ការផ្លាស់ប្តូរជាចំណុចចាប់ផ្តើមមួយជួយឲ្យខ្លួនរបស់អ្នកកាន់តែប្រសើរ ផ្តល់ទំនុកចិត្តលើខ្លួនឯង ជួយពង្រឹងទំនាក់ទំនងរបស់អ្នកជាមួយមនុស្សក្នុងសង្គម កាន់តែមានភាពទាក់ទាញជាមួយនឹងអ្វីដែលអ្នកបានស្រមៃទុក ថែមទាំងអាចសម្រេចគោលដៅដែលអ្នកកំណត់ថែមទៀតផង។ ទាំងអស់នេះគឺជារឿងមួយដ៏អស្ចារ្យដែលអាចនឹងកើតឡើង ប្រសិនបើអ្នកចាប់ផ្តើមផ្លាស់ប្តូរជីវិតខ្លួនឯងពីជំហានតូចៗជាមុនសិន ជាពិសេសសម្រាប់មនុស្សស្រី ត្រូវកែប្រែខ្លួនឯងពីមនុស្សស្រីដែលទន់ខ្សោយ អៀនច្រើន មកធ្វើជាមនុស្សស្រីដែលឯករាជ្យ រឹងមាំ និង មានសមត្ថភាពខ្លាំង ដើម្បីបោះជំហានចូលក្នុងសង្គមមួយដែលផ្តល់បទពិសោធន៍ថ្មីៗដល់អ្នក។
១. ផ្នែកសុខភាព
អ្វីដែលចាំបាច់សម្រាប់អ្នកដែលត្រូវធ្វើគឺ គេងឲ្យបានគ្រប់គ្រាន់ ធ្វើលំហាត់ប្រាណ 3 ដងក្នុងមួយសប្តាហ៍ បង្កើតរបបអាហារដែលមានសុខភាពល្អ និង ព្យាយាមទទួលទានទឹកឲ្យបានគ្រប់គ្រាន់ក្នុងមួយថ្ងៃ។
២. ការស្រឡាញ់ខ្លួនឯង
អ្នកគួរចំណាយពេលសម្រាប់ការថែទាំខ្លួនឯង និង ទម្លាប់ធ្វើរឿងដែលអ្នកចូលចិត្តជាប្រចាំ កុំខ្លាចក្នុងការនិយាយថាទេចំពោះអ្វីដែលអ្នកមិនពេញចិត្ត បង្កើតទម្លាប់ថែរក្សាស្បែករបស់អ្នកឲ្យស្អាត ភ្លឺរលោង លើកទឹកចិត្តខ្លួនឯងពីមួយថ្ងៃទៅមួយថ្ងៃ ផ្តល់ពេលវេលាឲ្យមនុស្សជាទីស្រឡាញ់របស់អ្នកខ្លួន ដូចជាមិត្តភក្តិ និងក្រុមគ្រួសារជាដើម។
៣. ផ្នែកផ្លូវចិត្ត និង អារម្មណ៍
រៀនធ្វើសមាធិ ឲ្យបានទៀងទាត់ជារៀងរាល់ថ្ងៃ គិតពីភាពវិជ្ជមានជាប្រចាំ ស្វែងរកក្តីសុខសម្រាប់ខ្លួនឯងក្នុងសកម្មភាពប្រចាំថ្ងៃ កុំព្យាយាមយកត្រចៀករបស់អ្នកទៅស្តាប់ពាក្យមិនបានការរបស់អ្នកដទៃ និង ជាពិសេសកុំទម្លាប់ប្រៀបធៀបជីវិតខ្លួនឯងជាមួយនរណាម្នាក់។
៤. ផ្នែកចំណេះដឹង
រៀនពង្រីកចំណេះដឹងដែលអ្នកមានឲ្យកាន់តែទូលាយ រៀនអានសៀវភៅឲ្យបានច្រើន រៀនស្រាវជ្រាវ រៀនស្វែងយល់ពីទិដ្ឋភាពរបស់សង្គមបច្ចុប្បន្ន រៀនស្គាល់ពីសមត្ថភាពដែលខ្លួនឯងមាន និង អភិវឌ្ឍចំណុចខ្សោយដែលខ្លួនឯងមានឲ្យកាន់តែពូកែជាងមុន។
ទម្លាប់ទាំងនេះនឹងជំរុញអ្នកក្នុងការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនរបស់អ្នកឲ្យកាន់តែរីកចម្រើន និង រស់នៅក្នុងជីវិតមួយដោយពោរពេញដោយភាពក្លាហាន រឹងមាំ ឯករាជ្យជាងមុន ។ ខណៈពេលដែលគោលដៅរបស់អ្នកហាក់ដូចជានៅឆ្ងាយពីការរំពឹងទុក ដូច្នេះទម្លាប់នីមួយៗដែលអ្នកបង្កើត នឹងនាំ តទៅជិតគោលដៅរបស់អ្នកបំផុត។