ក្នុងជីវិតនេះអ្នកអាចជួបបញ្ហាមិនចេះចប់មិនចេះហើយ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺ មិនត្រូវឲ្យខ្លួនឯងស្ថិតក្នុងស្ថានភាពមួយដែលធ្វើឲ្យផ្លូវចិត្តរបស់អ្នកកាន់តែដុនដាបនោះទេ ត្រូវចាំថាការរក្សាផ្លូវចិត្តរបស់អ្នកឲ្យបានល្អគឺជាចំណុចសំខាន់បំផុតក្នុងជីវិតរបស់អ្នក។
ជឿថាពេលខ្លះអ្នកសឹងតែគិតខ្លីម្តងម្កាលដោយសារតែធ្វើអ្វីមិនកើត គិតអ្វីមិនចេញ ប៉ុន្តែត្រូវដឹងថាបញ្ហាទាំងអស់តែងតែមានដំណោះស្រាយ ដូចនេះរៀនទប់អារម្មណ៍ខ្លួនឯង រៀនសមាធិ រៀនផ្តោតអារម្មណ៍ខ្លួនឯងឲ្យស្រឡះល្អ កុំបណ្តោយឲ្យបញ្ហាមួយចំនួនមកគ្របដណ្តប់លើជីវិតអ្នកទាំងមូល ត្រូវស្វែងយល់ពីបញ្ហាហើយព្យាយាមដោះស្រាយម្តងបន្តិចៗ ទើបជាការប្រសើរ។
លើសពីនេះ អ្នកមិនត្រូវគេចវៀសពីបញ្ហាដែលអ្នកកំពុងជួបប្រទះទេ ត្រូវតែប្រឈមមុខទើបធ្វើឲ្យអ្នកទទួលបានបទពិសោធន៍មួយដែលធ្វើឲ្យជីវិតរបស់អ្នកកាន់តែរឹងមាំ និង មិនងាយចុះចាញ់ឡើយ ទោះបីជាអ្នកបរាជ័យច្រើនដង ដួលជាច្រើនសារក៏មិនថ្វីដែរ។ ជីវិត គឺបែបនេះហើយ មើលទៅដូចជាធម្មតាទេ ប៉ុន្តែមិនស្រួលដូចអ្នកគិតឡើយ ទោះជាយ៉ាងណាក៏ដោយ រៀនស្រឡាញ់ជីវិតដែលអ្នកទទួលបាន រៀនមើលជីវិតអ្នកក្នុងផ្លូវមួយដែលល្អ ព្រោះគ្រប់បញ្ហាទាំងអស់បង្រៀនអ្នកឲ្យរឹងមាំ និង ក្លាហាន សម្រាប់ផ្លូវដែលអ្នកបានរើស។
ចុងក្រោយ អ្វីដែលអ្នកត្រូវធ្វើនោះគឺ ត្រូវរៀនលើកទឹកចិត្តខ្លួនឯងពីមួយថ្ងៃទៅមួយថ្ងៃ កុំយកសម្តីអ្នកដទៃមកគិតឲ្យឈឺក្បាលអី ព្រោះគ្មានអ្វីចំណេញសម្រាប់ផ្លូវចិត្តរបស់អ្នកទេ មានតែនាំឲ្យអ្នកបាក់ទឹកចិត្តនឹងអស់សង្ឃឹមកាន់តែខ្លាំង ដូចនេះ រៀនមើលថែខ្លួនឯងឲ្យល្អ ទាំងផ្លូវកាយ និង ផ្លូវចិត្តរបស់អ្នក ទើបជីវិតអ្នកមានន័យ និង សប្បាយចិត្ត។