ទំនាក់ទំនងដែលល្អ គឺគោរពតាមគំនិតរបស់ខ្លួនឯង និងគំនិតរបស់ដៃគូ ហើយប្រសិនបើអ្នកចង់ឲ្យទំនាក់ទំនងរបស់អ្នក មានសុខភាពល្អ ត្រូវតែមានការគោរពគ្នាទៅវិញទៅមក។ មនុស្សគ្រប់រូបសមនឹងទទួលបានការរីករាយ ។ ហើយខាងក្រោមនេះគឺជាចំណុចមួយចំនួន ដែលបញ្ជាក់ថា ដៃគូរបស់អ្នកគោរពឲ្យតម្លៃអ្នក ៖
១. គេនឹងសួរ ក៏ដូចជាស្តាប់យោបល់របស់អ្នក
គំនិតរបស់អ្នក នឹងមានសារៈសំខាន់ចំពោះពួកគេ ហើយពួកគេនឹងសួរយោបល់របស់អ្នកជានិច្ច មុនពេលធ្វើការសម្រេចចិត្តណាមួយ មិនថាក្នុងជីវិត ឬទំនាក់ទំនងរបស់ពួកគេ មិនថាពួកគេមានបញ្ហាអ្វីនោះទេ អ្នកនឹងក្លាយជាមនុស្សដែលពួកគេមករកដំបូន្មាន និងស្តាប់គំនិតយោបល់មុនគេ។

២. ពួកគេនឹងមិនប្រច័ណ្ឌផ្តេសផ្តាស់
ការប្រច័ណ្ឌ គឺជាឃាតករដ៏មុតស្រួចនៅក្នុងទំនាក់ទំនងមនុស្សពីរនាក់ តែប្រសិនបើដៃគូរបស់អ្នក មិនច្រច័ណ្ឌនៅពេលអ្នកចេញទៅក្រៅ ដើម្បីចំណាយពេលជាមួយអ្នកដទៃ វាប្រាកដណាស់ថាដៃគូររបស់អ្នកគឺកំពុងតែគោរពអ្នក ផ្តល់គោរពសេរីភាពឲ្យអ្នក ក្នុងការចំណាយពេលវេលាផ្ទាល់ខ្លួន តាមដែលអ្នកចង់បាន នេះបញ្ជាក់ថាដៃគូអ្នកជឿជាក់លើអ្នក។
៣. ពួកគេនឹងមិនលាក់បាំងអ្វីពីអ្នកនោះទេ
ពួកគេនឹងមិនលាក់បាំងអ្វីពីអ្នកទេ ទោះបីជាពួកគេគិតថា អ្នកប្រហែលជាមិនពេញចិត្តក៏ដោយ ពួកគេនឹងបើកចំហចំពោះអ្នក ទោះបីជាពួកគេព្រួយបារម្ភ អំពីការឆ្លើយតបរបស់អ្នក នឹងទៅជាយ៉ាងណាក៏ដោយ។ ពួកគេប្រាកដជានឹងចែករំលែកអ្វីទាំងអស់ និងអ្វីគ្រប់យ៉ាងដែលអ្នកចង់ដឹងអំពីពួកគេ សូម្បីតែអតីតកាលរបស់ពួកគេក៏ដោយ។

៤. ភាពស្មោះត្រង់
យើងទាំងអស់គ្នាដឹងថា ភាពស្មោះត្រង់គឺចំណុចដ៏ល្អបំផុត។ តើអ្នកគិតថាដៃគូរបស់អ្នកស្មោះត្រង់ជាមួយអ្នកទេ? ប្រសិនបើដៃគូរបស់អ្នកគោរពអ្នក ពួកគេនឹងមិនកុហកអ្នកទេ តាមពិតពួកគេនឹងមិនមានអារម្មណ៍ថា ត្រូវការលាក់បាំងអ្វីពីអ្នកទេ។ វានឹងគ្មានអាថ៌កំបាំងក្នុងទំនាក់ទំនងឡើយ ពួកគេថែមទាំងប្រាប់អ្នក អំពីអតីតរបស់ពួកគេទៀតផង។
៥. ពួកគេនឹងជំរុញអ្នក
តើអ្នកត្រូវមានអ្វីទៀត ដើម្បីដឹងថាដៃគូរបស់អ្នកគោរពអ្នក? ពួកគេចង់ឃើញអ្នកជោគជ័យ ហើយនឹងលើកទឹកចិត្តអ្នក ឱ្យទទួលយកហានិភ័យ ហ៊ានសាកល្បងអ្វីថ្មីៗ ពួកគេនឹងជឿជាក់លើអ្នក ហើយពួកគេនឹងដឹងថា អ្នកអាចគ្រប់គ្រងខ្លួនអ្នកបាន។
៦. ពួកគេនឹងគោរពទស្សនៈរបស់អ្នក
ពួកគេនឹងគោរពបុគ្គលិកលក្ខណៈរបស់អ្នក និងសិទ្ធិរបស់អ្នកក្នុងការមានទស្សនៈផ្ទាល់ខ្លួនរបស់អ្នក បើទោះបីជាវាផ្ទុយទាំងស្រុង ទៅនឹងទស្សនៈរបស់ពួកគេក៏ដោយ។ វាមិនរំខានពួកគេទេ ទោះបីជាអ្នកមិនបញ្ចេញមតិដូចគ្នានឹងពួកគេក៏ដោយ។

៧. ភាពឯកជន
ទំនាក់ទំនងជាច្រើន បានបរាជ័យដោយសារតែខ្វះភាពឯកជន តែប្រសិនបើដៃគូរបស់អ្នក គោរពការសម្រេចចិត្តរបស់អ្នក ដោយគ្មានសំណួរណាមួយ នោះមានន័យថាពួកគេស្រឡាញ់អ្នក និងគោរពទំនាក់ទំនងមួយនេះខ្លាំង។
៨. ធ្វើរឿងអ្វីៗជាមួយគ្នា
ពួកគេចង់ឲ្យអ្នកនៅជាមួយពួកគេ ក្នុងគ្រប់ទិដ្ឋភាពនៃជីវិតរបស់ពួកគេ ហើយពួកគេសុខចិត្តធ្វើរាល់កិច្ចការទាំងអស់រួមគ្នា មិនថាកិច្ចការធំ ឬតូចនោះទេ ប្រហែលជាពួកគេនឹងត្រៀមខ្លួន ផ្តល់ជំនួយដល់អ្នកគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

សរុបមក ប្រសិនបើដៃគូររបស់អ្នកមានចំណុចទាំងនេះមានន័យថា អ្នកកំពុងតែរកបានដៃគូរដ៏សាកសមហើយ ព្រោះពួកគេទាំងស្រឡាញ់អ្នក និងគោរពអ្នកថែមទៀត តែបើដៃគូរបស់អ្នកមានភាពខ្វះខាតត្រង់ចំណុចណានោះ អ្នកអាចប្រាប់និងកែតម្រូវដៃគូររបស់អ្នកបាន តាមប៉ុន្មានចំណុចខាងលើបាន។