អារម្មណ៍សោកសៅ តានតឹង និង អស់សង្ឃឹមនរណាក៏មានដែរ ប៉ុន្តែមិនដឹងធ្វើបែបណា នៅពេលដែលមនុស្សជុំវិញអ្នកបានជួបអារម្មណ៍បែបនេះហើយអ្នកមិនអាចធ្វើអ្វីបាន ក្រៅពីនិយាយលើកទឹកចិត្តរបស់ពួកគេ។ ដូច្នេះ វិធីសាមញ្ញខាងក្រោមនេះអាចជួយលួងលោមមនុស្សទាំងនោះឲ្យមានអារម្មណ៍ប្រសើរឡើងវិញ យ៉ាងមានប្រសិទ្ធិភាព ៖
១. សួរអំពីហេតុផលដែលធ្វើឲ្យពួកគេពិបាកចិត្ត
រឿងដំបូងដែលអ្នកត្រូវធ្វើ គឺសួរពួកគេថាមានរឿងអ្វី ប៉ុន្តែជាធម្មតាមនុស្សមួយចំនួនពួកគេតែងតែចង់ដោះស្រាយបញ្ហាទាំងនោះដោយខ្លួនឯង ហើយក៏មានមនុស្សមួយចំនួនដែលពេញចិត្តសម្រាប់ការប្រាប់ពីអ្វីដែលកើតឡើងចំពោះពួកគេដើម្បីឲ្យធូរស្បើយអារម្មណ៍ផងដែរ។
២. ធ្វើជាអ្នកផ្តល់យោបល់ដ៏ល្អ
មានន័យថា អ្នកអាចផ្តល់យោបល់ឲ្យគេក្រោយពីសួររកមូលហេតុរួចហើយ ដូចនេះអ្នកអាចលើកទឹកចិត្តឲ្យពួកគេមិនត្រូវបោះបង់ និង ធ្វើគិតពីភាពវិជ្ជមានឲ្យបានច្រើនជាងមុន។ ម្យ៉ាងទៀតអ្នកអាចធ្វើជាអ្នកស្តាប់ដ៏ល្អម្នាក់បានដោយគ្រាន់តែស្តាប់នូវអ្វីដែលគេនិយាយដោយមិនបាច់និយាយកាត់នោះទេ ធ្វើដូចនេះពួកគេអាចមានអារម្មណ៍ថាធូរស្បើយបាន50%ហើយ។
៣. បបួលពួកគេចេញក្រៅលំហែអារម្មណ៍
ការចេញទៅក្រៅដើរលេងជាមួយមិត្តភក្តិគឺ អាចកាត់បន្ថយអារម្មណ៍ដែលសោកសៅបានមួយកម្រិតដែរ ព្រោះនៅពេលដែលពួកគេចំណាយនៅជាមួយមិត្តភក្តិប្រហែលជាមិនសូវស្មុគស្មាញពេកនោះទេដូចពេលគេនៅម្នាក់ឯងឡើយ។ សំខាន់ជាងនេះពួកគេបានចំណាយពេលវេលាជាមួយមនុស្សដែលធ្វើឲ្យអារម្មណ៍ពួកគេប្រសើរឡើងវិញសម្រាប់ធ្វើអ្វីដែលមានការចងចាំល្អៗនិង បង្កើតភាពសប្បាយរីករាយ ដូចនេះបើអាចបបួលគេទៅក្រៅជាជាងឲ្យគេនៅម្នាក់ឯង។
៤. បង្កើតរឿងកំប្លែងៗ
ជាធម្មតានៅពេលដែលមនុស្សម្នាក់មានអារម្មណ៍ថាមិនសប្បាយចិត្តនោះ ពួកគេមិនសូវចូលចិត្តនិយាយច្រើននោះទេ ជាពិសេសចូលចិត្តសម្ងំនៅតែក្នុងបន្ទប់ប៉ុណ្ណោះ ដូចនេះប្រសិនបើអ្នកអាចនៅក្បែរខ្លួនគេ អាចបង្កើតរឿងកំប្លែងដែលអាចធ្វើឲ្យពួកគេសើចបាន ដូចជាមើលរឿង និយាយរឿងនិទាន និង ធ្វើជាកាយវិការទៅតាមសាច់រឿង ដូចនេះពួកគេប្រហែលអាចបានប្រសើរឡើងវិញក៏ថាបាន។
អារម្មណ៍មិនល្អ និង ស្ថានភាពបែបនេះអ្នកណាក៏អាចជួបប្រទះដែរ ប៉ុន្តេត្រូវរកវិធីដែលសាមញ្ញដើម្បីជួយបន្លំទុកសោកនូវអ្វីដែលគេមាននៅក្នុងចិត្ត អ្នកអាចជាអ្នកស្តាប់ អ្នកផ្តល់យោបល់ ឬជាតួរកំប្លែងដើម្បីឲ្យអារម្មណ៍របស់មនុស្សក្បែរខ្លួនអ្នកឲ្យប្រសើរឡើងវិញតាមដែលអាចធ្វើទៅបាន។