ភាពស្មោះត្រង់ និងទំនុកចិត្តគឺសំខាន់ណាស់ មិនថានៅក្នុងទំនាក់ទំនងណាមួយ

Vachana-Website-Life-Carrier-Ad-2

ភាពស្មោះត្រង់ គឺជារបស់មួយដែលគ្មានរូបរាង គ្មានពណ៌ គ្មានក្លិន ប៉ុន្តែវាមានតម្លៃណាស់សម្រាប់មនុស្សម្នាក់ៗ ក្នុងទំនាក់ទំនងណាមួយ។ ជាមួយគ្នានេះដែរ ទំនុកចិត្តគឺជាផ្នែកមួយដ៏សំខាន់នៅក្នុងជីវិតរស់នៅ ប្រសិនបើមនុស្សបាត់បង់ការជឿទុកចិត្តទៅលើរឿងអ្វីមួយហើយគឺពិបាកនឹងស្រោចស្រង់វិញបានណាស់។

មួយវិញទៀត នៅក្នុងទំំនាក់ទំនងស្នេហា ប្រសិនបើមនុស្សពីរនាក់គ្មានទំនុកចិត្តលើគ្នា គិតតែពីសង្ស័យនេះ សង្ស័យនោះគឺមិនអាចដើរផ្លូវជាមួយគ្នាបានឡើយ ហើយការរស់នៅនឹងមានតែភាពភ័យខ្លាចមិនចេះឈប់ឈរ។ ប៉ុន្តែបើដៃគូទាំងសងខាង មានភាពស្មោះត្រង់ចំពោះគ្នា មិនដែលបំផ្លាញទំនុកចិត្តគ្នាទេ ស្នេហានោះ ប្រាកដជាអាចស្ថិតស្ថេរ និង ទៅមុខដោយរលូន ដូចនេះទំនុកចិត្ត និង ភាពស្មោះត្រង់ គឺជារឿងសំខាន់ណាស់នៅក្នុងទំនាក់ទំនងស្នេហា។

ចំណែកឯ សម្រាប់មិត្តភាពវិញ ទំនុកចិត្តប្រៀបដូចជាចំណងមួយដែលចងឲ្យមានភាពស្និទ្ធស្នាលនៅក្នុងការរាប់អានគ្នា ព្រោះថាមិត្តភាពមួយ គ្មានភាពស្មោះត្រង់ និង មិនទុកចិត្តគ្នាទេ គឺមិនមែនហៅថាមិត្តពិតប្រាកដឡើយ។ មិត្តពិតគឺទុក ចិត្តគ្នា និង មានភាពស្មោះត្រង់ចំពោះគ្នាដើម្បី អាចចែករំលែករឿងផ្ទាល់ខ្លួនជាមួយគ្នាបាន ទោះជាសប្បាយឬកើតទុក្ខក៏ដោយ និង មិនថានៅក្នុងកាលៈទេសៈបែបណាក៏មិនអាចក្បត់ទំនុកចិត្តរវាងគ្នានិង គ្នាដែរ។ 

ចំពោះគ្រួសារ ភាពស្មោះត្រង់ និង ការជឿទុកចិត្ត គឺជារឿងចាំបាច់ដែលអ្នកមិនអាចប្រកែកបាន ព្រោះពេលខ្លះមានតែគ្រួសាររបស់អ្នកប៉ុណ្ណោះដែលស្រឡាញ់អ្នក និង ស្មោះត្រង់ជាមួយអ្នក។

ការផ្តល់ទំនុកចិត្តលើខ្លួនឯង និង ស្មោះត្រង់ជាមួយខ្លួនឯង ក៏ជារឿងសំខាន់ដែរ ព្រោះទោះបីជាពិភពលោកមួយនេះគ្មាននរណាជឿលើអ្នក គ្មានអ្នកណាស្មោះត្រង់នឹងអ្នក យ៉ាងហោចណាស់ក៏នៅមានខ្លួនឯងម្នាក់ដែរ។

សរុបមកវិញ ទំនុក និង ភាពស្មោះត្រង់ គឺជារបស់ ២ យ៉ាងដែលអ្នកត្រូវតែមាននៅក្នុងជីវិត មិនថាក្នុងទំនាក់ទំនងបែបណា ហើយវាតែងតែដើរតួរសំខាន់ជានិច្ចចំពោះមនុស្សម្នាក់ៗ ព្រោះវាជាចំនងចងឲ្យអ្នកមានតម្លៃនៅក្នុងខ្លួន  ហើយអាចឲ្យមនុស្សនៅជាមួយអ្នកដោយសប្បាយរីករាយ ដោយគ្មានក្តីបារម្ភ និងការភ័យខ្លាច ទាំងផ្លូវកាយ និង ផ្លូវចិត្ត។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង