៥ចំណុចដែលអ្នកគួរតែរៀនពីខ្លួនឯង មុនពេលដែលអ្នកចង់មានស្នេហា

Vachana-Website-Love5-Family

មុនពេលចង់មានស្នេហា អ្នកបានរៀនយល់ពីចំណុចខ្លះនៃខ្លួនឯងហើយឬនៅ?? ស្នេហាមិនមែនជាអ្វីដែលមិនពិបាករកនោះទេ ប៉ុន្តែអ្វីដែលពិបាករកនោះគឺជាខ្លួនឯង ព្រោះចំណុចខ្លះអ្នកត្រូវចាប់ផ្តើមស្វែងយល់ និង រៀនមុនពេលដែលអ្នកមានស្នេហា ដូច្នេះខាងក្រោមនេះជា ៥ ចំណុចដែលអ្នកគួរតែរៀនមុនពេលមានស្នេហា៖

១.  រៀនបង្កើនភាពរីករាយដោយខ្លួនឯង

មុនពេលដែលអ្នកចង់បានស្នេហាអ្នកមិនត្រូវបោះបង់ការស្វែងរកក្តីសុខសម្រាប់ខ្លួនឯងនោះទេ ត្រូវចាំថាក្តីសុខជាអ្វីដែលយើងអាចបង្កើតបានដោយមិនចាំបាច់ឲ្យអ្នកដទៃមកផ្តល់ឲ្យអ្នក។ លើសពីនេះ ចំណុចនេះ អ្នកគួរតែរៀនបង្កើតភាពរីករាយ និងក្តីសុខសម្រាប់ខ្លួនឯងកាន់តែច្រើន ព្រោះនៅពេលមានដែលគ្មាននរណានៅក្បែរ អ្នកក៏អាចផ្តល់ភាពរីករាយសម្រាប់ខ្លួនឯងដោយមិនចាំបាច់រងចាំអ្នកណាផ្តល់ឲ្យអ្នក។

២. ស្វែងយល់ពីតម្លៃនៃខ្លួនឯង

ត្រូវដឹងថាអ្នកមិនមែនរស់នៅផ្គាប់ចិត្តអ្នកដទៃបានគ្រប់រឿងនោះទេ ដូចនេះអ្នកមិនចាំបាច់ទៅផ្តល់តម្លៃឲ្យមនុស្សដែលមិនឃើញពីតម្លៃរបស់អ្នក ដោយគ្រាន់តែរកលេសនិយាយថាដើម្បីឲ្យអ្នកកាន់តែប្រសើរទេ។ សំខាន់ជាងនេះ កុំព្យាយាមនៅកន្លែងដែលគ្មាននរណាម្នាក់ឲ្យតម្លៃអ្នក ត្រូវចាំថាអ្នកមានតម្លៃគ្រប់គ្រាន់សម្រាប់ខ្លួនឯង មិនមែនគ្រាន់តែចង់ឲ្យអ្នកដទៃមកបញ្ជាក់ពីតម្លៃនៃខ្លួនរបស់អ្នកឡើយ។

៣. រៀនស្វែងយល់ថាអ្នកជានរណា ហើយចង់បានអ្វីខ្លះ

ចំណុចនេះ អ្នកត្រូវរកខ្លួនឯងឲ្យឃើញសិនមុនពេលដែលអ្នកចង់មានស្នេហា ព្រោះនៅពេលដែលអ្នកមិនដឹងថាខ្លួនឯងជានរណា និង ចង់បានអ្វីខ្លះ នោះនឹងធ្វើឲ្យខ្លួនឯងពិបាកជាមិនខាន។ បន្ថែមពីនេះ អ្នកអាចចំណាយពេលសម្រាប់ស្វែងរកឲ្យឃើញថាខ្លួនឯងជានរណា និង រៀនសួរចិត្តខ្លួនឯងពីអ្វីដែលអ្នកចង់បានឲ្យចូលមកក្នុងជីវិតអ្នក មិនថាជាគោលដៅ តម្លៃ និង ក្តីស្រមៃរបស់អ្នកសុទ្ធតែធ្វើចេញពីចិត្តខ្លួនឯង ដោយមិនមែនរងឥទ្ធិពល ឬ ដោយសារតែសម្តីរបស់អ្នកដទៃឡើយ។

៤. រៀនធ្វើជាខ្លួនឯង

អ្នកមិនចាំបាច់ខ្វល់ពីអ្វីដែលអ្នកដទៃគិតមកលើអ្នក ត្រូវចាំថាអ្នកត្រូវរស់នៅជាខ្លួនឯង និង ធ្វើអ្វីដែលអ្នកចង់ធ្វើដោយមិនត្រូវសុំការអនុញ្ញាតពីនរណាម្នាក់ដើម្បីក្លាយជាខ្លួនរបស់អ្នកផងដែរ។ លើសពីនេះ អ្នកមិនត្រូវដើរតាមអ្នកដទៃ ឬ ធ្វើខ្លួនជាមនុស្សម្នាក់ទៀតដែលមិនមែនជាខ្លួនឯងសម្រាប់ចង់បានក្តីស្រឡាញ់ពីនរណាម្នាក់ទេ ហ៊ានទទួលស្គាល់ខ្លួនឯង ស្រឡាញ់អ្វីដែលខ្លួនឯងមាន និងដើរតាមក្តីស្រមៃដែលខ្លួនប្រាថ្នា គឺជាការល្អដែលអ្នកត្រូវអនុវត្តក្នុងជីវិតរបស់អ្នក។

៥. រៀនពីរបៀបនៅម្នាក់ឯង

ពិតណាស់គ្មាននរណាម្នាក់អាចនៅជាមួយអ្នកបានរហូតនោះទេ មនុស្សខ្លះអាចនៅជាមួយអ្នកត្រឹមពេលខ្លីហើយក៏ចាកចេញ ដូចនេះត្រូវរៀនពីរបៀបដែលធ្វើឲ្យខ្លួនឯងអាចនៅម្នាក់ឯងបានជាជាងទម្លាប់ឲ្យខ្លួនឯងមានគ្នា។ បន្ថែមពីនេះ អ្នកអាចចំណាយពេលវេលាផ្ទាល់ខ្លួនខ្លះដើម្បីធ្វើអ្វីម្នាក់ឯង ដូចជា ការដើរទិញឥវ៉ាន់ ញ៉ាំអី និងទៅណាមកណាដោយខ្លួនឯង និងធ្វើជាមនុស្សស្រីរឹងមាំម្នាក់។ 

ការរៀនស្វែងរកខ្លួនឯង គឺជាចំណុចសំខាន់មួយនៅក្នុងជីវិត ព្រោះថា អ្នកអាចរកឃើញខ្លួនឯងដោយសារតែចំណុចណាមួយដែលអ្នកមិនបានចាប់អារម្មណ៍ចំពោះខ្លួនឯង។ លើសពីនេះ បន្ទាប់ពីអ្នកអាចស្វែងយល់ពីខ្លួនឯងកាន់តែច្បាស់ អ្នកនឹងរីករាយជាមួយជីវិតដែលនៅម្នាក់ឯង។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង