រឿង ៥យ៉ាង ដែលអ្នកគួររៀនធ្វើដោយខ្លួនឯង ទោះខ្លួនជាមនុស្សស្រីក៏ដោយ

Life-&-Carrier-Ad

ជាការពិត បើទោះបីជាកើតមកជាមនុស្សស្រី ដែលជាភេទទន់ខ្សោយជាងមនុស្សប្រុសក៏ពិតមែន តែមិនមែនមានន័យថា មនុស្សស្រីសុទ្ធតែត្រូវការមនុស្សប្រុសគ្រប់ពេលនោះទេ ពួកគេក៏អាចធ្វើរឿងខ្លះដោយខ្លួនឯង ដោយមិនចាំបាច់ពឹងលើមនុស្សប្រុសដែរ ហើយប៉ុន្មានចំណុចខាងក្រោមនេះ​ គឺជាអ្វី ដែលអ្នកគួរតែរៀនធ្វើវាបើមិនធ្លាប់បានសាកល្បង។

១. រៀនធ្វើការសម្រេចចិត្តលើរឿងអ្វីមួយ

ត្រូវចាំថា នេះជាជីវិតរបស់អ្នក ដូច្នេះអ្នកគួរតែរៀនចេះធ្វើការសម្រេចចិត្តក្នុងរឿងណាមួយដោយខ្លួនឯង កុំស្តាប់តាមតែសម្តីអ្នកដទៃខ្លាំងពេក ព្រោះមិនថាអ្នកសម្រេចចិត្តខុសរឺត្រូវ យ៉ាងណាក៏វាជាការសម្រេចចិត្តរបស់អ្នក ល្អជាជាងស្ដាប់តាមតែអ្នកដទៃ ហើយធ្វើការសម្រេចចិត្តខុស។

២. រៀនទៅណាមកណាម្នាក់ឯង

មនុស្សគ្រប់គ្នា គួរតែរៀនទៅណាមកណាម្នាក់ឯង បើទោះបីជាអ្នកមានសង្សារចាំជូនទៅណាមកណាក៏ដោយ ក៏មិនប្រាកដថាសង្សារអ្នកមានពេលគ្រប់គ្រាន់ ក្នុងការដែលចាំជូនអ្នកដែរ ដូច្នេះហើយបានជាអ្នកគួរតែរៀនៅណាមកណាម្នាក់ឯង ដំបូងវានឹងពិបាក តែយូរទៅអ្នកអាចនឹងសប្បាយចិត្តនឹងការចំណាយពេល នៅជាមួយខ្លួនឯងក៏ថាបាន។

៣. រៀនចេញទៅញុំាអាហារឆ្ងាញ់ៗតែម្នាក់ឯង កុំចាំតែមានគ្នារឺគេជូនទៅ

ការរៀនទៅញ៉ាំអាហារឆ្ងាញ់ៗម្នាក់ឯង មិនមែនជារឿងពិបាកនោះទេ ម៉្យាងការចំណាយពេលញ៉ាំអាហារឆ្ងាញ់ៗជាមួយខ្លួនឯង វាក៏ផ្តល់បទពិសោធន៍ជីវិតឲ្យអ្នកបានដឹងថា ទោះអនាគតទៅអ្នកគ្មានអ្នកណានៅជិត ក៏អ្នកមិនពិបាក ក៏អ្នកនៅតែអាចរីករាយជាមួយខ្លួនឯងបាន។

៤. រៀនចូលក្នុងសង្គម

សម័យនេះ មានមនុស្សស្រីមិនច្រើនទេ ដែលមានភាពក្លាហានចូលក្នុងសង្គមមនុស្សបាន ដូច្នេះអ្នកគួរតែមានសេចក្តីក្លាហានក្នុងការប្រឡូកចូលក្នុងសង្គមមនុស្សខ្លះ ព្រោះការចូលក្នុងសង្គមមនុស្សកាន់តែច្រើន វានឹងធ្វើឲ្យអ្នកបានយល់ដឹងនូវរឿងកាន់តែច្រើន។

៥. រៀនទិញកាដូជូនខ្លួនឯង

មិនថាមានមនុស្សស្រលាញ់អ្នកច្រើនប៉ុណ្ណាក៏ដោយ ក៏អ្នកគួរតែចេះស្រលាញ់ខ្លួនឯងឲ្យបានច្រើន ព្រោះមិនប្រាកដថាថ្ងៃក្រោយទៅពួកគេនឹងស្រលាញ់អ្នករហូតនោះទេ ដូច្នេះត្រូវរៀនស្រឡាញ់ រៀនទិញកាដូជូនខ្លួនឯង ដើម្បីលើកទឹកចិត្តខ្លួនឯងខ្លះ កុំរំពឹងចាំតែឲ្យគេទិញឲ្យ។

ដូចដែលបានរៀបរាប់ខាងលើ សម្រាប់មនុស្សស្រីគ្រប់រូប ត្រូវចាំថាខ្លួនក៏មានសមត្ថភាព អាចធ្វើរឿងជាច្រើនដោយខ្លួនឯងបាន ដូច្នេះកុំទោរទន់ រឺពឹងផ្អែកទៅលើមនុស្សប្រុសខ្លាំងពេក បើទោះជារឿងខ្លះអ្នកមិនចេះរឺមិនធ្លាប់ អ្នកក៏គួរតែរៀនធ្វើវាដោយខ្លួនឯង ព្រោះគ្មានអ្នកណាចាំតែមកជួយអ្នកគ្រប់ពេលនោះទេ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង