមលោងលោមដើម្បីឲ្យគាត់ចង់ប្រាប់អ្នកដោយខ្លួនឯងជាជាងទៅសួរគាត់។

៤. កុំទាមទារឲ្យគេ show off ពីអ្នក
រឿងនេះអ្នកមិនចាំបាច់ព្យាយាមឲ្យដៃគូរបស់អ្នកបង្ហាញពីអ្នកក្នុងបណ្តាញសង្គមនោះទេ ព្រោះនៅពេលដែលគេស្រឡាញ់អ្នកពិតគេ មិនដែលខ្លាចក្នុងការណែនាំអ្នកទៅកាន់មនុស្សជុំវិញខ្លួនគេឡើយ។ បន្ថែមពីនេះ គេនឹងព្យាយាម show off អ្វីដែលទាកទងនឹងអ្នក ដោយអ្នកមិនចាំបាច់សុំ នេះគឺជាក្តីស្រឡាញ់មួយដែលគេផ្តល់ឲ្យអ្នកឃើញចេញពីចិត្តរបស់គេ។

៥. កុំទាមទារឲ្យគេទុកអ្នកសំខាន់គ្រប់ពេល
ត្រូវចាំថានរណាម្នាក់ក៏មានការសំខាន់រៀងខ្លួនដែរ ដូចនេះពេលខ្លះអ្នកមិនអាចជាមនុស្សទីមួយរហូតនោះទេ ត្រូវមានចិត្តទូលាយ និង ចេះស្តាប់ហេតុផលរបស់គេ ធ្វើបែបនេះទើបទំនាក់ទំនងរបស់អ្នកនឹងមិនងាយប្រែប្រួលឡើយ។ លើសពីនេះកុំព្យាយាមទាមទារធ្វើជាមនុស្សទីមួយក្នុងជីវិតរបស់គេ ព្រោះនៅពេលដែលអ្នកទាមទារច្រើនពេកដៃគូរបស់អ្នកក៏មិនអាចផ្គាប់ចិត្តរបស់អ្នកមួយរយភាគរយបានដែរ។

កុំទម្លាប់ទាមទារអ្វីពីមនុស្សដែលអ្នកស្រឡាញ់ខ្លាំងពេក ព្រោះការដែលអ្នកចង់បានគឺមិនអាចដូចចិត្តទាំងអស់នោះទេ ដូច្នេះទម្លាប់ធ្វើធម្មតាៗទៅទើបមិនសូវខកចិត្ត។ លើសពីនេះការស្រឡាញ់ខ្លះមិនមែនជាការបង្ខំទេ ប៉ុន្តែជាការដែលអ្នកផ្តល់ឲ្យគ្នាទៅវិញទៅមក។
បញ្ចេញមតិយោបល់