ប្រយ័ត្ន! បើមិត្តរបស់អ្នកបញ្ចេញសញ្ញាទាំងនេះ នោះពួកគេគឺជា Fake Friend ហើយ  

Life-&-Carrier-Ad

តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា ​តើ​អ្នក​បានរាប់អាន​ជាមួយ​មិត្តភ័ក្ដិ​ពិតប្រាកដ ឬ​មិត្តក្លែងក្លាយ​ដែល​គ្រាន់តែ​ពាក់​មុខ​ ធ្វើជាមិត្តរបស់អ្នក?

ឈប់ឆ្ងល់ទៅ! យើង​នឹង​បង្ហាញ​រឿង​ ៧ យ៉ាង ​ដែល​មិត្ត​ក្លែងក្លាយ​នឹង​ធ្វើ ដោយ​ជួយ​អ្នក​រក​ឃើញ​សញ្ញា​នៃ​ភាព​មិន​ស្មោះ​ត្រង់។

១. ពួកគេធ្វើជាស្តាប់អ្នក តែនឹងនិយាយអាក្រក់ពីអ្នក ប្រាប់អ្នកដទៃ

រឿងមួយដែលមិត្តក្លែងក្លាយនឹងធ្វើ គឺស្តាប់អ្នកយ៉ាងយកចិត្តទុកដាក់ នៅពេលអ្នកកំពុងចែករំលែកពីជីវិតរបស់អ្នក។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលអ្នកពិតជាត្រូវការ ការគាំទ្រពីពួកគេ ក្នុងអំឡុងពេលដ៏លំបាក នោះពួកគេស្រាប់តែយកលេស ឬប្រាប់រឿងរបស់អ្នកទៅអ្នកដទៃ។ តែមិត្តពិតនឹងស្តាប់ ហើយគាំទ្រអ្នកគ្រប់កាលៈទេសៈ ។

២. ពួកគេនឹងសម្តែង ជាពិសេសគឺតួកំសត់ តែដើម្បីបង្កើតបញ្ហា

ធ្លាប់កត់សម្គាល់ពីរបៀបដែលមិត្តក្លែងក្លាយ ចេះតែនិយាយដើមគេ និងសម្តែងដែរទេ? ពួកគេតែងសប្បាយចិត្តក្នុងការផ្សព្វផ្សាយពាក្យចចាមអារ៉ាមអំពីអ្នកដទៃ រួមទាំងមិត្តភក្តិទៅវិញទៅមក នៅពីក្រោយខ្នងរបស់ពួកគេ។ ជាពិសេស មិត្តក្លែងក្លាយច្រើនតែងរីករាយ ក្នុងការបង្កភាពចលាចល និងសម្តែង ព្រមទាំងជាញឹកញ៉ាប់គឺបង្កើតបញ្ហា។ ផ្ទុយទៅវិញ មិត្តភាពពិតប្រាកដគឺត្រូវមានទំនុកចិត្ត និងការគោរព មិនមែននៅលើខ្នងនៃការនិយាយអាក្រក់នោះទេ។

៣. ពួកគេរក្សាមុខមាត់នៅចំពោះមុខអ្នក តែរំពឹងចង់បានការតបស្នង

ប្រយ័ត្នចំពោះមិត្ត ដែលរក្សាមុខមាត់ល្អខ្លាំងពេកនៅចំពោះមុខអ្នក ទែអ្វីដែលពួកគេរំពឹងទុក គឺជាថ្នូរត្រឡប់មកវិញ។ ចំណែកមិត្ត​ពិត​ប្រាកដ ​គ្មាន​ភាព​អាត្មានិយម​ និង​ផ្តល់តម្លៃឲ្យអ្នកពិត លើសពីនេះ ពួកគេនឹង​ផ្តល់​ការ​គាំទ្រ  ​សេចក្តី​សប្បុរស​របស់​ពួកគេ ​ដោយគ្មានការ​រំពឹង​ថា ​នឹង​ទទួល​បាន​អ្វី​មួយ​ជា​ការ​តបស្នង។

