ផ្នត់គំនិតទាំង ៤ យ៉ាងដែលធ្វើឲ្យអ្នកចង់នៅម្នាក់ឯងជាជាងមានស្នេហា

Vachana-Website-Love6-Family
នៅពេលដែលអ្នកក្រឡេកមើលមនុស្សជុំវិញខ្លួន អ្នកប្រកដជាឃើញពីទិដ្ឋភាពមួយចំនួននៃសង្គមស្នេហា ដូចជាមានមនុស្សជាច្រើនចង់បានស្នេហាមកថ្នាក់ថ្នម ប៉ុន្តែក៏មានមនុស្សមិនតិចដែរក្នុងការសម្រេចចិត្តនៅម្នាក់ឯងដោយមិនចាំបាច់មានស្នេហា។ ហេតុអ្វីអ្នកសម្រេចចិត្តនៅម្នាក់ដោយមិនខ្វល់ពីស្នេហា?? សំណួរនេះដោយសារតែអ្នកមានផ្នត់គំនិតទាំង ៤ នេះជាប់ខ្លួន៖
១. អ្នកគិតថាខ្លួនឯងមិនល្អគ្រប់គ្រាន់
នេះហេតុផលមួយក្នុងចំណោមហេតុផលទូទៅបំផុតដែលមនុស្សមិនមានស្នេហាតែងតែគិត គឺដោយសារតែពួកគេជឿថាពួកគេមិនល្អគ្រប់គ្រាន់សម្រាប់នរណាម្នាក់ និង មិនអាចផ្តល់នូវអ្វីដែលដៃគូត្រូវការ។ ផ្នត់គំនិតនេះអាចកើតចេញពីបទពិសោធន៍ និង ជាមេរៀនពីអ្វីដែលគេធ្លាប់ឆ្លងកាត់ពីមុន ដូចជាអំពីរូបរាង ឬបុគ្គលិកលក្ខណៈរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ អ្នកគ្មានភាពជឿជាក់លើខ្លួនឯងទើបអ្នកសម្រេចចិត្តនៅម្នាក់ឯងជាជាងចង់បានស្នេហា។
២. អ្នកគិតថាមនុស្សគ្រប់គ្នាល្អតែពីដំបូង
ចំណុចនេះ ពេលខ្លះអាចនឹងត្រូវពេលខ្លះអាចនឹងខុស ដោយសារតែអ្នកមិនអាចប៉ាន់ស្មានទង្វើមនុស្សម្នាក់ល្អដាក់អ្នកបានយូរប៉ុណ្ណានោះទេ ព្រោះគេអាចផ្លាស់ប្តូរដូចអ្នកគិតក៏ថាបាន ដូចនេះអ្នកភ័យខ្លាចក្នុងការចាប់ផ្តើមទំនាក់ទំនងថ្មីមួយ។  លើសពីនេះ នៅពេលដែលអ្នកមានផ្នត់គំនិតបែបនេះ អ្នកមិនចង់ចំណាយពេលវេលាខុសទៀតទេ ជាហេតុធ្វើឲ្យអ្នកចង់នៅម្នាក់ឯងប្រសើរជាងមានស្នេហា។
៣. អ្នករឹងមាំក្នុងការនៅម្នាក់ឯង
ជឿថាមិនមែនអ្នកមិនចង់ទទួលបានស្នេហាពីនរណាម្នាក់ឡើយ ប៉ុន្តែពេលខ្លះអ្នកអាចនឹងរឹងមាំគ្រប់គ្រាន់ក្នងការនៅម្នាក់ឯង ដូចនេះអ្នកអាចនឹងមិនទម្លាប់ឲ្យមាននរណាម្នាក់មកនៅក្បែរខ្លួនរបស់អ្នក និង ធ្វើល្អជាមួយអ្នកក្នុងន័យស្នេហាផងដែរ។ លើសពីនេះ អ្នកគិតថាការនៅម្នាក់ឯង មិនចាំបាច់ឲ្យនរណាម្នាក់ពិបាកដោយសារអ្នក មិនចាំបាច់ផ្គាប់ចិត្ត ឬ កែប្រែខ្លួនដើម្បីអ្នកណាឲ្យមកស្រឡាញ់អ្នកឡើយ។
៤. អ្នកមិនចង់ toxic ចំពោះស្នេហា
មានន័យថា អ្នកមិនចង់ឲ្យខ្លួនឯងធ្លាក់ក្នុងស្ថានភាពមួយដែលគិតតែពីសង្ស័យចំពោះដៃគូរបស់ខ្លួន អ្នកមិនចង់ចំណាយពេលទៅវល់វ៉ក់ជាមួយស្នេហាដែលមិនបានការ ជាពិសេសស្នេហាដែលធ្វើឲ្យអ្នក មានតែភាពស្មុគស្មាញចូលមក ដូចនេះអ្នកគិតថា មនុស្សដូចអ្នកមិនសមនិងមានស្នេហានោះទេ ព្រោះអ្នកមិនចង់ឲ្យខ្លួនឯងផ្លាស់ប្តូរទៅជាមនុស្សម្នាក់ផ្សេងទៀតបន្ទាប់ពីមានស្នេហា។
ផ្នត់គំនិតរបស់យើងអាចមានឥទ្ធិពលខ្លាំងទៅលើការសម្រេចចិត្តមានស្នេហា និង ចង់បានទំនាក់ទំនងមួយដែលល្អឥតខ្ចោះក៏អត់។ ម្យ៉ាងទៀត មិនមែនស្នេហាសុទ្ធតែអាក្រក់នោះទេ ប៉ុន្តែនៅពេលដែលអ្នកស៊ាំនិងការរស់នៅម្នាក់ឯងហើយគឺមិនចាំបាច់ចង់បានស្នេហាឲ្យចូលមករញ៉េរញ៉ៃក្នុងជីវិតអ្នកទៀតនោះទេ នេះហើយជាផ្នត់គំនិតដែលអ្នកមិនមានស្នេហាតែងតែមានជាប់ខ្លួន។
បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង