គ្រប់ពេលគិតពីអតីតកាលម្តងៗ ពេលខ្លះអ្នកអាចមានអារម្មណ៍ថា មិនចូលចិត្តខ្លួនឯងទាល់តែសោះ ហើយបែរជាស្អប់ខ្លួនឯងយ៉ាងខ្លាំងណាស់ទៅវិញ។ ប្រហែលជា ពេលអ្នកមិនសប្បាយចិត្ត បានឈរនៅមុខកញ្ចក់ បន្ទាប់មកទឹកភ្នែករបស់អ្នកប្រហែលជាស្រក់ចុះដោយមិនដឹងខ្លួន ព្រោះ អ្នកកំពុងបន្ទោសខ្លួនឯងពីរូបរាង និងគុណវិបត្តិរបស់អ្នក ។
តាមពិតទៅ អាចមានរបួស និង ស្លាកស្នាម ជាច្រើននៅក្នុងចិត្តរបស់អ្នក ដែលមិនអាចមើលឃើញដោយភ្នែកទទេបាន ហើយវាតែងតែ លេចឡើងពេលមាននរណាម្នាក់ រំលឹកពីរឿងដែលអ្នកបានជួបប្រទះ និង ភាពឈឺចាប់ដែលអ្នកធ្លាប់ឆ្លងកាត់។ តាមពិតទៅរបួសខ្លះ អាចបណ្តាលមកពីកំហុសដែលអ្នកធ្លាប់ធ្វើពីមុនមក ហើយស្នាមផ្សេងទៀត គឺមកពីមនុស្សដែលអ្នកស្រលាញ់នៅអតីតកាល ទើបធ្វើឲ្យអ្នកឈឺចាប់ខ្លាំងបែបនេះ។
ការពិត ជឿថាពេលខ្លះ អ្នកមិនអាចទទួលយកអារម្មណ៍ឈឺចាប់ទាំងនេះបានពិតមែន ព្រោះវា គឺជាមេរៀនដែលធ្វើឲ្យអ្នកចងចាំ និង មិនអាចបំភ្លេចបាន។ តាមពិតទៅ អ្នកអាចស្អប់ខ្លួនឯងជាខ្លាំង ស្អប់រហូតដល់ មានពេលខ្លះអ្នកមិនអាចទទួលយកបានថាអ្នកជានរណា អ្នកមិនចង់ធ្វើជាខ្លួនឯង មិនចង់បានជីវិតដែលអ្នកកំពុងមាន ហើយស្រាប់តែប្រាថ្នាឲ្យខ្លួនឯងជាមនុស្សថ្មីម្នាក់ទៀត ដែលមានអ្វីៗល្អជាងនេះ មានអតីតកាលដែលសប្បាយរីករាយ និងការចងចាំល្អៗសម្រាប់អ្នក ។
ប៉ុន្តែនៅទីបំផុត ហេតុផលដែលធ្វើឲ្យអ្នកឈឺចាប់ និង ស្អប់ខ្លួនឯងជាយូរបែបនេះបានលេចឡើង ហើយបណ្តាលមកពីអ្នកមិនព្រមដោះលែងខ្លួនឯងចេញពីអតីតកាល ព្រមទាំងព្យាយាមឃុំខ្លួនឯងនៅក្នុងការឈឺចាប់ពីមួយថ្ងៃទៅមួយថ្ងៃ ទើបធ្វើឲ្យអ្នកក្លាយជាបែបនេះ។
ចុងបញ្ចប់ អ្នកបានដឹងថា អ្នកដទៃមិនអាចមកព្យាបាលរបួសរបស់អ្នកបានទេ ក្រៅពីអ្នកខ្លួនឯង ហើយអ្វីដែលអ្នកត្រូវធ្វើ គឺជាការរៀនបោះបង់ចោលរឿងដែលកន្លងហួស រៀនទម្លាក់ចុះរឿងដែលធ្វើឲ្យអ្នកមិនសប្បាយចិត្ត ចាប់ផ្តើមមើលថែខ្លួនឯង និង ស្រឡាញ់ខ្លួនឯងឡើងវិញ។ ហើយនៅថ្ងៃណាមួយ អ្នកនឹងអាចសម្លឹងមើលខ្លួនឯងនៅក្នុងកញ្ចក់ដោយមិនស្រក់ទឹកភ្នែកឡើយ។
អ្វីគ្រប់យ៉ាងសុទ្ធ តែត្រូវការពេលវេលាដើម្បីព្យាបាល ទោះជារបួសខ្លាំងប៉ុណ្ណា ថ្ងៃណាមួយគង់តែជាសះស្បើយជាមិនខាន។ ដូចនេះ កុំព្យាយាមគិតពីអ្វីដែលអ្នកមិនអាចត្រឡប់ទៅកែប្រែបាន ប៉ុន្តែត្រូវធ្វើអ្វីដែលនៅចំពោះមុខអ្នកឲ្យល្អប្រសើរឡើងវិញ។