ក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក គឺជួបរឿងស្មុគស្មាញណាស់ទៅហើយ ប៉ុន្តែពេលខ្លះក៏មកពីទម្លាប់មួយចំនួនរបស់អ្នក ដែលធ្វើឲ្យជីវិតអ្នកកាន់តែលំបាក ដោយអ្នកបានធ្វើវាពីមួយថ្ងៃទៅមួយថ្ងៃដោយមិនដឹងខ្លួន។ ខាងក្រោមនេះជាទម្លាប់៥ យ៉ាងដែលធ្វើឲ្យជីវិតរបស់អ្នកកាន់តែដុនដាប និង ស្មុគស្មាញជាងមុន៖
១. អ្នកគិតពីភាពអវិជ្ជមានមុនពេលឃើញលទ្ធផល
មានន័យថានៅពេលដែលអ្នកធ្វើអ្វីមួយ អ្នកតែងតែគិតពីភាពអវិជ្ជមានចូលមកក្នុងជីវិតរបស់អ្នករហូត ទោះបីជាលទ្ធផលអាចនឹងល្អខុសពីការរំពឹងទុករបស់អ្នកក៏ដោយ ទាំងនេះមិនមែនទម្លាប់ល្អនោះទេ ព្រោះវាអាចឲ្យជីវិតអ្នករស់នៅក្នុងភាពស្មុគស្មាញដោយរបៀបនេះជាបន្តបន្ទាប់។
២. អ្នកតែងតែគិតថាខ្លួនមានកំហុសគ្រប់ពេល
ពិតណាស់អ្នកណាម្នាក់ក៏ធ្លាប់ធ្វើខុសដែរ ប៉ុន្តែមិនត្រូវដាក់សម្ពាធចំពោះខ្លួនឯងពេកទេ ការដែលអ្នកតែងតែបន្ទោសខ្លួនឯងក្នុងការធ្វើអ្វីមួយមិនបានល្អនោះ វាកាន់តែធ្វើឲ្យអ្នកកាន់តែស្មុកស្មាញក្នុងជីវិតបន្ថែមទៀត។ លើសពីនេះ អ្នកមិនត្រូវបណ្តោយការគិតរបស់អ្នកថាគ្រប់យ៉ាងគឺជាកំហុសអ្នកនោះទេ ព្រោះអ្វីៗកើតឡើងទាំងអស់សុទ្ធតែមានហេតុនិង មានផល ដូចនេះរៀនដាក់ចុះទើបជីវិតអ្នកមានសេចក្តីសុខ និង មិនសូវមានភាពស្មុគស្មាញដូចមុន។
៣. អ្នកកំសាក និង មិនសូវក្លាហាន
ទម្លាប់មួយនេះគឺអាចទាញឲ្យជីវិតអ្នកកាន់តែស្មុគស្មាញបាន ព្រោះអ្នកមិនប្រាកដជាក្លាហានក្នុងការធ្វើរឿងដែលថ្មីៗនោះទេ ទើបអ្នកកំសាក និង ភ័យខ្លាចការបរាជ័យ នៅពេលធ្វើរឿងទាំងនោះ ដូចនេះអ្នកមិនសូវមានសេចក្តីក្លាហានក្នុងការទទួលយកអ្វីដែលជាលទ្ធផលក្នុងជីវិតរបស់អ្នកឡើយ។ ម្យ៉ាងទៀត ចង់ឲ្យខ្លួនឯងរីកចម្រើនត្រូវរៀនសាកល្បងអ្វីដែលថ្មីៗ និង ទទួលយកជាបទពិសោធន៍ កុំភ័យខ្លាចក្នុងការចាប់ផ្តើមអ្វីមួយថ្មីសម្រាប់ខ្លួនឯង។
៤. ឃុំខ្លួនឯងក្នុងអតីតកាល
ចំណុចនេះគឺអាក្រក់បំផុតសម្រាប់អ្នក បើអ្នកបន្តឲ្យខ្លួនឯងរស់នៅក្នុងអតីតកាល វានិងធ្វើឲ្យជីវិតអ្នកអាចធ្លាក់ដល់ចំណុចសូន្យនៅថ្ងៃណាមួយ។ សំខាន់ជាងនេះ អ្នកណាក៏មានអតីតកាលដែរ ប៉ុន្តែវាជារឿងដែលហួសហើយ កុំយកមករំលឹកអី និង បន្ទោសខ្លួនឯងអី ព្រោះគ្មានអ្នកណាអាចកែប្រែអតីតកាលបានទេ ដូចនេះ កាន់តែគិតកាន់តែធ្វើឲ្យអ្នកឈឺចាប់។
៥. ប្រៀបធៀបជីវិតខ្លួនឯងជាមួយជីវិតអ្នកដទៃ
ជីវិតអ្នកណាក៏ល្អដែលប្រសិនបើយើងចេះរស់នៅ ហើយមិនចាំបាច់ប្រៀបធៀបជាមួយអ្នកដទៃ ព្រោះនៅពេលដែលអ្នក ប្រៀបធៀបគ្មានអ្វីធ្វើឲ្យអ្នក សប្បាយចិត្តនោះទេ មានតែធ្វើឲ្យអ្នកកាន់តែស្មុគស្មាញនៅពេលឃើញជីវិតអ្នកដទៃប្រសើរជាង។ ជាងនេះទៅទៀត ត្រូវស្រលាញ់ជីវិតដែលខ្លួនមានព្រោះអ្នកខ្លះ គេប្រាថ្នាជីវិតដូចអ្នកមិនបានផង កុំបំបាក់ទឹកចិត្តខ្លួនឯងដោយលើកចំណុចល្អរបស់អ្នកដទៃមកប្រៀបធៀប រៀនមើលពីទិដ្ឋភាពជុំវិញឲ្យបានឆ្ងាយទើបជាការប្រសើរ។
ជីវិតមិនល្អឥតខ្ចោះនោះទេ ប៉ុន្តែក៏មិនគួរបណ្តោយឲ្យជីវិតអ្នកមានទម្លាប់មួយចំនួនដូចខាងលើដែរ ដោយសារតែ ពេលខ្លះអ្នកខ្លួនឯងទេដែលជាធ្វើឲ្យជីវិតអ្នកកាន់តែស្មុគស្មាញពីមួយទៅមួយថ្ងៃ ដូចនេះបើអាចកាត់បន្ថយបានគួរតែកាត់បន្ថយទម្លាប់ទាំងនេះទៅ នោះអ្នកនិងឃើញថាខ្លួនឯងបានប្រសើរឡើង។
បញ្ចេញមតិយោបល់