៤. ពេលអ្នកជោគជ័យ ភាគច្រើនពួកគេមិនចេញមុខទេ ព្រោះតែភាពច្រណែន

តើអ្នកបានកត់សម្គាល់ ពីរបៀបដែលមិត្តក្លែងក្លាយរបស់អ្នក ក្លាយជាមនុស្សច្រណែន ឬអាក់អន់ចិត្តនៅពេលអ្នកសម្រេចបានអ្វីមួយ ដែលគួរឱ្យកត់សម្គាល់ដែរទេ? ជំនួសឱ្យការអបអរសាទរភាពជោគជ័យរបស់អ្នក ពួកគេមានទំនោរនឹងបន្ទាបសមិទ្ធិផលរបស់អ្នក ហើយក៏ឃ្លាតឆ្ងាយពីអ្នក។ តែមិត្តពិតនឹងលើកទឹកចិត្តអ្នក ដោយផ្តល់នូវការគាំទ្រ និងការលើកទឹកចិត្តយ៉ាងពិតប្រាកដ ដោយគ្មានការច្រណែន។

៥. ពួកគេមិនដែលនៅក្បែអ្នក ក្នុងពេលដែលអ្នកត្រូវការពួកគេនោះទេ

នៅពេលដែលពេលវេលាដ៏លំបាក មិត្តក្លែងក្លាយនឹងងាយស្រួលរកលេស ដើម្បីជៀសគេចមិនចង់នៅជិតអ្នក។ ពួកគេ​អាច​នឹង​អះអាង​ថា​រវល់ ឬ​មិន​អាច​ទាក់ទង​បាន​ភ្លាមៗ​ នៅ​ពេល​ដែល​អ្នក​ត្រូវ​ការ​ដៃ​ជំនួយ ឬ​ស្មា​ដើម្បី​ពឹងពាក់។ ផ្ទុយស្រឡះ មិត្ដភក្ដិពិតប្រាកដបង្ហាញការយល់ចិត្ត និងការយោគយល់ ដោយខ្នះខ្នែងផ្តល់ជំនួយ ឬស្មាសម្រាប់ពឹងពាក់។

៦. ពួកគេនឹងប្រើអ្នក ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ

មិត្តក្លែងក្លាយនឹងផ្តល់អារម្មណ៍កក់ក្ដៅចំពោះអ្នក នៅពេលដែលពួកគេត្រូវការអ្វីមួយពីអ្នក មិនថាវាជាជំនួយផ្នែកហិរញ្ញវត្ថុ ជំនួយការសិក្សា ឬទំនាក់ទំនងជាមួយមនុស្សផ្សេងទៀត។ ហើយនៅពេលដែលពួកគេទទួលបានអ្វីដែលពួកគេចង់បាន ពួកគេអាចនឹងបាត់បង់ចំណាប់អារម្មណ៍ភ្លាមៗ ក្នុងការចំណាយពេលវេលាជាមួយអ្នក។ ផ្ទុយទៅវិញ មិត្តភាពពិតប្រាកដត្រូវបានបង្កើតឡើង នៅលើការយកចិត្តទុកដាក់ ចំពោះគ្នាទៅវិញទៅមក មិនមែនលើអាកប្បកិរិយាឆ្លៀតឱកាសនោះទេ។

៧. ពួកគេមិនសុំទោស ក៏មិនមានទំនួលខុសត្រូវដែរ

សញ្ញាមួយក្នុងចំណោមសញ្ញាដ៏ល្អបំផុត នៃមិត្តក្លែងក្លាយ គឺអសមត្ថភាពក្នុងការទទួលស្គាល់កំហុសរបស់ពួកគេ  ឬទទួលខុសត្រូវចំពោះទង្វើរបស់ពួកគេ។ ពួកគេអាចនឹងនិយាយអាក្រក់ ក្បត់ការទុកចិត្តរបស់អ្នក ឬធ្វើឱ្យអ្នកខកចិត្ត ប៉ុន្តែមិនដែលសុំទោសដោយស្មោះនោះទេ។ តែមិត្ត​ភក្តិ​ពិត តែងតែដាក់ចិត្តដាក់កាយ ​ហើយ​សុំទោស​ពេល​គេ​ធ្វើ​ខុស ព្រមទាំង​ព្យាយាម​កែ​ប្រែខ្លួនផងដែរ។

ដូច្នេះ សូមចាំថា វាគ្មានប្រយោជន៍ទេ ដែលអ្នកមានមិត្តភ័ក្តិច្រើន ព្រោះមានមិត្តច្រើនបានប្រយោជន៍អ្វីបើភាគច្រើន សុទ្ធតែជាមិត្តក្លែងក្លាយនោះ គួរតែមានមិត្តដែលស្រឡាញ់រាប់អានអ្នក យ៉ាងពិតប្រាកដ ទើបជាការប្រសើរ។

ប្រភព៖ themindsjournal

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង