ទម្លាប់រៀនមិនល្អទាំង ៥ ដែលត្រូវជៀសវាងដើម្បីកុំឲ្យខាតពេលវេលា

Vachana-Website-Life-Carrier-Ad-6

ការមានទម្លាប់រៀនដោយខ្លួនឯង គឺជាការប្រសើរណាស់ សម្រាប់បន្ថែមចំណេះដឹងរបស់អ្នកបានមួយកម្រិតទៀត ប៉ុន្តែបើអ្នកអនុវត្តទម្លាប់នៃការរៀនរបស់អ្នកខុស នោះក៏មិនសូវទទួលបានលទ្ធផលល្អដែរ។ ខាងក្រោមនេះជាទម្លាប់រៀនគ្មានប្រយោជន៍មួយចំនួន ដែលធ្វើឲ្យអ្នកខ្ជះខ្ជាយពេលវេលាដោយមិនដឹងខ្លួន ដូចនេះត្រូវតែជៀសវាង ជាចាំបាច់ ៖ 

១. ការរៀនដោយគ្មានផែនការពិតប្រាកដ
នេះជាកំហុសនៃការរៀនរបស់អ្នក ដោយអ្នកមិនបានរៀបចំផែនការមួយឲ្យបានត្រឹមត្រូវសម្រាប់ខ្លួនឯង ដូច្នេះពេលខ្លះអ្នកមិនដឹងថាខ្លួនឯងត្រូវរៀនពីអ្វីក្នុងថ្ងៃនេះ។ ជាដំណោះស្រាយ អ្នកអាច រៀបចំ​ផែនការ​មួយឲ្យបានច្បាស់លាស់មុនពេលចូលគេង ឬក្រោយពេលក្រោកពីគេង កត់ចំណាំម៉ោងដែលអ្នកមានសម្រាប់ការសិក្សា និង កិច្ចការអ្វីដែលអ្នកត្រូវធ្វើបន្ទាប់ទៀត នៅថ្ងៃនេះ ឬថ្ងៃស្អែក ។
២. សិក្សាពេលកំពុងធ្វើសកម្មភាពផ្សេងៗ
កុំប្រើទូរស័ព្ទពេលកំពុងសិក្សា នេះ​ជា​ទម្លាប់​អាក្រក់​ចំពោះការរៀនរបស់អ្នក មិនតែប៉ុណ្ណោះ ការមើលទូរទស្សន៍ ជជែកជាមួយមិត្តភ័ក្តិ ឬញ៉ាំអាហារសម្រន់ពេលកំពុងសិក្សា ប្រហែលជាមើលទៅធម្មតាសម្រាប់អ្នក ប៉ុន្តែនេះជាអ្វីដែលអាចហៅថា ធ្វើសកម្មភាពច្រើនក្នុងពេលតែមួយ ដូចនេះ អ្នកមិនអាចផ្តោតអារម្មណ៍ និង យកចិត្តទុកដាក់លើការសិក្សានោះទេ។ ជំនួសមកវិញ បើសិនជាអ្នកមានអារម្មណ៍ចាប់ផ្តើមធុញពេលកំពុងសិក្សា អ្នកអាចអាចស្តាប់តន្ត្រី ឬ ចម្រៀង ដែលជួយបង្កើនការផ្តោតអារម្មណ៍របស់អ្នក និងធ្វើឱ្យអារម្មណ៍ក្នុងការសិក្សាបន្ថែមទៀត។
៣. សិក្សាលើគ្រែគេងប្រចាំថ្ងៃ
ការរៀនលើគ្រែ ជាទម្លាប់មិនល្អ ជំនួសឱ្យការប្រើតុសិក្សា និងកៅអី សិស្សជាច្រើនចូលចិត្តសិក្សាលើគ្រែគេងរបស់ខ្លួន ការសិក្សាលើគ្រែអាចមើលទៅធម្មតាសម្រាប់អ្នក ប៉ុន្តែមានគុណវិបត្តិជាច្រើនចំពោះវា ដូចជា អ្នក ឈឺក និងឈឺខ្នង និង ងងុយគេងជាដើម។ លើសពីនេះ ការធ្វើកិច្ចការផ្ទះ ឬការសិក្សាលើគ្រែអាចកាត់បន្ថយការផ្តោតអារម្មណ៍របស់អ្នកបាន ហើយ កាន់តែធ្វើឲ្យអ្នកខ្ជិលលើសដើម។
៤. សិក្សាច្រើនម៉ោងដោយមិនឈប់សម្រាក
ការសិក្សាដោយមិនឈប់សម្រាកពេលណាមួយនឹងមិនមានប្រយោជន៍សម្រាប់អ្នកទេ ព្រោះខួរក្បាលរបស់មិនបានឈប់សម្រាក ធ្វើឱ្យអ្នកមានអារម្មណ៍អស់កម្លាំង និងប៉ះពាល់ដល់សុខភាពរបស់អ្នកនៅពេលក្រោយ។ ម្យ៉ាងទៀត ការសម្រាកកំឡុងពេលសិក្សា ធ្វើឱ្យចិត្តរបស់អ្នកស្រស់ស្រាយ និង ធ្វើឲ្យអ្នកអាចរៀបចំសម្រាប់ការសិក្សាបន្ថែមនៅពេលអ្នកបាត់ហត់នឿយ។
៥. កុំពឹងផ្អែកលើគ្រូទាំងស្រុង
នៅពេលដែលអ្នករៀនពឹងផ្អែកលើគ្រូពេក ចំណេះដឹងរបស់អ្នកនឹងនៅមួយកន្លែង មិនរីកចម្រើននោះទេ។ ផ្ទុយមកវិញ ការរៀន និងការយល់ដឹងអំពីមេរៀន និង ធ្វើការស្រាវជ្រាវ ដោយខ្លួនឯង ជួយឱ្យខួរក្បាលរបស់អ្នកមានភាពមុតស្រួច និងធ្វើឲ្យអ្នកយល់ដឹងបានច្រើនជាងមុន ថែមទាំងអាចបង្កើនចំណេះដឹង និង ការចងចាំរបស់អ្នកទៀតផង។
ដូចដែលបាននិយាយរួចហើយនៅដើមដំបូង អ្នកបានធ្វើទម្លាប់រៀនមិនល្អជាច្រើន ដោយមិនដឹងខ្លួន ដែលមិនធ្វើឲ្យការសិក្សារបស់អ្នកប្រសើរឡើង និង ទទួលបានលទ្ធផលមិនល្អជារឿយៗ ដូចនេះទម្លាប់មិនល្អទាំង ៥ នេះ ត្រូវតែ​ឈប់​ធ្វើតាម​ចាប់ពីពេលនេះ​តទៅ​ ដើម្បីកុំឲ្យអ្នកខ្ជះខ្ជាយពេលវេលាដោយឥតប្រយោជន៍។
បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង