បើអ្នកចង់មានជីវិតសាមញ្ញមួយដែលល្អនិងមានន័យ ដំបូងអ្នកត្រូវយកចិត្តទុកដាក់ចំពោះទម្លាប់តូចៗរបស់អ្នកជាមុនសិន។ បន្ថែមពីនេះ ពេលព្រឹកជាពេលមួយដែលល្អសម្រាប់អ្នកបង្កើតថ្ងៃដ៏អស្ចារ្យនៅក្នុងជីវិតអ្នក ដូចនេះបើសិនជាចង់ឲ្យខ្លួនឯងមានជីវិតមួយដែលល្អ អ្នកត្រូវកាត់ចោលទម្លាប់អាក្រក់ទាំង ៥ ដូចខាងក្រោមនេះ៖
១. ទម្លាប់ភ្ញាក់ពីគេងយឺត
ចំណុចនេះអាចស្តាប់ទៅដូចជាធម្មតា ប៉ុន្តែនៅពេលដែលអ្នកក្រោកពីគេងយឺត នោះអ្នកនឹងគ្មានពេលគិតគូសម្រាប់ខ្លួនអ្នកដើម្បីរៀបចំផែនការសម្រាប់ជីវិតប្រចាំថ្ងៃរបស់អ្នកនៅពេលព្រឹកឡើយ។ ម្យ៉ាងទៀត ត្រូវចាំថាពេលព្រឹកជាពេលដែលខួរក្បាលរបស់អ្នកស្រឡះល្អ ដូចនេះងាយស្រួលក្នុងការជួយទៅដល់ការគិតរហ័សរបស់អ្នកថែមទៀតផង។
២. ភ្ញាក់ពីគេងភ្លាមអូស Facebook ភ្លែត
ទម្លាប់មួយនេះគឺ ពិតជាអាចបំផ្លាញពេលព្រឹកដ៏ល្អរបស់អ្នកមែន ដោយវាអាចបង្កហានិភ័យដល់សុខភាពផ្លូវចិត្តរបស់អ្នកបាន នៅពេលដែលអ្នកមើលឃើញរឿងអ្វីដែលមិនល្អនៅក្នុងប្រពន្ធ័សង្គមរបស់អ្នក ព្រោះពេលព្រឹកខួរក្បាលរបស់អ្នកនិងចាប់យកសកម្មភាពដែលអ្នកបានឃើញ និងផ្តល់ជាការចងចាំពេញមួយថ្ងៃសម្រាប់អ្នក ប៉ុន្តែអ្នកអាចផ្តល់ភាពវិជ្ជមានសម្រាប់ខ្លួនអ្នកនៅពេលព្រឹកដោយប្តូរមកអានសៀវភៅ និង ធ្វើលំហាត់ប្រាណវិញ។
៣. រំលងអាហារពេលព្រឹក
អាហារពេលព្រឹក គឺសំខាន់ណាស់ អ្នកមិនគួររំលងនោះទេ ទោះបីជាអ្នករវល់ ឬ មិនឃ្លានក៏ដោយ យ៉ាងណាអ្នកក៏ត្រូវតែញ៉ាំបន្តិចដែរ ព្រោះអាហារពេលព្រឹកគឺសំខាន់សម្រាប់ក្រពះណាស់ ដូចនេះជាទម្លាប់មិនល្អឡើយដែលអ្នករំលងអាហារពេលព្រឹក។ លើសពីនេះ អាហារពេលព្រឹកក៏ជួយបង្កើនថាមពលសម្រាប់ការងារប្រចាំថ្ងៃរបស់អ្នកដែរ។
៤. មិនបើកបង្អួចក្នុងបន្ទប់
ពិតណាស់ដើម្បីទទួលបានពន្លឺបានមកពីធម្មជាតិ និងខ្យល់អាកាសបរិសុទ្ធនៅពេលព្រឹក អ្នកបើកបង្អួច និងវាំងននរបស់អ្នក នៅពេលអ្នកក្រោកពីគេង ហើយអនុញ្ញាតឱ្យមានពន្លឺ និងខ្យល់អាកាសចេញចូល។ សំខាន់ជាងនេះ នៅពេលដែលអ្នកទទួលអារម្មណ៍មានភាពជិតស្និទ្ធនឹងធម្មជាតិ គឺអាចធ្វើឱ្យបេះដូង និងគំនិតរបស់អ្នកអាចលូតលាស់កាន់តែលឿនដើម្បីផ្តល់ភាពវិជ្ជមានសម្រាប់ជីវិតរបស់អ្នក។
៥. ទម្លាប់ញ៉ាំកាហ្វេពេលភ្ញាក់ពីគេងភ្លាម
នៅពេលព្រឹកបន្ទាប់ពីអ្នកភ្ញាក់ពីគេង មិនគួរទទួលទានកាហ្វេនៅពេលព្រឹកពេកទេ ហេតុផលគឺថា ការផឹកកាហ្វេប៉ះពាល់ដល់កម្រិត cortisol របស់អ្នក ដែលជាសារធាតុជួយរក្សាថាមពលនៅក្នុងខ្លួនរបស់អ្នក។ លើសពីនេះ កាហ្វេអាចបង្កើនកម្រិត cortisol ហើយការកើនឡើងនៃ cortisol អាចនាំអោយមានការកើនឡើងជាតិស្ករក្នុងឈាម ប្រឈមបញ្ហានៃការគេង និងការផ្លាស់ប្តូរនៅក្នុងដំណើរការនៃប្រព័ន្ធភាពស៊ាំរបស់អ្នក មិនតែប៉ុណ្ណោះវាក៏បង្កើនការថប់បារម្ភ និង គិតច្រើនផងដែរ។
ព្យាយាមកែប្រែទម្លាប់មិនល្អនៅពេលព្រឹករបស់អ្នកដើម្បីឲ្យជីវិតរបស់អ្នកមើលទៅស្រស់ស្រាយ និង មានថាមពលក្នុងការរស់នៅ ព្រោះទម្លាប់ខ្លះមើលទៅសាមញ្ញទេ ប៉ុន្តែផ្តល់ឲ្យជីវិតរបស់អ្នកមើលទៅមិនសូវមានក្តីសុខនិងអស្ចារ្យឡើយ ដូចនេះកុំទុកយូរត្រូវរៀនកែប្រែពីឥឡូវនេះទៅ។