ការគិត និងធ្វើរឿងអ្វីមួយដោយបើកចំហរ ដើម្បីផ្លាស់ប្តូរក្នុងជីវិតរបស់យើង ក៏ដូចជាធ្វើអោយយើងរីករាយ និងជោគជ័យកាន់តែច្រើនឡើង ប៉ុន្តែមានមនុស្សមួយចំនួនតូច ដែលប្តេជ្ញាចិត្តលើការផ្លាស់ប្តូរជីវិតនេះ លើកិច្ចការធំខ្លាំងពេក ធ្វើឲ្យពួកគេភ្លេចគិតលើរឿងតូចៗដ៏មានតម្លៃជាច្រើន។
ដូច្នេះជំនួសឱ្យការផ្តោតលើជំហាននៃការផ្លាស់ប្តូរដ៏ធំ ចូរចាប់ផ្តើមឆ្ពោះទៅមុខ ដោយបញ្ចូលការផ្លាស់ប្តូរសាមញ្ញតូចៗទាំង ៨ ដែលបានរៀបរាប់ខាងក្រោមនេះ។
១. ឈប់ត្អូញត្អែរ ហើយគិតឡើងវិញថាអ្នកមានសំណាងប៉ុណ្ណារៀងរាល់ថ្ងៃ
ប្រសិនបើអ្នកត្អូញត្អែរច្រើន នោះមានន័យថាអ្នកកំពុងតែខ្ជះខ្ជាយពេលវេលា និងការខិតខំរបស់អ្នកលើការគិត និងពាក្យត្អូញត្អែរ មិនតែប៉ុណ្ណោះវានឹងធ្វើឲ្យអ្នកបង្កើននូវការគិតអវិជ្ជមាន បំផ្លាញការច្នៃប្រឌិតរបស់អ្នកថែមទៀត។
២. កុំខ្លាចភាពឯការ ត្រូវផ្សាំខ្លួនឯងជាមួយវា កុំទម្លាប់ខ្លួនទាល់តែមានមនុស្សនៅជាមួយ
អ្នកដែលទទួលយកភាពឯកោ អាចចូលទៅក្នុងស្ថានភាពមួយដែលមិនចាំមានអ្នកដទៃ អាចធ្វើអ្វីម្នាក់ឯងបាន គឺពួកគេមានភាពធន់ និងកម្លាំងចិត្តធ្ងន់ដែលអាចជំរុញពួកគេ បានយ៉ាងល្អក្នុងនាពេលអនាគត។
៣. កុំនៅជាមួយមនុស្ស ដែលនាំថាមពលអវិជ្ជមានចូលក្នុងជីវិតអ្នក
ការចំណាយពេលជាមួយមនុស្សអវិជ្ជមាន អាចជាចំណុចមិនល្អមួយ ព្រោះពួកគេអាចបំផ្លាញអារម្មណ៍ល្អរបស់អ្នកបានយ៉ាងឆាប់រហ័ស ក្នុងនោះការគិត និងអាកប្បកិរិយាអាប់អួររបស់ពួកគេ អាចកាត់បន្ថយការលើកទឹកចិត្តរបស់យើងផងដែរ។
៤. កំណត់ពេលវេលាក្នុងការលេងអ៊ីនធើណែត
ការចំណាយពេលលើអ៊ីនធើណែតច្រើនពេក អាចបណ្តាលឲ្យអ្នកមានភាពអវិជ្ជមាន និងកង្វះជំនាញសង្គមផងដែរ ដូច្នេះអ្នកគួរតែកំណត់ពេលក្នុងការមើលវា ឲ្យបានសមស្រប។
៥. ជ្រើសរើសជំនាញមួយដែលអ្នកចង់ធ្វើ ហើយដាក់ការខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍន៍វា
មនុស្សគ្រប់គ្នាតែងមានក្តីស្រម៉ៃ និងជំនាញមួយដែលពួកគេស្រលាញ់ ក៏ដូចជាមានទេពកោសល្យ ដូច្នេះអ្នកគួរតែចំណាយពេលអភិវឌ្ឍន៍ជំនាញមួយនោះ ឲ្យកាន់តែល្អ និងមានប្រសិទ្ធិភាព។
៦. ប្តេជ្ញាចិត្តរត់តាមគោលដៅដែលអ្នកបានកំណត់
នៅពេលដែលអ្នកកំណត់គោលដៅរួចហើយ ជៀសមិនផុតនោះទេពីឧបសគ្គដែលកើតមានឡើង ដូច្នេះកុំចុះចាញ់ រុញរា និងងាកក្រោយ ត្រូវតែតស៊ូដើរទៅមុខ បើទោះបីជាអ្នកដើរយឺត ក៏ប្រសើរជាងនៅមួយកន្លែងដែរ។
៧. ហាត់ប្រាណឲ្យបែកញើសជារៀងរាល់ថ្ងៃ
មនុស្សជាច្រើនពិតជាបានដឹងរួចមកហើយថា ការហាត់ប្រាណមិនត្រឹមតែធ្វើឲ្យយើងបែកញើស រក្សារាងកាយស្រស់ស្អាតនោះទេ វាក៏នឹងជួយឲ្យអ្នកមានសុខភាពល្អ និងបង្កើនការគិតរបស់អ្នកថែមទៀត។
៨. បរាជ័យតែងមានជានិច្ច ដូច្នេះត្រូវចេះរៀនពីកំហុសដែលអ្នកធ្វើ
ការបរាជ័យគឺជាគន្លឹះ និងមេរៀនយ៉ាងសំខាន់សម្រាប់អ្នកក្នុងការឈានទៅរកភាពជោគជ័យ ហេតុនេះហើយពេលដែលអ្នកបរាជ័យ កុំអស់សង្ឃឹម ត្រូវរៀនសូត្រពីមេរៀននៃភាពបរាជ័យនោះ អនាគតដ៏ស្រស់ថ្លាកំពុងរងចាំអ្នក។
ដូចដែលបានរៀបរាប់ខាងលើ ទាំងអស់នេះគឺគ្រាន់តែជាចំណុចតូចៗប៉ុណ្ណោះក្នុងការផ្លាស់ប្តូរជីវិតអ្នក ហើយប្រសិនបើធ្វើបាន អ្នកអាចនឹងភ្ញាក់ផ្អើលចំពោះភាពប្រសើរជាងមុន ទាំងរាងកាយ និងសុខភាពផ្លូវចិត្តរបស់អ្នក។