ក្នុងជីវិតរបស់យើងតែងតែជួបនូវបញ្ហាមួយចំនួនដែលកើតមាន ហើយទំព័រជីវិតយើង ក៏មិនអាចឲ្យអ្នកដទៃគ្រប់គ្រងជំនួសបានដែរ គឺមានតែខ្លួនអ្នកទេដែលជាអ្នកកំណត់វាបាន។ យ៉ាងណាក៏ដោយក្នុងជីវិតនេះអ្នកមិនអាចប្រកែកបានទេថា អ្នកមិនព្រមទទួលនូវរឿងឈឺចាប់ ព្រោះអ្នកមិនអាចគេចបាន គឺត្រូវតែជួប គ្រាន់តែតិច ឬច្រើនប៉ុណ្ណោះ។ លើសពីនេះបើអ្នកមិនព្រមបើកចិត្តទទួលការពិត ហើយប្រកាន់យករឿងមួយចំនួននេះទៀត នោះជីវិតអ្នកនឹងកាន់តែយ៉ាប់ទៅៗ ពិបាករកភាពស្រស់ស្រាយក្នុងជីវិតណាស់។
១. ស្តាប់សម្តីអ្នកដទៃច្រើនពេក
ពិតណាស់បើសិនជាអ្នកចាំតែស្តាប់ពាក្យអ្នកដទៃច្រើនពេក នោះនឹងធ្វើឲ្យអ្នកមិនអាចសម្រេចនូវអ្វីដែលអ្នកចង់បាន ព្រោះមនុសស្សខ្លះមិនមែនសុទ្ធតែចង់ឃើញអ្នកល្អជាងខ្លួនគេនោះទេ។ លើសពីនេះ អ្នកត្រូវទទួលស្គាល់ថាអ្នកមិនអាចផ្គាប់ចិត្តគ្រប់គ្នាបានឡើយ បើអ្នកចាំតែធ្វើតាមអ្វីគេប្រាប់ អ្នកធ្វើ១០០រឿងក៏នៅតែខុស។
២. គ្មានទំនុកចិត្តលើខ្លួនឯង
មនុស្សស្រីពេលខ្លះមានភាពខ្មាស់អៀនច្រើន និងមិនមានភាពជឿជាក់រហូតដល់ពេលខ្លះថែមទាំងបំបាក់ទឹកចិត្តខ្លួនឯងជារឿយៗ។ កត្តានេះហើយទើបធ្វើឲ្យនាងមានភាពទន់ជ្រាយមិនអាចប្រសើរឡើងបាន ហើយបោះបង់ក្តីស្រមៃខ្លួនចោល ហើយរស់ជាមួយនឹងអារម្មណ៍គ្មានក្តីសុខរាល់ថ្ងៃ។
៣. ឃុំខ្លួនឯងក្នុងអតីតកាល
ពេលខ្លះអតីតកាលអាចបំផ្លាញជីវិតអ្នកដោយសារតែអ្នកមិនអាចទទួលយកវា ជាពិសេសមនុស្សស្រី ពេលខ្លះនាងតែងតែទទួលយកមិនបាននូវអតីតកាលមួយចំនួនដែលនាងធ្លាប់ឆ្លងកាត់។ ការរំលឹក និងស្ពាយអាតីតកាលមិនចេះដោះលែង ទើបធ្វើឲ្យអ្នករស់នៅដោយការឈឺចាប់ ហើយមានជីវិតយ៉ាបយ៉ឺនទៅ។
៤. គ្មានគោលដៅជីវិតច្បាស់លាស់
អ្នករកមិនឃើញថាខ្លួនឯងស្ថិតនៅគោលដៅជីវិតមួយណា ទើបធ្វើឲ្យជីវិតរបស់អ្នកគ្មានកោះត្រើយ តែលតោល។ ការដែលអ្នករស់នៅបែបនេះអ្នកមិនអាចរីក ចម្រើនបានទេ ហើយក៏មិនអាចរកឃើញអារម្មណ៍មានក្តីសុខបានដែរ។
ជីវិតជួបបញ្ហាវាមិនមែនជារឿងមិនល្អនោះទេ ព្រោះបញ្ហានឹងធ្វើឲ្យយើងខ្លាំងជាងមុន អ្វីដែលជារឿងមិនល្អ គឺយើងមិនចេះដោះស្រាយបញ្ហា ហើយចេះតែចាប់យករឿងអាក្រក់ៗមកក្នុងជីវិត។