ក្នុងជីវិតប្រចាំថ្ងៃ មនុស្សម្នាក់ៗតែងតែមានការរំពឹងទុកទៅលើអ្វីមួយ ប៉ុន្តែត្រូវចាំថា ការរំពឹងទុកកាន់តែខ្លាំង អ្នកអាចនឹងទទួលបានការខកចិត្តច្រើនដូចគ្នា។ ខាងក្រោមនេះ ជារបៀបមួយចំនួនដែលអាចជួយកាត់បន្ថយការរំពឹងទុករបស់អ្នក ៖
១. កុំរំពឹងទុក១០០% ពេក
បើសិនជាអ្នកមានការរំពឹងទុកខ្លាំងពេក ហើយលទ្ធផលមិនបានដូចចិត្ត នោះអ្នកប្រាកដជាមានអារម្មណ៍ថាខកចិត្តខ្លាំង និងអាចបន្ទោសខ្លួនឯងដោយធ្វើមិនបានល្អ ប៉ុន្តែ បើអ្នកសាកល្បងរំពឹងចំពោះលទ្ធផលដែលអ្នកបានធ្វើតែ ៥០% ទៅ ៧០%វិញ នោះ ទោះជាលទ្ធផលបែបណាក៏មិនធ្វើឲ្យអ្នកខកចិត្តខ្លាំងដែរ។
២. កុំរំពឹងពីអ្នកដទៃពេក
ពិតណាស់ ធម្មជាតិនៃអារម្មណ៍របស់អ្នកនឹងខកចិត្ត នៅពេលដែលអ្នកផ្សេងមិនបានធ្វើតាមការរំពឹងទុករបស់អ្នក ដូចនេះ បើមិនចាំបាច់កុំយកក្តីសង្ឃឹមទៅផ្ញើរលើអ្នកដទៃ ព្រោះ អ្នកអាចនឹងមិនសប្បាយចិត្ត និង មិនហ៊ានទុកចិត្តចំពោះពួកគេទៀតម្តងទៀតឡើយ។
៣. រៀនទទួលយក
ត្រូវចាំថា រឿងខ្លះអ្នកអាចគ្រប់គ្រងបាន ហើយរឿងខ្លះទៀតមិនអាចគ្រប់គ្រងបានទេ ដូចនេះ សម្រាប់លទ្ធផលបែបណា ក៏អ្នកត្រូវបើកចិត្តទទួលយក ហើយចាប់ផ្តើមធ្វើអ្វីមួយថ្មីម្តងទៀត ដើម្បីអាចកែប្រែស្ថានភាពរបស់អ្នកប្រសើរឡើងវិញបាន។
៤. បោះបង់ការរំពឹងទុកណាដែលមិនអាចទៅរួច
កុំរំពឹងចំពោះអ្វីដែលមិនអាចទៅរួច ព្រោះអ្នកបានដឹងពីលទ្ធផលរួចហើយ ដូច្នេះ កុំឲ្យខ្លួនឯងខកចិត្ត និងឈឺចាប់ដោយសារតែរឿងដែលមិនអាចកើតឡើង ត្រូវប្តូរផ្នត់គំនិតរបស់អ្នក និង ចាប់ផ្តើមធ្វើអ្វីដែលអាចកើតឡើងសម្រាប់អ្នកជាជាងរំពឹងអ្វីដែលខ្ពស់ហួសពីសមត្ថភាពរបស់អ្នក។
ជាចុងក្រោយ អ្នកត្រូវដឹងថា នរណាក៏មានការរំពឹងទុករបស់ខ្លួនដែរ ប៉ុន្តែហេតុអ្វីបានជាមនុស្សមួយចំនួន ពួកគេមិនដែលមានអារម្មណ៍ថាខកចិត្តសោះ នេះអាចមកពីពួកគេដឹងពីរបៀបកាត់បន្ថយការរំពឹងទុក និង មិនធ្វើឲ្យខ្លួនឯងខកចិត្តចំពោះអ្វីដែលមិនអាចទៅរួចឡើយ។
បញ្ចេញមតិយោបល់