ការលេងសើចត្រូវមានកំណត់ ព្រោះមនុស្សគ្រប់គ្នាមិនមែនមានការគិតដូចគ្នាទាំងអស់នោះទេ ត្រូវមើលលើអារម្មណ៍ និង ស្ថានភាពដែលកំពុងជួបប្រទះជាក់ស្តែង បើអ្នកឃើញថាអារម្មណ៍មនុស្សម្នាក់កំពុងមិនសប្បាយចិត្ត ហើយអ្នកបែរជាយករឿងដែលធ្វើឲ្យគេមិនសប្បាយចិត្តហ្នឹងទៅលេងសើច នោះប្រាកដជាធ្វើឲ្យមនុស្សម្នាក់ទៀតខឹងជាមិនខាន។
លើសពីនេះ ការលេងសើច ពេលខ្លះអាចនឹងមានសម្រាប់មនុស្សគ្រប់គ្នា ប៉ុន្តែក្នុងកាលៈទេសៈខ្លះអ្នកមិនអាចលេងសើចបាននោះទេ ដូចនេះមុននឹងប្រើពាក្យថាលេងអ្នកក៏ត្រូវប្រើខួរក្បាលមកគិតសិន ព្រោះពាក្យសម្តីខ្លះ តែនិយាយចេញហើយ គឺមិនអាចលេបចូលវិញបាននោះទេ។
ម្យ៉ាងទៀត នេះជាឃ្លាផ្ញើរទៅកាន់មនុស្សមួយចំនួន ដែលចូលចិត្តលេងសើចដោយមិនខ្វល់ពីអារម្មណ៍របស់អ្នកដទៃ គឺលេងដឹងលេង មែនដឹងមែន កុំបែបបន្លំមើលងាយគេ ហើយស្រែកថាគ្រាន់តែជាការលេងសើច មិនក៏ប្រកាន់ម្ល៉េះ ប៉ុន្តែការលេងសើចគឺត្រូវតែសើចទាំងសងខាង តែបើសិនជាមានម្នាក់មិនពេញចិត្តនឹងសម្តី ឬ ឃ្លាទាំងនោះទេ គឺមិនមែនជាការលេងសើចឡើយ។ ទោះបីជាយ៉ាងណា មុននឹងចង់និយាយលេងសើច ត្រូវប្រាកដថា ពាក្យទាំងនោះ មិនអាចប៉ះពាល់ដល់អារម្មណ៍គេ ឬធ្វើឲ្យអ្នកដទៃឈឺចាប់ឡើយ នេះហើយជាពាក្យថាលេងដឹងលេង។