មនុស្សស្រីចាស់ទុំ អាចមានគំនិតទូលំទូលាយជាងមនុស្សស្រីទើបតែពេញវ័យ ព្រោះមនុស្សស្រីចាស់ទុំពួកគេបានឆ្លងកាត់បទពិសោធន៍ជាច្រើនមកហើយ ទើបធ្វើឲ្យពួកគេមានគំនិត គិតបានច្បាស់លាស់ និង ហ្មត់ចត់ជាងមនុស្សស្រីដែលនៅក្មេង។ ខាងក្រោមនេះ ជាភាពខុសគ្នារវាងមនុស្សស្រីចាស់ទុំ និង មនុស្សស្រីពេញវ័យ ៖
១. ចំពោះស្នេហា
សម្រាប់មនុស្សស្រីចាស់ទុំ ពួកគេអាចមិនរត់ដេញចាប់ស្នេហាទៀតទេ ប៉ុន្តែ ពួកគេបែរជាងាកមករកជីវិតមួយដែលសាមញ្ញ និង ពង្រឹងសមត្ថភាពរបស់ពួកគេ មិនថាក្នុងជីវិត និង ការងារឡើយ។ ចំណែកឯ មនុស្សស្រីពេញវ័យ គេអាចមានទំនោរចង់បានស្នេហា និង ចង់ឲ្យមនុស្សជាច្រើនស្រឡាញ់ និង ចូលចិត្តនាង ហើយប្រហែលជានាងអាចស្អប់ភាពឯកា និង ព្យាយាមដេញចាប់ស្នេហាដោយខ្លួនឯង។
២. ផ្នែកហិរញ្ញវត្ថុ
ចំពោះមនុស្សស្រីមានគំនិតចាស់ទុំគ្រប់គ្រាន់ ពួកគេដឹងពីការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ ដោយមិនចំណាយលើអ្វីដោយមិនចាំបាច់ និង ព្យាយាមសន្សំសំចៃដើម្បីមានកុំឲ្យខ្ជះខ្ជាយលុយដោយឥតប្រយោជន៍។ រីឯមនុស្សស្រីនៅក្មេង នាងអាចមិនមានគំនិតហ្មត់ចត់បែបនេះទេ នាងអាចចំណាយលុយដោយខ្ជះខ្ជាយទៅលើអ្វីដែលមិនចាំបាច់ និង អាចឈ្លក់វង្វេងជាមួយការអួតសម្ភារៈនិយមជាជាងការសន្សំលុយសម្រាប់អនាគត។
៣. ទំនុកចិត្ត
មនុស្សស្រីដែលទើបតែពេញវ័យប្រហែលជាមិនសូវមានទំនុកចិត្តលើខ្លួនឯងប៉ុន្មានទេ ក្នុងការធ្វើអ្វីមួយ ពេលខ្លះថែមទាំងភ័យខ្លាចក្នុងការសាងកំហុសថែមទៀតផង។ ខុសពីមនុស្សស្រីចាស់ទុំនិង រឹងមាំ ដោយពួកគេចំណាយពេលស្គាល់ពីខ្លួនឯង ស្វែងយល់ពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួន និង ព្យាយាមបង្កើនទំនុកចិត្តដល់ខ្លួនឯងជារឿយៗ។
៤. រូបរាង និង សម្រស់
ចំពោះរូបរាង និង សម្រស់វិញ មនុស្សស្រីដែលពេញវ័យគឺស្អាត និង ហ៊ឺហារច្រើន ព្រមទាំងចេះលេងស្ទាយឲ្យមើលទៅទាក់ភ្នែកសម្រាប់មនុស្សជុំវិញខ្លួន។ ប៉ុន្តែសម្រាប់មនុស្សស្រីចាស់ទុំនោះ នាងតែងខ្លួនសាមញ្ញ មិនឡូយឆាយ មិនហៃសូឡើយ ព្រោះ តែនាងដឹងថាពេលខ្លះភាពស្រស់ស្អាតមិនមែនដោយសារតែ សម្លៀកបំពាក់ និង រូបរាងឡើយ។
៥. ការនិយាយស្តី
មនុស្សស្រីមានភាពចាស់ទុំនៅក្នុងខ្លួន មុននិយាយអ្វីអាចនឹងគិតពីលទ្ធផលជាមុន ពូកែលាក់អារម្មណ៍ និង មិនបង្ហាញផ្តេសផ្តាសឡើយ ហើយពាក្យខ្លះទៀត គេដឹងថាពាក្យណា គួរ និង មិនគួរនិយាយ នៅក្នុងស្ថានភាពបែបណា។ ចំណែកឯ មនុស្សស្រីនៅមិនទាន់ចាស់ទុំនោះ និយាយអ្វីអាចនឹងមិនបានគិតឲ្យបានគ្រប់ជ្រុងជ្រោយឡើយ អាចនិយាយតាមតែនឹកឃើញ ដូចនេះហើយបានជា មនុស្សស្រីចាស់ទុំ និយាយ តិចជាងមនុស្សស្រីនៅក្មេង។
តាមការនិយាយខាងលើ គឺនៅមានចំណុចជាច្រើនទៀតដែលមនុស្សស្រីមានគំនិតចាស់ទុំខុសឆ្ងាយពីមនុស្សស្រីពេញវ័យ ដូចនេះ អ្នកអាចសង្កេតបន្ថែមទៀត តាមរយៈជីវិតប្រចាំថ្ងៃអ្នកក៏បាន។
បញ្ចេញមតិយោបល់