ទោះបីជាយើងល្អប៉ុណ្ណា ក៏នៅតែមានមនុស្សស្អប់យើង មិនពេញចិត្តយើង
ទោះបីយើងស្មោះត្រង់ប៉ុណ្ណា ក៏នៅតែមានមនុស្សសង្ស័យយើង
នៅលើលោកនេះ ពិបាកទាយជាងគេគឺចិត្តមនុស្ស ហើយពិបាកបិទជាងគេគឺមាត់មនុស្ស។
នៅពេលដែលយើងស្ងាត់ស្ងៀម គេថាយើងឆ្មើងឆ្មៃ យើងឬកពារ
នៅពេលដែលយើងរួសរាយ គេថាយើងចង់ល្បី ចង់បានការចាប់អារម្មណ៍
នៅពេលដែលយើងរៀងស៊ីវីល័យ គេថាយើងអួត តែនៅពេលដែលយើងស្លៀកពាក់រាងអន់ គេថាយើងស្រែ ចូលគេមិនចុះ។
មិនខ្វល់ថាយើងធ្វើយ៉ាងណា ក៏នៅតែមានគេនិយាយដើម ពេបជ្រាយ ទើសនេះទើសនោះ មិនចេះចប់ចេះហើយ។ដូច្នេះអ្វីដែលយើងត្រូវដឹងនៅពេលនេះ គឺស្រឡាញ់ខ្លួនឯង អ្នកដទៃនៅតែជាអ្នកដទៃ គេមិនអាចជួយយើងបានរហូតឡើយ ក៏មិនអាចឈឺជំនួសយើង ចូលពេទ្យជំនួសយើង ដេកកើតទុក្ខជំនួសយើង។
បើយើងមានពេលទៅអែបអបគេ យកចិត្តយកថ្លើមគេនោះ យើងសុខចិត្តយកពេលនោះមកធ្វើឲ្យខ្លួនឯងមានតម្លៃវិញប្រសើរជាង។អ្នកដទៃអាចចាកឆ្ងាយយើងបាន ប៉ុន្តែមានតែយើងខ្លួនយើងទេ ដែលអាចនៅអស់មួយជីវិតជាមួយយើង មិនទៅចោលយើង។