មានមនុស្សិនច្រើនខ្លាំងនោះទេដែលអាចឯករាជ្របានទាំងការសម្រេចចិត្ត ទាំងហិរញ្ញវត្ថុ ព្រោះភាគច្រើនគឺតែងតែមានសម្ពាធពីនេះពីនោះ មិនចេះចប់។ យ៉ាងណាក៏ដោយយើងឃើញថាបច្ចុប្បន្នមនុស្សស្រីបានអភិវឌ្ឍខ្លួនគួរឲ្យកត់សម្គាល់ ដូច្នេះសម្រាប់អ្នកដែលចង់ក្លាយជាមនុស្សស្រីរឹងមាំនឹងឯករាជ្រគួរតែសាកនូវវិធីខាងក្រោមនេះ៖
១. រៀនចាប់យកឱកាស
មនុស្សស្រីដែលអាចឈានដល់គោលដៅជោគជ័យបាន ដោយសារតែពួកគេចេះសម្លឹងមើលឲ្យឆ្ងាយ រៀនចេះចាប់យកឱកាស។ ពេលខ្លះទោះបីជាអ្នកមានសមត្ថភាពហើយប៉ុន្តែអ្នកមិនចេះចាប់យកឱកាសនោះទេអ្នកមិនអាចមានអ្វីឡើយ ឱកាសមិនមែនចេះតែមានសម្រាប់មនុស្សគ្រប់គ្នា ត្រូវរៀនឆក់និងចេះក្តាប់យក ឱកាសទើបធ្វើឲ្យអ្នកអាចបង្ហាញសមត្ថភាពនៅមុខមនុស្សគ្រប់គ្នាបាននេះហើយជាជំហាននៃការជោគជ័យសម្រាប់មនុស្សស្រី។
២. មានភាពក្លាហានគ្រប់គ្រាន់
ពិតណាស់ចំណុចនេះមិនមែនមនុស្សស្រីគ្រប់គ្នាអាចធ្វើបានទាំងអស់នោះទេ លុះត្រាតែមានការតាំងចិត្តខ្ពស់ និងមានទំនុកចិត្តលើខ្លួនឯងផងដែរ។ នៅពេលដែលអ្នកមានឱកាសហើយប៉ុន្តែអ្នកមិនមានភាពក្លាហានអ្នកក៏មិនអាចឈានទៅមុខបានដែរ ផ្ទុយមកវិញបើអ្នកមានឱកាសហើយគួបផ្សំនិងអ្នកមានភាពក្លាហានគ្រប់គ្រាន់ទៀតនោះធ្វើឲ្យជំហាននៃភាពជោគជ័យរបស់អ្នកកាន់តែទៅមុខយ៉ាងរលូន។ ចង់ធ្វើមនុស្សស្រីជោគជ័យត្រូវតែមានភាពក្លាហានក្នុងខ្លួនជានិច្ច។
៣. រៀនអាន ស្តាប់ និងរៀនអនុវត្ត
ចំណុចនេះអ្នកមិនអាចរំលងបានទេ ព្រោះមនុស្សស្រីដែលជោគជ័យតែងតែតែងតែមានគំនិតខុសពីមនុស្សស្រីទូទៅ ដោយសារតែពួកគេចូលចិត្តអានច្រើន ស្តាប់ច្រើន រួចក៏អនុវត្ត ពេលខ្លះអ្នកបានត្រឹមតែស្តាប់ ឬក៏ដឹងហើយ ប៉ុន្តែអ្នកមិនបានអនុវត្តទើបធ្វើឲ្យគម្លាតនៃភាពជោគជ័យរបស់អ្នកនៅតែវែងឆ្ងាយ។ មនុស្សដែលអាចជោគជ័យបានមិនអាស្រ័យទៅលើទ្រឹស្តីតែមួយមុខទេ ប៉ុន្តែពួកគេថែមទាំងចេះអនុវត្ត ដែលធ្វើឲ្យខ្លួនគេឲ្យកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃទៀតផង។
៤. រៀនស្គាល់ពីសង្គមខាងក្រៅ
ធ្វើជាមនុស្សស្រីមិនមែនត្រូវតែបង្វិលចង្រ្គានឲ្យជុំនោះទេ ក៏មិនត្រូវឲ្យខ្លួនឯងជាប់ឃុំដូចចាបនៅក្នុងទ្រុងដែរ រៀនស្វែងយល់និងដឹងពីពិភពខាងក្រៅ ទើបងាយស្រួលអភិវឌ្ឍន៍សមត្ថភាពដែលខ្លួនឯងមាន និងមិនងាយចាញ់បោកនរណាម្នាក់ងាយៗ។ រៀនដើរខ្លះក៏ល្អទើបធ្វើឲ្យខ្លួនឯងដឹងថាអ្វីល្អឬអ្វីអាក្រក់ ស ឬ ខ្មៅ ទិដ្ឋភាពសង្គមខ្លះគ្រាន់តែលាបពណ៌ឲ្យល្អមើលពីខាងក្រៅប៉ុណ្ណោះ តែការពិតសុទ្ធតែជាការបោកប្រាស់ ដូចនេះបើយើងមិនរៀនស្វែងយល់ទេច្បាស់ជាពិបាកដើរណាស់។
ចង់ធ្វើជាមនុស្សស្រីដែលឯករាជ្យត្រូវរៀនដឹងពីសង្គមខាងក្រៅ រៀនដើរ រៀនក្រោកឈរ រៀនអភិវឌ្ឍន៍ខ្លួនឯងឲ្យរីកចម្រើន ដែលធ្វើឲ្យមនុស្សគ្រប់គ្នាដឹងពីសមត្ថភាពដែលខ្លួនមាន។