វិធី ៥យ៉ាង ជួយឲ្យមនុស្សស្រីចាកចេញពីភាពទន់ជ្រាយ ក្លាយជាមនុស្សស្រីពូកែម្នាក់

Vachana-Website-Life-&-Carrier (2)

ភាពទន់ជ្រាយអ្នកណាម្នាក់ក៏មានដែរ ជាពិសេសសចំពោះមនុស្សស្រីដោយសារតែនាងមានចិត្តច្រើន ឆាប់ប៉ះទង្គិចផ្លូវចិត្តនិងអារម្មណ៍ ប៉ុន្តែចំពោះរឿងទាំងអស់នេះអ្នកមិនអាចឲ្យវាគ្របដណ្តប់ជុំវិញខ្លួនរបស់អ្នកបានទេ ត្រូវរៀនកាត់បន្ថយខ្លះ។ លើសពីនេះអ្នកក៏ត្រូវរៀនចាកចេញពីរឿងណាដែលធ្វើឲ្យអ្នកបាក់ទឹកចិត្ត ដូច្នេះវិធីខាងក្រោម ៥យ៉ាងនេះនឹងអាចជួយអ្នកឲ្យចាកចេញពីភាពទន់ជ្រាយ អស់សង្ឃឹមបាន៖


១. ឈប់ដេញចាប់រឿងស្នេហា

ពិតណាស់មនុស្សស្រីដែលរឹងមាំនាងមិនដែលយកស្នេហាជាធំនោះទេ នាងតែងតែផ្តោតលើការរស់នៅដែលល្អនឹងធ្វើអ្វីដែលនាងសប្បាយចិត្តប៉ុណ្ណោះ ព្រោះនាងគិតថាស្នេហាអាចនឹងមកក្រោយនៅពេលដែលនាងមានសមត្ថភាពគ្រប់គ្រាន់ និងអាចស្រឡាញ់ខ្លួនឯងបានគ្រប់គ្រាន់។ អ្នកត្រូវចាំថាស្នេហាបើកាន់តែដេញចាប់ អ្នកកាន់តែហត់នឿយ។


២. បង្កើតអារម្មណ៍វិជ្ជមានឲ្យខ្លួនឯង និងមនុស្សជុំវិញខ្លួន

ចំណុចនេះអ្នកគួរតែគិតពីអ្វីដែលល្អនៅជុំវិញខ្លួន រឿងខ្លះមិនមែនសុទ្ធតែអាក្រក់រហូតទេ ល្អឬអាក្រក់អាស្រ័យលើចិត្តគំនិតរបស់អ្នកប៉ុណ្ណោះ ។ រៀនគិតពីភាពវិជ្ជមានខ្លះទៅព្រោះអ្នកមិនមែនជួបតែរឿងខកចិត្តរហូតនោះទេ រៀនលើកទឹកចិត្តខ្លួនឯង និងធ្វើឲ្យខ្លួនឯងកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។ ពេលខ្លះដោយសារអ្នកបិទចិត្តខ្លួនឯងពេក អ្នកក៏មើលមិនឃើញពីភាពស្អាត ខ្លាំងរបស់ខ្លួនឯង និង​មនុស្សជុំវិញខ្លួនអ្នកក៏ថាបាន។


៣. រៀនផ្លាស់ប្តូរខ្លួនឯង

ចង់ក្លាយជាមនុស្សរឹងមាំ ត្រូវរៀនផ្លាស់ប្តូរ និង ស្វែងរកខ្លួនឯង។​ ទម្លាប់មិនល្អ កាត់បានគួរតែកាត់ចោលទៅ រឿងខ្លះអ្នកអាចនឹងមើលរំលង ចង់ចាកចេញពីភាពទន់ខ្សោយ ត្រូវរៀនមើលពីទិដ្ឋភាពជុំវិញខ្លួននឹងរៀនច្នៃខ្លួនឯងឲ្យមានតម្លៃ មនុស្សស្រីដែលរឹងមាំតែងតែផ្លាស់ប្តូរខ្លួនឯងឲ្យល្អជាមុនសិន ជាជាងឲ្យខ្លួនឯងនៅក្នុងភាពទន់ជ្រាយដែលមិនអាចទៅណាបាន។


៤. ផ្តោតលើគោលដៅជីវិត

គោលដៅជីវិតពិតជាសំខាន់ណាស់ អ្នកមិនអាចបណ្តោយខ្លួនឲ្យរសាត់តាមខ្យល់បានទេ ក៏មិនអាចធ្វើដោយខ្ជីខ្ជាបានដែរ។ ជីវិតអ្នកបើមិនចេះកំណត់ទេ អ្នកមិនអាចជោគជ័យបានទេ ចង់ក្លាយជាមនុស្សស្រីរឹងមាំ ត្រូវចេះមានគោលដៅច្បាស់លាស់ ម៉ត់ចត់ នឹងមានភាពខ្លាំងនៅក្នុងខ្លួន ទើបអ្នកអាចឈានទៅរកភាពជោគជ័យបាន។


៥. បង្កើនទំនាក់ទំនង

ពិតណាស់អ្នកមិនអាចឃុំខ្លួនឯងឲ្យនៅតែក្នុងបន្ទប់ពេកទេ ការដើរលេងជាមួយមិត្តភក្តិ បង្កើនទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន អាចឲ្យអ្នកមានភាពល្អប្រសើរបានជាងពេលអ្នកនៅម្នាក់ឯង រៀនលំហែអារម្មណ៍ជាមួយពួកគេខ្លះទៅទើបមិនធ្វើឲ្យស្ថិតនៅក្នុងភាពតានតឹង ហើយអាចបង្កើតឱកាសផ្សេងៗទៀតក្នុងជីវិតផងដែរ។

រៀនធ្វើចិត្តឲ្យសប្បាយរីករាយនិងធូរស្រាលទើបធ្វើឲ្យអ្នកចេញផុតពីភាពដែលមិនល្អនិងទន់ខ្សោយ ហើយប្រែក្លាយខ្លួនជាមនុស្សស្រីពូកែម្នាក់។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង