ភាពចាស់ទុំមិនសម្តៅលើអាយុនោះទេ តែវាជាបង្ហាញពីគំនិត ទំនួលខុសត្រូវ ររបៀបរបបរស់នៅរបស់មនុស្សម្នាក់ៗ ដូច្នេះអ្នកក៏អាចសង្កេតមើលខ្លួនឯងបានដែរ ថាអ្នកស្ថិតនៅចំណុចដែលមនុស្សស្រីចាស់ទុំមានឬនៅ? ដូច្នេះចំណុចខាងក្រោមនេះនឹងបង្ហាញដល់អ្នក៖
១. មានទំនុកចិត្តលើខ្លួនឯង
ទោះទៅដល់ទីណាក៏អ្នកជឿលើអ្វីដែលខ្លួនឯងមាន ហើយរីករាយនឹងអ្វីដែលនៅជុំវិញខ្លួនដោយមិនចាំបាច់ទៅអែបអប ឬទ្រអ្នកណាម្នាក់ឡើយ។ ផ្ទុយទៅវិញគឺចេះគោរព ចេះបត់បែនទៅតាមស្ថានភាពដែលខ្លួនជួប។
២. មានភាពស្មោះត្រង់
មានភាពស្មោះត្រង់នឹងខ្លួនឯង និង អ្នកដទៃ មិនថាមិត្តភាព ឬការងារនោះទេ។ បើក្នុងទំនាក់ទំនងស្នេហាវិញ បើខ្លួនអស់ស្រឡាញ់ អ្នកក៏នឹងហ៊ានប្រាប់ម្ខាងទៀត មិនមែននៅមុខធ្វើជាស្រឡាញ់ហើយខាងក្រោយលួចមានអ្នកថ្មីនោះទេ។
៣. ចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន
ពេលមានបញ្ហាអ្នកចេះទប់អារម្មណ៍ហើយគិតពីដំណោះស្រាយ មិនមែនយកកំហឹងមកដាក់មុខដើរស្រែកដើរស្ដីឲ្យគេនោះទេ។ អ្នកចេះបែងចែកអារម្មណ៍ជាមួយមនុស្សដទៃ មិនមែនខឹងគោ វ៉ៃរទេះឡើយ។
៤. មានភាពឯករាជ្យ
អ្នកមិនមែនជាមនុស្សស្រីដែលចាំតែធ្វើតាមគេបញ្ជា ឬ ជាមនុស្សស្រីដែលមិនហ៊ានធ្វើអីខ្លួនឯងនោះទេ។ អ្នកអាចសម្រេចលើរឿងអ្វីមួយដោយខ្លួនឯង ដើរតាមក្តីស្រមៃខ្លួនឯង តែមិនមែនបានន័យថាអ្នកមិនទទួលយោបល់ពីគេទេ គឺអ្នកទទួលហើយគិត និងសម្រេចលើខ្លួនឯង។
៥. មានភាពអត់ធ្មត់ច្រើន
ក្នុងសង្គមរឿងអីក៏មានដែរ មនុស្សស្រីដែលចាស់ទុំគឺចេះអត់ធ្មត់ មិនមែនធ្វើអីតាមតែចិត្ត ហើយមានរឿងអីតិចក៏រត់ចោលការងារឡើយ។ ទោះមានរឿងខ្លះប៉ះទង្គិចចិត្តក៏ដោយ ក៏អ្នកអាចអត់ធ្មត់នឹងបន្តដំណើររបស់បានដែរ។ នោះហើយជាទំនួលខុសត្រូវ និងភាពអត់ធ្មត់ដែលមនុស្សស្រីចាស់ទុំមាន។
៦. មានកម្រិតក្នុងការ Drama
មិនមែនជាមនុស្សស្រីដែលគ្មានរឿងអីសោះក៏ Drama ទាក់ទាញចំណាប់អារម្មណ៍ឡើយ។ អ្នកអាចបង្ហាញអារម្មណ៍ទៅកាន់មនុស្សជិតស្និទ្ធ តែមិនមែន Drama លើសង្គមអនឡាញ ឬនិយាយលើសពីការពិតនោះទេ។
៧. ចេះការពារខ្លួនក្នុងការដើរហើរម្នាក់ឯង
ទៅណាមកណាអ្នកអាចចេះរក្សាខ្លួន ហើយទៅដល់ទីណាក៏មិនជាបញ្ហា អ្នកអាចដើរទៅណាម្នាក់ឯងដោយភាពជឿជាក់។ លើសពីនេះអ្នកមានភាពវ័យឆ្លាតក្នុងការដោះស្រាយបញ្ហា មិនស្លន់ស្លោ។
៨. ចេះការងារក្នុងផ្ទះ
ទោះមិនចេះច្រើន តែអ្នកអាចធ្វើម្ហូបបានមួយញ៉ាំ ហើយចេះមើលថែសមាជិកក្នុងគ្រួសារ ឬ ក៏ខ្លួនឯងបានយ៉ាងល្អ។ អ្នកចេះបត់បែន ហើយសម្របខ្លួនពេលមានរឿងអីកើតឡើងក្នុងការចេញមុខការពារ មើលថែគ្រប់គ្នានៅជុំវិញអ្នក។
អ្នកអាចមើលទៅលើចំណុចទាំងនេះបាន ព្រោះយ៉ាងហោចណាស់វាបង្ហាញថាអ្នកមានភាពចាស់ទុំកម្រិតណា ហើយនៅខ្វះខាតត្រង់ចំណុចណាដើម្បីងាយស្រួលអភិវឌ្ឍចិត្តគំនិតបន្តទៀត។