សញ្ញាទាំង ៤ នៃសេចក្តីស្រឡាញ់មិនទាន់ពេញវ័យក្នុងទំនាក់ទំនងស្នេហា

Vachana-Website-Love-Family-4
ស្នេហា ​ជា​អារម្មណ៍​ស្មុគ​ស្មាញ​ដែល​មាន​ឥទ្ធិពលនាំ​មក​នូវ​ភាពស្រស់បំព្រងដ៏​អស្ចារ្យ និង ពេលខ្លះ​បណ្ដាល​ឱ្យ​មាន​ការ​ឈឺ​ចាប់​ខ្លាំងលើសពីអ្វីដែលអ្នកបានគិត។ ជាពិសេស ស្នេហាមិនទាន់ពេញវ័យ អាចបំផ្លាញទំនាក់ទំនងយ៉ាងផុយស្រួយសម្រាប់ដៃគូមួយចំនួនដែលតែងតែធ្វើនៅពេលដែលខ្លួនមាន នៅក្នុងអត្ថបទនេះ នឹងបង្ហាញពីសញ្ញាទាំង ៤ នៃស្នេហាមិនទាន់ពេញវ័យដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ទំនាក់ទំនងស្នេហា។
១. ការប្រចណ្ឌដោយគ្មានហេតុផល

ការ​ប្រចណ្ឌ ​គឺជា​សញ្ញា​​ដែលបញ្ជាក់ពី​សេចក្តី​ស្រឡាញ់​ទូទៅ ប៉ុន្តែការប្រចណ្ឌខុសរឿង និង គ្មានហេតុផល គឺជាសញ្ញានៃស្នេហាមិនទាន់​ពេញវ័យ ។ ប៉ុន្តែ ការគិតវិជ្ជមាន និង មានភាពសុទិដ្ឋិនិយម ចំពោះមនុស្សជុំវិញខ្លួនគឺជា បំណងប្រាថ្នារបស់ដៃគូដែលចង់បាននៅក្នុងទំនាក់ទំនង។ ការ​ប្រចណ្ឌខ្លាំង ​គឺ​ជា​មូលហេតុដែលធ្វើឲ្យការទុកចិត្ត និង អារម្មណ៍ស្រឡាញ់ ត្រូវបាត់បង់​ ​ដូចជា ភាព​មិន​ស៊ី​សង្វាក់​គ្នា និង​ការ​ប្រចណ្ឌជ្រុលពេក ​អាច​នាំ​ឱ្យ​មាន​អារម្មណ៍​ ធុញថប់​ ការ​មិន​ទុក​ចិត្ត និង​ការ​អន់​ចិត្ត​ក្នុង​ទំនាក់​ទំនង ដែលបង្ហាញថាស្នេហាអ្នកនៅក្មេងវ័យ។

២. ការរំពឹងទុកហួសហេតុ
ការ​រំពឹង​ទុក​ច្រើនចំពោះដៃគូ ​ជា​សញ្ញា​មួយ​ទៀត​នៃ​សេចក្ដី​ស្រឡាញ់​ដែល​មិន​ពេញ​ចិត្ត និង បញ្ជាក់ថាអ្នកនៅតែមានចរឹកក្មេងខ្ចី ដោយពាក់ព័ន្ធនឹងការរំពឹងទុកមិនសមហេតុផលពីដៃគូរបស់អ្នក ឬ ក្នុងទំនាក់ទំនង ដែលនាំឱ្យមានការខកចិត្ត ។ ជាឧទាហរណ៍ ការរំពឹងថាដៃគូរបស់អ្នកនឹងបំពេញតម្រូវការផ្លូវចិត្តរបស់អ្នកទាំងអស់ និង រំពឹងថាទំនាក់ទំនងរបស់អ្នកនឹងល្អឥតខ្ចោះ ប៉ុន្តែបែរជាផ្ទុយស្រឡះខុសពីការគិត និង ការរំពឹងទុក ​នាំឱ្យ​មាន​អារម្មណ៍ថា ​ខក​ចិត្ត និង​មិនពេញចិត្ត ដែលនាំឱ្យទំនាក់ទំនងងាយបែកបាក់ និង ប្រេះស្រាំ។
៣. ជាអារម្មណ៍ត្រូវការតែមិនមែនស្រឡាញ់
ពិតណាស់ក្តីស្រឡាញ់ខ្លះ គឺមិនមែនជាក្តីស្រឡាញ់ចេញពីចិត្តទាំងអស់នោះទេ ព្រោះនៅពេលដែលអ្នកស្ថិតក្នុងទំនាក់ទំនងមួយដែលក្មេងវ័យ អ្នកប្រាកដជាត្រូវការមនុស្សម្នាក់ជាជាងស្រឡាញ់មនុស្សម្នាក់ក្នុងជីវិត ដោយសារតែអ្នកមិនអាចបែងចែកអារម្មណ៍ស្រឡាញ់ និង អារម្មណ៍ត្រូវការឲ្យបានច្បាស់ឡើយ ដូចនេះហើយអ្នកនៅស្រពិចស្រពិលចំពោះក្តីស្រឡាញ់ដែលអ្នកមាន។ ម្យ៉ាងទៀត ក្តីស្រឡាញ់មិនទាន់ពេញវ័យ គឺមិនចេះអត់ធ្មត់ចំពោះគ្នា និង ចង់តែឈ្នះដៃគូរៀងខ្លួន និង ឆាប់បាត់បង់អារម្មណ៍រំភើបក្នុងទំនាក់ទំនងមិនដូចថ្ងៃដំបូងដែលអ្នកបានចាប់ផ្តើម។
៤. ឆាប់ស្រឡាញ់ ក៏ ឆាប់អស់ចិត្ត
នៅពេលដែលក្តីស្រឡាញ់អ្នកមិនទាន់មានភាពចាស់ទុំ អ្នកស្រឡាញ់មនុស្សម្នាក់បានតែមួយឆាវប៉ុណ្ណោះ ប្រៀបបានដូចជាស្នេហាភ្លើងចំបើងដែលឆេះតែមួយភ្លែតរួចក៏រលត់ទៅវិញ។ លើសពីនេះ អ្នកឆាប់អស់ចិត្តស្រឡាញ់ពីនរណាម្នាក់ភ្លាមដោយមិនដឹងពីមូលហេតុ ប្រហែលជាអ្នកបានជួបមនុស្សម្នាក់ទៀតដែលមានចំណុចពិសេសលើសពីមនុស្សដែលអ្នកស្រឡាញ់ ទើបអ្នកងាយបាត់បង់អារម្មណ៍បែបនេះ។ 
ចង់ដឹងខ្លួនឯងស្ថិតក្នុងក្តីស្រឡាញ់ចាស់ទុំ ឬ ជាក្តីស្រឡាញ់ក្មេងខ្ចីត្រូវសួរចិត្តខ្លួនឯងសិន ចេះអត់ធ្មត់ក្នុងទំនាក់ទំនងបានកម្រិតណា អាចស្រឡាញ់មនុស្សម្នាក់បានយូរប៉ុណ្ណា និង គ្រប់គ្រងអារម្មណ៍ចំពោះមនុស្សជុំវិញខ្លួនដើម្បីសេ្នហារបស់អ្នកឲ្យបានល្អប៉ុណ្ណា នេះជាអ្វីដែលអ្នកត្រូវប្រាកដចិត្តនៅពេលដែលចាប់ផ្តើមស្នេហា ដើម្បីកុំឲ្យខាតពេលចំពោះស្នេហាដែលលេងសើច។
 
បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង