ការនៅម្នាក់ឯងអាចជារឿងល្អ ព្រោះមានវិធីជាច្រើនដើម្បីជួយឲ្យអ្ន រីករាយនឹងការចំណាយពេលតែម្នាក់ឯង ហើយក៏មានរឿងជាច្រើនដែលអ្នកត្រូវរៀន និងស្វែងយល់ផងដែរ។ ខាងក្រោមនេះជា គន្លឹះ ៤យ៉ាងជួយអ្នកឲ្យរីករាយក្នុងការចំណាយពេលនៅម្នាក់ឯង ៖
១. ស្វែងរកចំណង់ចំណូលចិត្តរបស់អ្នក
ការស្វែងរកចំណង់ចំណូលចិត្តដែលអ្នកមិនធ្លាប់ធ្វើមិនត្រឹមតែអាចជួយអ្នកឱ្យរកឃើញនូវចំណូលចិត្តប្លែកៗ ឬទេពកោសល្យថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចជួយឱ្យអ្នកមានអារម្មណ៍មិនសូវឯកាផងដែរ។ នេះជាវិធីដ៏ល្អក្នុងការធ្វើជាមិត្តនឹងខ្លួនឯង រៀនសប្បាយជាមួយខ្លួនឯងដោយមិនចាំបាច់មានអ្នកដទៃ នោះជាអ្វីដែលអ្នកត្រូវស្វែងរកក្នុងទម្លាប់ប្រចាំថ្ងៃ។
២. បង្កើនការច្នៃប្រឌិតរបស់អ្នក
មធ្យោបាយដ៏ល្អបំផុតមួយដើម្បីរីករាយនឹងការចំណាយពេលតែម្នាក់ឯងគឺការបង្កើនភាពច្នៃប្រឌិតរបស់អ្នក ដោយអ្នកអាចសាកល្បងយកចំណងចំណូលចិត្តរបស់អ្នកទៅបង្កើតជារឿងប្លែកៗ ដែលមើលទៅគួរឲ្យចាប់អារម្មណ៍។ លើសពីនេះ ការបង្កើនភាពច្នៃប្រឌិតមិនត្រឹមតែជួយឲ្យអ្នកមានអារម្មណ៍ល្អប៉ុណ្ណោះទេ ប៉ុន្តែជួយឲ្យគំនិតរបស់អ្នកកាន់ល្អប្រសើរថែមទៀតផង។
៣. សាកល្បងចេញក្រៅម្នាក់ឯង
ទៅមើលកុន ញ៉ាំអី ទៅហាងកាហ្វេដែលអ្នកចូលចិត្ត និង ដើរផ្សារសុទ្ធជាអ្វីដែលអ្នកគួរសាកល្បងធ្វើម្នាក់ឯង ព្រោះនៅពេលដែលអ្នកទម្លាប់ធ្វើរឿងទាំងនេះ អ្នកអាចស្វែងយល់ពីខ្លួនឯងបានច្រើនជាងមុនដោយមិនចាំបាច់ខ្វល់ពីអ្នកដទៃ ចង់ធ្វើអ្វីគឺធ្វើនឹងដោយមិនចាំបាច់ស្ទាក់ស្ទើរ ឬ សម្របខ្លួនឡើយ។
៤. ស្គាល់ខ្លួនឯងកាន់តែច្បាស់
រឿងខ្លះនៅពេលដែលអ្នកចំណាយពេលនៅម្នាក់ឯងគឺល្អទៅវិញទេ ព្រោះអ្នកអាចស្គាល់ពីខ្លួនឯងកាន់តែច្បាស់ យល់ពីអ្វីដែលអ្នកចូលចិត្ត និង មិនចូលចិត្ត ថែមទាំងអាចដឹងពីចំណុចខ្វះខាតដែលអ្នកមាន និងព្យាយាមកែលម្អចំណុចទាំងអស់នោះឲ្យកាន់តែប្រសើរល្អឡើងវិញ។
គន្លឹះទាំងនេះអាចជួយឲ្យអ្នកកាន់រីករាយ ក្នុងការនៅម្នាក់ ដើម្បីកុំឲ្យអ្នកមានអារម្មណ៍ថាឯកា ព្រោះការនៅម្នាក់ពេលខ្លះអាចជារឿងមួយដែលល្អសម្រាប់មនុស្សដែលចូលចិត្តភាពស្ងប់ស្ងាត់ និង ធ្វើឲ្យខ្លួនឯងកាន់តែប្រសើរជាងមុន។ នៅពេលដែលអ្នកចំណាយពេលនៅម្នាក់ឯង អ្នកអាចមានអារម្មណ៍ថាខុសគ្នាពីអ្វីដែលអ្នកចំណាយពេលជាមួយមនុស្សជុំវិញខ្លួនក៏ថាបាន។
បញ្ចេញមតិយោបល់