ខ្លួនឯងផ្លាស់ប្តូរបែបណាមិនសំខាន់ សំខាន់ការផ្លាស់ប្តូរនេះធ្វើឲ្យយើងមានក្តីសុខឬអត់?

Vachana-Website-Life-Carrier-Ad

ជាមនុស្សស្រីម្នាក់ មិនចូលចិត្តឲ្យនរណាម្នាក់ មកដាក់គំនៀប និង ត្រួតត្រាលើជីវិតរបស់ខ្ញុំឡើយ ព្រោះខ្ញុំជាមនុស្សដែលចូលចិត្តសេរីភាព និង មិនចូលចិត្តឲ្យមនុស្សមកបញ្ជារខ្ញុំធ្វើអ្វីមួយទាំងខ្ញុំមិនពេញចិត្តនោះទេ។ ជាមនុស្សស្រី រឹងប៉ឹង និង ដួលចេះក្រោកដោយខ្លួនឯង ហើយនៅពេលនេះ ទោះគ្មាននរណាម្នាក់នៅក្បែរខ្ញុំ ក៏ខ្ញុំអាចរឹងមាំ និង ឯករាជ្យដោយខ្លួនឯងបាន ព្រោះខ្ញុំដឹងថា ការលើកទឹកចិត្ត និងផ្តល់ក្តីស្រឡាញ់ឲ្យខ្លួនឯងគឺជារឿងចាំបាច់បំផុតនៅពេលដែលយើងធ្លាក់ដល់ចំណុចសូន្យ។

រឿងទាំងអស់នេះ ក៏មិនដឹងថាខ្លួនឯងផ្លាស់ប្តូរតាំងពីពេលណាដែរ ប្រហែលនៅពេលដែលយើងឈានដល់វ័យចាស់ទុំ និង អាយុកាន់តែច្រើន ខ្លួនឯងបានផ្លាស់ប្តូរក៏ច្រើនដូចគ្នា ប្រែជាមនុស្សលែងត្រេកត្រអាលនឹងរបស់ថ្លៃៗ លែងចាប់អារម្មណ៍នឹងថ្ងៃដែលសំខាន់ៗ ព្យាយាមឈប់ដេញចាប់ក្តីស្រឡាញ់ពីមនុស្សជុំវិញខ្លួន សុំត្រឹមខ្លួនឯងសប្បាយចិត្តគឺគ្រប់គ្រាន់ពេកហើយ។ 

អារម្មណ៍ពេលនេះគ្រាន់តែ ចង់គេងឲ្យបានគ្រប់គ្រាន់ សប្បាយចិត្តឲ្យច្រើន ចង់ធ្វើអ្វីដែលខ្លួនចង់ធ្វើ រៀនយល់ចិត្តខ្លួនឯងជាងអ្នកដទៃ ទិញអ្វីដែលខ្លួនស្រឡាញ់ និងរស់នៅក្នុងជីវិតដែលសាមញ្ញ និងធម្មតាមួយតែប៉ុណ្ណោះ។ លើសពីនេះ ជីវិតពេលនេះគឺមិនចង់ឈ្នះចាញ់ជាមួយអ្នកណាម្នាក់ទៀតឡើយ ហើយមិនបានប្រៀបធៀបក្តីសុខរបស់ខ្លួនឯងទៅនឹងជីវិតរបស់អ្នកណា ព្រោះក្តីសុខពិតប្រាកដ តែងតែកើតចេញពីខ្លួនយើងតែម្នាក់គត់ជាអ្នកដឹងឮ។ 

លើសពីនេះ ការផ្លាស់ប្តូរមួយនេះមិនមែនសម្រាប់អ្នកណា ដូច្នេះ មិនចាំបាច់ត្រូវការបង្ហាញប្រាប់អ្នកដទៃឡើយ ព្រោះមានតែយើងទេដែលជាអ្នកផ្តល់ភាពរីករាយឲ្យខ្លួនឯង ហើយនៅទីបញ្ចប់គ្មាននរណាម្នាក់អាចផ្តល់ក្តីសុខដល់យើងជារៀងរហូតនោះទេ ត្រូវរស់នៅដោយខ្លួនឯង និង ស្វែងរកក្តីសុខសម្រាប់ខ្លួនឯង។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង